ការិយាល័យរបស់នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃអាទិត្យ ១៨ ឧសភា អ៊ីស្រាអែលនឹងបន្ធូរបន្ថយការបិទផ្លូវរបស់ខ្លួន និងអនុញ្ញាតមានការដឹកស្បៀងអាហារចូលដែនដីហ្កាហ្សាក្នុងចំនួនមានកំណត់ បន្ទាប់ពីយោធាបានប្រកាសថា ខ្លួនបានចាប់ផ្តើមប្រតិបត្តិការថ្មើរជើងដ៏ទូលំទូលាយនៅតំបន់ភាគខាងជើង និងភាគខាងត្បូងនៃតំបន់មួយនេះ។

ដោយកំពុងប្រឈមទៅនឹងសម្ពាធកាន់តែខ្លាំងលើការបិទជំនួយចាប់តាំងពីខែមីនា និងហានិភ័យនៃគ្រោះទុរ្ភិក្ស អ៊ីស្រាអែលបានបង្កើនយុទ្ធនាការរបស់ខ្លួននៅតំបន់ហ្កាហ្សា ជាទីដែលក្រុមមន្ត្រីសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា មនុស្សរាប់រយនាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារកាលពីសប្តាហ៍មុន ក្នុងនោះ ១៣០ នាក់បានស្លាប់ក្នុងពេលវាយប្រហារតាមអាកាសទាំងយប់ជ្រៅ។

ការិយាល័យរបស់លោក Netanyahu បាននិយាយថា អ៊ីស្រាអែលនឹងអនុញ្ញាតឱ្យមានស្បៀងអាហារជាមូលដ្ឋានសម្រាប់ប្រជាជន ដើម្បីធានាថាវិបត្តិអត់ឃ្លានមិនកើតឡើងនៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ។
អ៊ីស្រាអែល បានធ្វើសេចក្តីប្រកាសរបស់ខ្លួនបែបនេះ បន្ទាប់ពីប្រភពពីភាគីទាំងពីរបាននិយាយថា ពុំមានការរីកចម្រើននៅក្នុងជុំថ្មីនៃកិច្ចចរចាដោយប្រយោលរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសក្នុងប្រទេសកាតានោះទេ។

លោក Netanyahu បាននិយាយថា កិច្ចពិភាក្សានានា រួមមានការពិភាក្សាស្តីពីបទឈប់បាញ់ និងកិច្ចព្រមព្រៀងចំណាប់ខ្មាំង ក៏ដូចជាសំណើដើម្បីបញ្ចប់សង្រ្គាមជាថ្នូរនឹងការនិរទេសក្រុមសកម្មប្រយុទ្ធហាម៉ាស និងការរំសាយកងទ័ព ក្នុងតំបន់រងការឡោមព័ទ្ធមួយនេះ ដែលកន្លងមក ក្រុមហាម៉ាស បានបដិសេធ៕ ប្រភព៖ BAYON Radio News