សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចូលរួមរំលែកមរណទុក្ខក្រុមគ្រួសារសពដែលស្លា.ប់ដោយរថយន្តបុករះនៅខណ្ឌចំការមន...
Heang
-

កក្រក ៖ នៅថ្ងៃសៅរ៍ ទី១៧ ខែ ឧសភាឆ្នាំ ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់លោកវេជ្ជ. អ៊ុយ សំអុន នាយក នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ និងសហការី ដោយមានការចូលរួមពីអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យ ចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារសពឈ្មោះ រៀន សុភឿន អាយុ ៤៩ឆ្នាំ ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករះនៅជិតក្រសួងមហាផ្ទៃ ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី១៥ ខែឧសភា ២០២៥ ដល់លំនៅដ្ឋានផ្ទាល់ក្នុងសហគមន៍ត្រពាំងអញ្ចាញ៦ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ។

ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំសោកសង្រេងនេះ លោកវេជ្ជ. អ៊ុយ សំអុន បានមានប្រសាសន៍ថា ៖ ការមកចូលរួមរំលែកមរណទុក្ខនៅពេលនេះគឺធ្វើឡើងបន្ទាប់ពីទទួលបានព័ត៌មានដ៏រន្ធត់ និងសោកសង្រេងនេះភ្លាម សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់រូបលោកមកចូលរួមផ្ទាល់ ដោយនាំយកថវិកាចំនួន ៥ លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ព្រមជាមួយនូវប្រសាសន៍ផ្តាំផ្ញើរំលែកទុក្ខដ៏ក្រៀមក្រំ និងសោកស្តាយជាទីបំផុតជាមួយក្រុមគ្រួសារសពដែលបានបាត់បង់ប្តី ឪពុកជាទីគោរពស្រលាញ់ ជាអ្នកទ្រទ្រង់ដ៏សំខាន់ក្នុងជីវភាព និងការរស់នៅប្រចាំថ្ងៃ ដ៏សោកសង្រេង និងខ្លោចផ្សាជាទីបំផុត និងសូមបួងសួងដល់វិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

អ្នកស្រី ធី ណារ៉េន អាយុ៤៨ ជាភរិយានៃសព និងក្រុមគ្រួសារ បានគោរពថ្លែងអំណរគុណ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានចាត់មន្ត្រីមកចូលរួមរំលែកមរណទុក្ខក្នុងខណៈកំពុងរងទុក្ខដ៏សោកសៅ ព្រមជាមួយថវិកា និងគ្រឿងឧបភោគបរិភោគមួយចំនួននាពេលនេះ និងអរគុណដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌពោធិ៍សែនជ័យថវិកា ១លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួន ហើយសម្រាប់ថវិកានិងគ្រឿងឧបភោគបរិភោគទាំងនេះ យើងខ្ញុំនឹងយកទៅរៀបចំធ្វើបុណ្យ៧ថ្ងៃឱ្យបានសមរម្យផងដែរ។ ជាថ្មីម្តងទៀត សូមគោរពជូនពរសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អបរិបូណ៌ កម្លាំងពលំមាំមួន និងជន្មាយុយឺនយូរ ដើម្បីបន្តផ្តល់ក្តីសង្ឃឹម និងភាពកក់ក្តៅដល់ប្រជាជនកម្ពុជាជារៀងរហូតតទៅ៕