រថយន្ដដឹកទំនិញរបស់ថៃ ប្រហែល ៣០គ្រឿង បានសន្ទះកកកុញ នៅច្រកព្រំដែនអន្តរជាតិ ហាតឡេក នៅក្នុងស្រុកខ្លងយ៉ៃ ក្រោយរាជរដ្ឋាភិបាលកម្ពុជា សម្រេចហាមឃាត់ការនាំចូល...
Heang
-

ថៃ ៖ កាសែតបាងកកប៉ុស្ដិ៍បានរាយការណ៍នៅថ្ងៃអង្គារនេះថា រថយន្ដដឹកទំនិញរបស់ថៃ ប្រហែល ៣០គ្រឿង បានសន្ទះកកកុញ នៅច្រកព្រំដែនអន្តរជាតិ ហាតឡេក នៅក្នុងស្រុកខ្លងយ៉ៃ ខេត្តត្រាត ប្រទេសថៃ បន្ទាប់ពី រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចហាមឃាត់ការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ ចូលគ្រប់ច្រកព្រំដែនទាំងអស់ដែលមានជាមួយកម្ពុជា។ 

គួរបញ្ជាក់ផងដែរថា ចំពោះការហាមឃាត់ការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃ ចូលគ្រប់ច្រកព្រំដែនទាំងអស់ដែលមានជាមួយកម្ពុជានេះ  គឺដើម្បីជាការឆ្លើយតប និងអនុវត្តនូវបទបញ្ជាម៉ឺងមាត់របស់ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ទៅកាន់ក្រុមយោធាថៃ ក្រោយស្ថានភាពតាងតឹងដាក់គ្នាលើបញ្ហាព្រំដែន។

សូមជម្រាបថា តាមរយៈថ្លែងសារពិសេស ចេញពីវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបញ្ជាក់អំពីវិធានការឆ្លើយតបរបស់កម្ពុជា ដោយកំណត់ពេលត្រឹម២៤ម៉ោង បើសិនក្រុមយោធាថៃ មិនព្រមបើកច្រកទ្វារព្រំដែនឲ្យដំណើរការ ប្រក្រតីទេនោះ កម្ពុជានឹងហាមឃាត់ការនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រភេទរបស់ថៃតែម្ដង។

ឱសានវាទ២៤ម៉ោងដល់ពេលកំណត់ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះ នៅតាមច្រកទ្វារព្រំដែនទាំងអស់របស់កម្ពុជា បានបិទចោលទាំងស្រុងនូវការនាំចូលបន្លែ និងផ្លែឈើគ្រប់ប្រភេទ ដែលនាំពីប្រទេសថៃ ចូលមកក្នុងប្រទេសកម្ពុជា៕