អាជ្ញាធរនិយាយថា មនុស្ស ៦នាក់ ត្រូវគេបារម្ភថាបានស្លាប់ កាលពីថ្ងៃព្រហស្បតិ៍ (២២ ឧសភា) នៅពេលយន្តហោះពាណិជ្ជកម្មខ្នាតតូចមួយគ្រឿងដែលពួកគេកំពុងជិះ បានហោះកាត់អាកាសធាតុចុះអ័ព្ទខ្លាំង ហើយធ្លាក់លើតំបន់លំនៅឋានមួយកន្លែងនៅទីក្រុង San Diego របស់សហរដ្ឋអាមេរិក ជាទីដែលក្រុមគ្រួសារយោធាកំពុងរស់នៅ បណ្ដាលឱ្យមនុស្ស ៨នាក់ផ្សេងទៀតរងរបួស និងបង្កអគ្គិភ័យខូចខាតផ្ទះសម្បែង និងយានយន្តជាច្រើន។

នាយកដ្ឋាននគរបាល និងទីភ្នាក់ងារអគ្គិភ័យ San Diego និយាយថា យន្តហោះដែលជាប្រភេទ Cessna Citation បានធ្លាក់នៅក្នុងតំបន់ Murphy Canyon លើអគារលំនៅដ្ឋានយោធាមួយក្នុងសង្កាត់ Tierrasanta ប្រហែលម៉ោង ៣:៤៥នាទីព្រឹក (ម៉ោងក្នុងស្រុក) ដោយបង្ខំឱ្យជម្លៀសមនុស្សប្រហែល ១០០នាក់ ខណៈ អណ្តាតភ្លើងបានឆាបឆេះ។

នៅក្នុងសន្និសីទសារព័ត៌មានមួយនៅព្រឹកថ្ងៃព្រហស្បតិ៍ លោក Dan Eddy ជំនួយការប្រធានផ្នែកពន្លត់អគ្គិភ័យរបស់ San Diego បាននិយាយថា យ៉ាងហោចណាស់មានមនុស្ស ២នាក់ ដែលនៅលើយន្តហោះបានស្លាប់ ហើយលោកជឿថានឹងពុំមានអ្នករួចជីវិតទេ។ ក្រោយមក រដ្ឋបាលអាកាសចរណ៍សហព័ន្ធ បាននិយាយថា មានមនុស្ស ៦នាក់ជិះយន្តហោះនោះ ហើយត្រូវសន្មត់ថាស្លាប់ទាំងអស់។

ក្រុមមន្ត្រីមិនបាននិយាយភ្លាមៗទេថាមូលហេតុអ្វីដែលបណ្តាលឱ្យធ្លាក់យន្តហោះនេះ។ មានអ័ព្ទក្រាស់ខ្លាំងនៅតំបន់ San Diego នៅព្រឹកព្រលឹម ហើយលោក Eddy បញ្ជាក់ថា ខ្សែថាមពលសំខាន់មួយត្រូវបានប៉ះពាល់។ យន្តហោះនោះចាកចេញពីតំបន់កណ្ដាលភាគខាងលិច តម្រង់ទៅកាន់អាកាសយានដ្ឋាន Montgomery-Gibbs Executive ក្រុង San Diego ហើយរដ្ឋបាលអាកាសចរណ៍សហព័ន្ធ និងក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិ នឹងស៊ើបអង្កេតគ្រោះថ្នាក់នេះ៕ ប្រភព៖ BAYON Radio News
