(បន្ទាយមានជ័យ)៖ ក្រុមយោធាថៃ បានដាក់ចេញវិធានការពង្រឹងបន្ថែមទៅលើពលរដ្ឋរបស់ខ្លួន ដោយមិនអនុញ្ញាតឲ្យចូលមកបម្រើការងារប្រចាំថ្ងៃ នៅកម្ពុជា តាមច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែតនោះឡើយ ចាប់ពីព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥នេះតទៅ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា យោធាថៃបានរឹតបន្តឹងលើប្រជាពលរដ្ឋខ្លួន ចំពោះអ្នកមានហាងលក់ដូរ និងមានលិខិតបញ្ជាក់ច្បាស់លាស់នៅកម្ពុជាគេឲ្យចូល (ព្រឹកនេះថៃចូលបានចំនួន៣៩នាក់) ប៉ុន្តែចំពោះអ្នកចូលមកធ្វើការគេហាមឃាត់មិនឲ្យចូលនោះទេ។

យោងតាមប្រភពព័ត៌មានផ្សេងទៀត បានអះអាងថា មេយោធាថៃ បានត្រួតពិនិត្យព្រំដែនកម្រិតខ្ពស់ ចំពោះនៅខេត្តស្រះកែវ ដូចជា ហាមជនជាតិថៃគ្រប់ប្រភេទ ដែលជាបុគ្គលិកបើកល្បែងស៊ីសង កាស៊ីណូ ឬកន្លែងកម្សាន្តក្នុងក្រុងប៉ោយប៉ែត មិនឲ្យធ្វើដំណើរចេញពីប្រទេសតាមច្រកព្រំដែនក្នុងខេត្តស្រះកែវ៕ ប្រភព៖ Fresh News