លទ្ធផលព្រះរាជពិធីច្រត់ព្រះនង្គ័ល ក្នុងឆ្នាំ២០២៥នេះ គោឧសភរាជ បរិភោគ ស្រូវ ពោត និងសណ្ដែក យ៉ាងសន្ធឹកសន្ធប់គួរជាទីត្រេកអរ...
Heang
-

(កំពង់ឆ្នាំង)៖ យោងតាមការផ្សងដោយផ្អែកលើការបរិភោគរបស់គោ​ឧស​ភ​រាជបានបង្ហាញថា នៅឆ្នាំនេះ ស្រូវ ពោត និងសណ្តែកទទួលបានផលល្អ​ប្រសើរ។

បន្ទាប់ពីបានច្រត់ព្រះនង្គ័ល៣ជុំរួចហើយនោះ ព្រាហ្មណ៍ព្រះរាជគ្រូ បាន​សូត្រពាក្យអធិដ្ឋានផ្សងគោឧសភរាជ ដែលទឹមច្រត់ព្រះនង្គ័លនោះ ឱ្យ​បរិ​ភោគអាហារ ៧យ៉ាង ដែលភ្នាក់ងាររៀបដាក់តុ ប្រាក់ធំៗតាំងទុក​នៅទីមុខ​ព្រះពន្លា គឺគ្រាប់ស្រូវ១តុ គ្រាប់សណ្ដែត១តុ គ្រាប់ពោត១តុ គ្រាប់ល្ង១តុ ស្មៅស្រស់១តុ ទឹក១តុ ស្រា១តុ ។

តាមព្រះរាជបវេណីរបស់ខ្មែរក្រោយសូត្រពាក្យអធិដ្ឋានចប់ ព្រាហ្មណ៍​ព្រះ​រាជគ្រូ យកទឹកមន្តបោះក្បាលព្រះគោទាំងពីរ ហើយមន្ត្រីមួយរូប ដែល​កាន់​នង្គ័លស្តេចមាឃ ដឹកគោឧសភរាជទាំងពីរទៅឱ្យបរិភោគរបស់ទាំង៧​យ៉ាង។ ដឹកទៅជិតរបស់៧យ៉ាងស្រេចហើយ គោឧសភរាជចូលចិត្ត​បរិ​ភោគ អ្វីក៏បរិភោគទៅ គេមិនបង្ខំឱ្យបរិភោគចំពោះអាហារណានីមួយៗទេ កាលព្រះគោ បរិភោគអ្វីមួយយ៉ាង ឬពីរយ៉ាង ព្រាហ្មណ៍ក៏ទាយផល​ប្រផ្នូលទៅខាងមុខតាមនោះ។

ឯទំនាយមិនជាការប្រាកដប៉ុន្មានទេ គឺថាបើព្រះគោបរិភោគអ្វី ក៏ទាយថា ក្នុងឆ្នាំនេះ៖ របស់នោះសម្បូរប្លែក តែបើបរិភោគក្តៅទាយថា នឹងកើត​ជំងឺ​គោ បើបរិភោគស្រានឹងកើតមនុស្សពាល ចោរលួច ចោរប្លន់ជាច្រើន។

ក្នុងព្រះរាជពិធីនាព្រឹកនេះ គោឧសភរាជបរិភោគ ស្រូវ៩៥ភាគរយ ពោត ៩៥ភាគរយ និងសណ្តែក ៨០ភាគរយ។ តាមការបរិភោគនេះ បង្ហាញថា ឆ្នាំម្សាញ់នេះ ស្រូវ ពោត និងសណ្តែកទទួលបានផលល្អប្រសើរ៕