គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុករថយន្តនៅខេត្តប៉ៃលិន ត្រូវបានដោះស្រាយបញ្ចប់ជាស្ថាពរ ក្រោមការសម្របសម្រួលពីសំណាក់អភិបាលខេត្ត...
Heang
-

(ប៉ៃលិន)៖ នៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ លោកស្រីបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានជួបជាមួយភាគីទាំងសងខាង ដើម្បីសម្របសម្រួលគ្នាដោះស្រាយបញ្ចប់ទំនាស់នៅក្រៅប្រព័ន្ធតុលាការ ដោយករណី គ្រោះថ្នាក់ចរាចរណ៍នេះ មន្រ្តីជំនាញចរាចរណ៍ផ្លូវគោកខេត្ត បានឱ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ចំនួន ៣លើក ដោយភាគីខាងរថយន្តរងគ្រោះបានជួយចូលបច្ច័យបុណ្យសព ទៅភាគីខាងម៉ូតូបង្កចំនួន ៤លានរៀល ហើយបងប្អូនសាច់ញាតិខាងម៉ូតូបង្ក បានយល់ព្រមផ្តិតមេដៃ តែក្រោយមកក៏មិនយល់ព្រមវិញ ដោយទាមទារសំណងទឹកប្រាក់ចំនួន ៥០០០ដុល្លារ ទើបយល់ព្រមបញ្ចប់រឿង។

ដោយភាគីទាំងពីរសម្រុះសម្រួលគ្នាមិនបាន មន្រ្តីជំនាញចរាចរណ៍ផ្លូវគោកខេត្ត ក៏រៀបចំឯកសារកសាងសំណុំរឿងបម្រុងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥ ដែលជាថ្ងៃចុងសប្តាហ៌ មិនទាន់មានចំណាត់ការនៅឡើយ។

រហូតមកដល់ថ្ងៃនេះ ក្រោមការសម្របសម្រួលពីសំណាក់អភិបាលខេត្ត ដោយអនុវត្តន៍តាមយុទ្ធសាស្រ្តសម្តេចតេជោ គឺនយោបាយឈ្នះឈ្នះទាំងអស់គ្នា ភាគីម៉ូតូ និងរថយន្ត តាក់ស៊ី បានឯកភាព និងស្រុះស្រួលគ្នា បញ្ចប់បញ្ហា ជាស្ថាពរត្រឹមនេះ ដោយមិនមានការប្តឹងផ្តល់គ្នាបន្តទៀតនោះទេ ព្រមទាំងស្រលាញ់រាប់គ្នាជាបងប្អូន ក្នុងមហាគ្រួសារខ្មែរ ក្រោមម្លប់សន្តិភាព ហើយក្នុងនោះលោកស្រីបណ្ឌិតអភិបាលខេត្ត ក៏បានឧបត្ថម្ភថវិកាដល់ភាគីម៉ូតូចំនួន ៤លានរៀល និងភាគីរថយន្តចំនួន៤លានរៀលផងដែរ។

នៅក្នុងឱកាសនោះផងដែរ លោកស្រីបណ្ឌិតអភិបាលខេត្ត បានកោតសសើរមន្រ្តីជំនាញចរាចរណ៍ផ្លូវគោកខេត្ត ដែលបានអនុវត្តន៍ការងារទៅតាមតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ និងបានសំណូមពរដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមបញ្ឃប់ការវែកញែករកខុសត្រូវបន្តទៀត និងសូមកុំប្រកាន់ជេរវាយប្រហារលើក្រុមគ្រួសារសពបង្កហេតុ ហើយយើងទាំងអស់គ្នាត្រូវមានជំហរជឿជាក់លើច្បាប់ប្រទេសយើង ជាពិសេសត្រូវជឿជាក់ លើការ ដឹកនាំ របស់ប្រមុខរាជរដ្ឋាភិបាលដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី។

សូមរំលឹកថា កាលពីវេលាម៉ោង ១៧៖១៣នាទី ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៥ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូ និងរថយន្ត ដែលកំពុងបើកបរបញ្ច្រាស់ទិសគ្នា លើដងផ្លូវជាតិលេខ៥៧ ស្ថិតក្នុងសង្កាត់ អូរតាវ៉ៅ ក្រុងប៉ៃលិន បណ្ដាលឱ្យមនុស្សម្នាក់បាត់បង់អាយុជីវិត នៅនឹងកន្លែងកើតហេតុ ហើយចំពោះករណីនេះ មន្រ្តីជំនាញចរាចរណ៍ផ្លូវគោកខេត្ត បានធ្វើការវាស់វែងឃើញថា ភាគីម៉ូតូ ជាអ្នកបង្ក ដោយឡើងវ៉ារថយន្តដែលកំពុងបើកបរ ទិសដៅស្របគ្នា ទៅបុករថយន្តដែលកំពុងបើកបរបញ្ច្រាស់ទិស (លើផ្លូវអាទិភាពរបស់រថយន្ត)៕ ដកស្រង់ពី ៖ ស៊ន សុភក្រ្ត-Sorn Sopheak