ដំណឹងល្អ ! បណ្តឹងរបស់កម្ពុជា ក្នុងវិវាទព្រំដែនជាមួយថៃ បានដល់តុលាការយុត្តិធម៌អន្តរជាតិ ICJ ហើយ
Heang
-

(ភ្នំពេញ)៖ បណ្តឹងរបស់កម្បុជាលើវិវាទព្រំដែនជាមួយប្រទេសថៃ បានទៅដល់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ ប្រទេសហូឡង់ហើយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់តាមបណ្តាញសង្គមថា នៅថ្ងៃចន្ទ ទី១៦ មិថុនា ២០២៥ វេលាម៉ោង ១១៖៣០នាទីព្រឹក ម៉ោងនៅទីក្រុងឡាអេ ត្រូវនឹងម៉ោង ៤៖៣០នាទីល្ងាច ម៉ោងនៅរាជធានីភ្នំពេញ លិខិតផ្លូវការរបស់កម្ពុជាទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដើម្បីជួយស្វែងរកដំណោះស្រាយបញ្ហា​វិវាទព្រំដែននៅតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ត្រូវបានលោកស្រី ស្រេង ធីតា ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហូឡង់ ប្រគល់ដោយផ្ទាល់ដៃជូនលោកក្រឡាបញ្ជី Philippe Gautier នៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ)។

សម្តេចមហាបវរធិបតី បានបញ្ជាក់ទៀតថា កម្ពុជាមិនដក​ថយ​ទេ ពាក់ព័ន្ធការស្នើសុំឱ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ជួយ​ដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ នៅប្រាសាទតាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី។ រាជរដ្ឋា​ភិបាល​នឹងបន្តកិច្ចការនេះប្រកបដោយការប្តេជ្ញាចិត្ត និងការ​ទទួល​ខុសត្រូវខ្ពស់ ដើម្បីការពារបូរណភាពទឹកដី ក៏ដូចជាឧត្តមប្រយោជន៍​ជាតិ និងប្រជាជនខ្មែរ។