នៅព្រឹកថ្ងៃចន្ទ ៦រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីអបអរសាទរខួបលើកទី១១ឆ្នាំនៃទិវាអតីតយុទ្ធជនកម្ពុជា ដែលធ្វើឡើងនៅមជ្ឈមណ្ឌលកោះពេជ្រ។ ទិវាអតីតយុទ្ធជនកម្ពុជាត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បង្កើតឡើងនៅឆ្នាំ២០០៧ដើម្បីរំលឹកនូវគុណូបការៈរបស់បងប្អូនអតីតយុទ្ធជនដែលបានប្រឹងប្រែងតស៊ូ និងធ្វើពលីកម្មដ៏អង់អាចក្លាហានដើម្បីជាតិមាតុភូមិកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី តែងតែយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះសុខទុក្ខបងប្អូនអតីតយុទ្ធជនកម្ពុជា តាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ផ្ទាល់ជាប្រធាន គឺបានធ្វើសកម្មភាពដោះស្រាយបញ្ហានិងជួយលើកកម្ពស់ជីវភាពរបស់អតីតយុទ្ធជនឲ្យបានកាន់តែល្អប្រសើរជាបន្តបន្ទាប់។








































