ត្រីនាំសារគ្រោះរញ្ជួយដីពីបាតសមុទ្រប្រវែងជាង២ម៉ែត្រ បង្ហាញខ្លួនក្នុងប្រទេសវៀតណាម...
Heang
-

វៀតណាម៖ ត្រីនាំសារគ្រោះរញ្ជួយដី រឺហៅម្យ៉ាងទៀតថា oarfish ពីបាតសមុទ្រប្រវែងជាង២ម៉ែត្រត្រូវបានពលរដ្ឋនេសាទវៀតណាមរកឃើញនៅក្នុងស្រុក Ninh Hai ខេត្ត Ninh Thuan ប្រទេសវៀតណាម ។ តាមវីដេអូដែលថតបានដោយពលរដ្ឋនេសាទវៀតណាមបានឃើញសភាពត្រី oarfish ដែលបានដាច់កន្ទុយនៅលើច្រាំងសមុទ្រមួយក្នុងខេត្ត Ninh Thuan នៃប្រទេសវៀតណាម ភ្លាមៗក្រោយប្រទះឃើញត្រីមួយនេះក្រុមនេសាទវៀតណាមក៏បានប្រលែងត្រីនាំសារពីគ្រោះរញ្ជួយដីត្រឡប់ចូលទៅសមុទ្រវិញ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយវៀតណាមត្រីសញ្ញាអាក្រក់មួយនេះត្រូវបានរកឃើញកាលពីព្រឹកថ្ងៃទី ១៨ ឧសភា តាមប្រជានេសាទវៀតណាមលោក ចូវ បានអះអាងថាត្រីនេះមានប្រវែងជិត ២ម៉ែត្រ ហើយរកឃើញដោយកន្ទុយត្រីបានបាក់។ លោក ចូវ បានបន្តទៀតថាបាតុភូតត្រីអណ្តែតនាំសារពីបាតសមុទ្រនេះនៅលើច្រាំងក្នុងភូមិមិនធ្លាប់មានពីមុនមកទេ ព្រោះត្រីប្រភេទនេះកម្រណាស់ ហើយភាគច្រើនរស់នៅក្នុងសមុទ្រជ្រៅ។

គួរបញ្ជាក់ថាត្រីប្រភេទនេះនៅក្នុងវប្បធម៌ប្រជាជនជប៉ុនត្រូវបានគេជឿជាក់ថាជាប្រភេទត្រីនាំសារគ្រោះរញ្ជួយដីពីបាតសមុទ្រ ហើយហើយនៅពេលវាឡើងមកដល់លើគោកជាសញ្ញានៃការរញ្ជួយដី ឬរលកយក្សស៊ូណាមិដែលអាចនឹងខិតជិតមកដល់។ ទោះជាយ៉ាងណាក៏ដោយ មិនមានភស្តុតាងវិទ្យាសាស្ត្រដើម្បីបញ្ជាក់អំពីអបិយជំនឿលើរឿងនេះទេ។

Oarfish ជាធម្មតាពួកវារស់នៅក្នុងកម្រិតទឹកជ្រៅមហាសមុទ្រចាប់ពី ២០០ ម៉ែត្រទៅ ១០០០ ម៉ែត្រ ជម្រករបស់ពួកគេគឺជារស់នៅកន្លែងងងឹត ដែលពន្លឺព្រះអាទិត្យស្ទើរតែមិនអាចទៅដល់បាន។ ក្នុងឆ្នាំ ២០១១ មុនពេលការរញ្ជួយដី Fukushima ដែលបានសម្លាប់មនុស្សជាង ២ម៉ឺននាក់ និងរលកយក្សស៊ូណាមិក្នុងប្រទេសជប៉ុន ត្រី Oarfish ជាច្រើនត្រូវបានគេរាយការណ៍ថាបានបោកបក់មកច្រាំងនៅលើច្រាំងជប៉ុន។ ព្រឹត្ដិការណ៍នេះបានជំរុញឱ្យមានជំនឿដែលមានឫសគល់នៅក្នុងរឿងព្រេងរបស់ជនជាតិជប៉ុនថា oarfish គឺជាប្រផ្នូលនៃការរញ្ជួយដីនិងរលកយក្សស៊ូណាមិដែលជិតមកដល់៕ ដកស្រង់( ស៊ីស៊ីថាមស៍ )