នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានអញ្ជើញបុរសឈ្មោះ សុវណ្ណ ពិសិដ្ឋ ដែលបានសម្ភាសន៍ជាមួយសារព័ត៌មាន ដោយចោទទៅលើសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ ប្រើអំពើហិ..ង្សាលើខ្លួន នៅចំណុចខាងមុខវត្តមង្គត់បូរី ស្ថិតនៅភូមិបូរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ កាលពីយប់ថ្ងៃទីទី១៩ ខែឧសភា ឆ្នាំ២០២៥ បានមកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីបំភ្លឺសួរនាំជុំវិញករណីខាងលើខណៈមន្រ្តីនគរបាលដែលរងការចោទប្រកាន់ក៏មានវត្តមានដើម្បីធ្វើការបំភ្លឺផងដែរ។

បន្ទាប់ពីសួរនាំរួច សមត្ថកិច្ចពិនិត្យណែនាំពីកិច្ចការងាររបស់កងកម្លាំងសមត្ថកិច្ចដែលធ្វើការល្បាតត្រួតពិនិត្យដើម្បីការពារសន្តិសុខ និងបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទក្នុងមូលដ្ឋាន ហើយអ្វីដែលសមត្ថកិច្ចកំពុងបំពេញភារកិច្ចមានការសង្ស័យគឺសមត្ថកិច្ចត្រូវតែត្រួតពិនិត្យសួរនាំ អនុវត្តតាមវិជ្ជាជីវៈរបស់កងនគរបាលជាតិត្រឹមត្រូវ។
បន្ទាប់មកភាគីបុរសខាងលើ និងសមត្ថកិច្ចដែលរងការចោទប្រកាន់ ក៏បានយល់គ្នាហើយបានសម្របសម្រួលដោះស្រាយ ព្រោះករណីនេះជាការយល់ច្រឡំប៉ុណ្ណោះ៕



