(បន្ទាយមានជ័យ)៖ ឯកឧត្តម សេង សក្ដា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៥នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃក្រសួងនាំយកសារលិខិតរំលែកមរណទុក្ខរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមទាំងថវិកាពីរម៉ឺនដុល្លារ ប្រគល់ជូនក្រុមគ្រួសារនៃសពលោក សាន់ សឿន និងអ្នកស្រី សុខ គិមសី ដែលបានទទួលមរណភាពដោយសារគ្រោះរញ្ជួយដីនៅប្រទេសថៃ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ កន្លងទៅនេះ។

ក្នុងពិធីបុណ្យសពដែលធ្វើឡើងនៅក្រុងសិរីសោភ័ណ ឯកឧត្តម សេង សក្ដា បានសម្តែងនូវសមានទុក្ខក្តុកក្តួលរន្ធត់ចិត្ត សោកស្តាយអាឡោះអាល័យជាទីបំផុត និងបានរំលែកមរណទុក្ខដ៏ក្រៀមក្រំជូនចំពោះលោក សុក សាន់ និងលោកស្រី ហង់ ថេត ដែលបានបាត់បង់លោក សាន់ សឿន ត្រូវជាកូន អាយុ៣៨ឆ្នាំ ក៏ដូចជាជូនចំពោះលោក ភី សុខ និងលោកស្រី ហ៊ុត សុភួន ដែលបានបាត់បង់អ្នកស្រី សុខ គិមសី ត្រូវជាកូន អាយុ៣១ឆ្នាំក្នុងគ្រោះរញ្ជួយដីនៅប្រទេសថៃ។

ជាមួយគ្នានេះ តំណាងក្រុមគ្រួសារនៃសព និងញាតិមិត្តជិតឆ្ងាយដែលចូលរួមបុណ្យសពនោះ ក៏បានលើកដៃប្រណមថ្លែងអំណរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និងថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ដែលបានយកចិត្តទុកដាក់តាមរយៈការផ្តល់សាររំលែកមរណទុក្ខ ថវិកា ការជួយសម្របសម្រួលឯកសារដឹកសព និងដង្ហែសពមកស្រុកកំណើតធ្វើបុណ្យយ៉ាងឱឡារិក។

សូមជម្រាបថា សពលោក សាន់ សឿន និងសពលោកស្រី សុខ គិមសី (ត្រូវជាប្ដីប្រពន្ធនឹងគ្នា) ត្រូវបានបញ្ជូនមកដល់ស្រុកកំណើតនៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នាយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥ ក្រោមការជួយខ្នះខ្នែងសម្របសម្រួលពីសំណាក់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ អនុព័ន្ធការងារអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងអាជ្ញាធរពាក់ព័ន្ធផងដែរ៕


