ករណី​រថយ​ន្ដដឹកកម្មករជួបគ្រោះថ្នាក់ចរាចរ​ណ៍​​ ក្រឡាប់បណ្តាលអោយកម្មកររងរបួសច្រើននាក់កាលពីយប់មិញ ដឹងមូលហេតុហើយមកពី...
Heang
-

កំពង់ស្ពឺ​៖​ នៅយប់ថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំម្សា​ញ់ សប្តស័ក ព.ស​. ២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែឧស​ភា ឆ្នាំ២០២៥​ វេលាម៉ោង​ ២០:១៥​នា​ទី​ មានករណី​រថយ​ន្ដដឹកកម្មករជួបគ្រោះថ្នាក់ចរាចរ​ណ៍​​ ក្រឡាប់នៅចំណុ​ច​ផ្លូវលំ ភូមិអណ្ដូងច្រុះ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បណ្ដាលឲ្យកម្មកររងរបួស​ធ្ងន់ស្រាល​ ៥នាក់​ ។

យោងតាមមន្រ្ដីនគរបាលចរាចរណ៍​ នៃអធិការ​ដ្ឋាន​នគរបាល​ស្រុក​គងពិសី​ ដែលបានចុះទៅកាន់កន្លែងកេីតហេតុបានអោយដឹងថា៖​ មូលហេតុ​រថយន្ដក្រឡា​ប់ចាក់ចោលកម្មករ​ បណ្ដាល​មកពីបច្ចេកទេសយាន​យន្ដ​ រថយន្ដដាច់រ៉ូទីល​ ។

រថយន្ដដឹកកកម្មកររោងចក្រខាងលេីផ្ទុកអ្នកដំ​ណេីរសរុប​ ៣៥នាក់​ រថយន្ដ​ម៉ាក HYUNDAI ពណ៌ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 2A-3687 អ្នកបើកបរឈ្មោះ​ វ៉ែន ឆឹក ភេទប្រុស អា​យុ៣០ឆ្នាំ រស់នៅភូមិព្រៃឃ្លេ ឃុំពោធិ៍ម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។

មុនកេីតហេតុ​ រថយន្ដបើកមកពីទិ​សខាងលិច​ រួចបន្ដឆ្ពោះទៅទិសខាងកើត លុះមកដល់ចំណុចកើត​ហេតុរថយន្ដ​បានជួបបញ្ហាបច្ចេក​ទេស​ ដាច់រ៉ូទីល​ រួចបានរេចង្កូតនាំរថយន្ដធ្លាក់ចូលស្រែ​ បណ្ដាលឲ្យក្រឡាប់រថ​យន្ដតែម្ដង​ ។

ក្រោយហេតុការណ៍កម្មករដែលរងរបួសត្រូវបានស​ម​ត្ថកិច្ចនគរបា​លធ្វេីការបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុ​កគងពិសី​ ដេីម្បីជួយសង្រ្គោះ​និងព្យាបាលភ្លាមៗ​ រីឯអ្នកបេីកបររថយន្ដសមត្ថកិច្ចបានអញ្ជេីញមកកាន់អ​ធិ​កា​រដ្ឋាននគរបាលស្រុកគងពិសី​ ផ្នែកសណ្ដាប់ធ្នាប់​ធ្វេីកា​រសាកសួរជុំវិញស្ថានការណ៍ដែលនាំអោយមានការក្រឡាប់រថយន្ដខាងលេី​៕