ហ្វេសប៊ុក ៖ លោកបណ្ឌិត ឆាត សុឆេត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា ត្រូវអតីតភរិយាគឺលោកស្រី តី វ៉ាវ៉ាន់ថន ទម្លាយឲ្យដឹងដូច្នេះថា៖« នាងខ្ញុំសូមជម្រាបជាជាសាធារណៈថា នាងខ្ញុំ ឧកញ៉ា តី វ៉ាវ៉ាន់ថន និង ឯកឧត្តម បណ្ឌិត ឆាត សុឆេត មិនមែនជាប្តីប្រពន្ធនឹងគ្នាទៀតទេ ចាប់ពីពេលនេះតទៅ ហើយបើថ្ងៃក្រោយឯកឧត្តម បណ្ឌិត ឆាត សុឆេត មានពាក់ព័ន្ធអ្វី ឬរឿងអ្វី សូមទាក់ទងឯកឧត្តម បណ្ឌិត ផ្ទាល់។ ខ្ញុំបានដោះលែងបងហើយ សង្ឃឹមថា បងនឹងរស់នៅជាមួយគេបានសេចក្តីសុខ និងមានភាពរីករាយជាងនៅជាមួយខ្ញុំ។ ប៉ុន្តែ អ្វីដែលធ្វើឱ្យខ្ញុំស្រក់ទឹកភ្នែក មិនមែនខ្ញុំស្តាយបងទេ តែខ្ញុំខកចិត្តខ្លាំង ស្តាយពេលវេលា ស្តាយទឹកចិត្ត ស្តាយអនុស្សាវរីយ៍ដែលខំធ្វើដោយចិត្តបរិសុទ្ធ ប៉ុន្តែបងវិញ បងសម្តែង។

ខ្ញុំសរសើរបង បងពូកែសម្តែងណាស់ ទាំងទឹកមុខ ពាក្យសំដី កាយវិការ មើលទៅរស់រវើក សាកសមឥតខ្ចោះ។ ខ្ញុំសង្វេគណាស់បង បងអាយុពាក់កណ្តាលមនុស្សទៅហើយ តែបងនៅមិនទាន់រកភពឃើញទៀត បងនៅវង្វេងក្នុងកាមគុណនៅទ្បើយ និយាយពីថា មួយ ត មួយ រាប់មិនអស់ ម្យ៉ាងទៀត បងជាអ្នកអប់រំគេម្នាក់ បងជាអ្នកបួសជិត២០ឆ្នាំមួយរូប បងជាបណ្ឌិតមួយរូប បងជារដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា និងជាអ្នកនាំពាក្យក្រសួងធម្មការនិងសាសនាមួយរូប ប៉ុន្តែ បងនៅតែមិនទាន់យល់ច្បាស់ អ្វីជាការបង្កើតគ្រួសារ? អ្វីជាគ្រួសារ? អ្វីជាគុណធម៌? អ្វីជាសីលធម៌នៅទ្បើយទេណាបង? បងជាអ្នកអប់រំគេមួយរូប ប៉ុន្តែបងមិនចេះអប់រំខ្លួនឯងទេ ជាពិសេស ពេលមានរឿងអីបន្តិចបន្តួចក្នុងគ្រួសារបងមិនចេះទូន្មានខ្លួនឯង មិនចេះទូន្មានប្រពន្ធទេ បងនិយាយតែពាក្យលែងលះ ចុះចេញ ងរ ទៅនេះតិច ទៅនោះតិច ទាញខ្នើយទៅដេកនៅខ្លោងទ្វារធំ ដេកក្រោមទ្បាន ដេកក្រោមជណ្តើរតូចរយៈពេលមួយអាទិត្យឱ្យអ្នកបំរើដើរជាន់ក្បាលទៅមកៗមិនចេះខ្មាស់អ្នកបំរើអីបន្តិច បើមិនទៅហៅគឺមិនទ្បើងមកដេកបន្ទប់ទ្បើយ ក្រោយមករត់ចេញពីផ្ទះបាត់មួយយប់ រត់ចេញពីផ្ទះបាត់៨ថ្ងៃ ក្រោយមកទៀត លេបថ្នាំសម្លាប់ខ្លួន ពេលនុងខ្ញុំកំពុងតែលួងម្តាយឱ្យសំរាន្ត ស្រាប់តែតេមកថា « អូន បងលេបថ្នាំ ឥលូវជិតងាប់ហើយ» ខ្ញុំភ័យស្លន់ស្លោ រត់ចោលម្តាយ បញ្ជូនប្តីមកមន្ទីរពេទ្យឯកជនធំមួយ ខ្ញុំចេះតែនៅមិនស្ងប់អារម្មណ៍ ខ្ញុំសួរពេទ្យរហូត « ដុកទ័រម៉េចហើយប្តីខ្ញុំ» ខ្ញុំអត់បានដេកទេ បារម្ភពីប្តី សួរពេទ្យរហូត ក្រោយមកខ្ញុំឃើញពេទ្យចេះតែចាក់សេរ៉ូមប្តីរហូត ហើយមុខមាត់ប្តីខ្ញុំហើម ស្លេកស្លាំងណាស់ ខ្ញុំសុខចិត្តចោលម្តាយ ចោលកូន ប្រញាប់ទិញសំបុត្រយន្តហោះបញ្ជូនប្តីទៅពេទ្យបំរុងរាត់ជាបន្ទាន់ ដេកបន្ទប់វីអាយភីទៀត ក្រោយពីពេទ្យពិនិត្យហើយ ពេទ្យហៅមកប្រាប់ថា« អ្នកចេះបញ្ជូនប្តីមកទាន់ បើខកតែ១នាទីទៀត» ជាតិពុលបុកចូលដល់ថ្លើមហើយ ខ្ញុំលឺអញ្ចឹង ខ្ញុំលោះព្រលឹងអត់រលីង ខ្ញុំស្រក់ទឹកភ្នែក។

តាំងពីនោះមក ខ្ញុំតែងតែគិតថា ប្តីខ្ញុំឈប់មានស្រីទៀតហើយ ប៉ុន្តែ អ្វីៗគ្រប់យ៉ាងមិនដូចខ្ញុំគិតទ្បើយ សូម្បីប្រពន្ធគេក៏បងមិនលើកលែងដែរ ញ៉ែអ្នកណាសុីអ្នកហ្នឹង ប្រពន្ធណាក៏គេចេះស្រទ្បាញ់ប្តីគេដែរ ការប្រច័ណ្ឌតែងតែកើតមានទ្បើង ពេលដែលភាគីណាមួយក្បត់ សូម្បីតែខ្ញុំ មិនដែលបានធ្វើខុសផង បងនៅប្រច័ណ្ឌខ្ញុំជាមួយភ្ញៀវបរទេសម្នាក់ បងវាយខ្ញុំ ខ្ញុំនិយាយថា ម៉េចបងវាយខ្ញុំ ខ្ញុំជាកូនពៅនៅក្នុងគ្រួសារ ខ្ញុំជាក្មេងស្រីល្អម្នាក់ ឪពុកម្តាយស្រទ្បាញ់ហើយទុកចិត្តបំផុត ពុកម៉ែខ្ញុំមិនដែលវាយខ្ញុំទេ ខ្ញុំស្មោះត្រង់ជាមួយបងណាស់ កុំថាទ្បើយ ក្បត់ខ្លួនប្រាណ សូម្បីតែនឹកគិតថា នឹងក្បត់ប្តីក៏គ្មាន ខ្ញុំទៅណាមកណា ខ្ញុំតែងតែអប់រំខ្លួនឯងរហូតថា « ខ្ញុំមានប្តីហើយ ប្តីនិងកូនៗចាំនៅផ្ទះ» ចុះបងវិញ ជាគ្រូអប់រំគេម្នាក់ តើបងមានដែលអប់រំខ្លួនឯងឬទេ? ដើរដាច់យប់ក៏មាន ពេលប្រពន្ធចាប់បាន នាំទៅស្បថនៅព្រះអង្គដងកើ បងស្បថបំពានទៀត ហើយនិយាយកុហក់ថា ៣ យប់ហ្នឹង បងទៅអង្គុយលេង និយាយធម៌ជាមួយប្រុសៗរហូតទល់ភ្លឺ ហើយបងសួរថា នរណាប្រាប់« ខ្ញុំនិយាយថា គ្មាននរណាប្រាប់ទេគឺ កាំមេរ៉ាប្រាប់ បងនិយាយថា ឃើញទេ អាកាំមេរ៉ាហ្នឹងចង្រៃណាស់ ថ្ងៃណាមួយកាត់ខ្សែកាំមេរ៉ាឱ្យអស់ ទោះប្រពន្ធយំ ទឹកភ្នែកស្ទើរក្លាយជាសមុទ្រឈាមក៏ដោយ ក៏បងមិនដែលទទួលកំហុស សារភាព ឬ សុំទោសថា បងខុសម្តងណាទ្បើយ គឺត្រូវរហូត។ បងមិនដែលមើលឃើញនូវទឹកចិត្តប្រពន្ធ ដែលខំធ្វើគ្រប់យ៉ាងដើម្បីបងទ្បើយ សូម្បីតែរៀនបណ្ឌិត ខ្ញុំជាអ្នកមានគំនិតឱ្យបងរៀន បញ្ចប់ មិនថាចំណាយប៉ុន្មានខ្ញុំមិនដែលគិតទេ ប្តីទាប៉ុន្មានឱ្យប៉ុណ្ណឹង សូម្បីអាវសាលាក៏ខ្ញុំទិញដើម្បីពេលបងទទួលហើយ រៀបចំទុកដាក់តាំងក្នុងទូរ ដូចខ្ញុំនិងកូនៗជាអនុស្សាវរីយ៍ ហើយលឺថាប្តីជិតដល់ថ្ងៃទទួលសញ្ញប័ត្រហើយ ក៏ទៅស្រុកគេទិញខោអាវ ស្បែកជើងឱ្យប្តីដើម្បីត្រៀមស្លៀកពាក់ទៅថ្ងៃពិសេស ម្យ៉ាងទៀតពេលខ្ញុំនៅស្រុកគេ បងតេទៅថា បងសុំយកម្តាយបង មកថតតែងមុននៅហ៊ាង ចាំពេលទទួលសញ្ញាប័ត្រ យើងទៅតែពីរនាក់បានហើយ។ មុនបងទទួលរសញ្ញាប័ត្រ២ថ្ងៃ បងធ្វើងរ ទៅនេះបន្តិច ងរទៅនោះបន្តិច ខ្ញុំឆ្ងល់ ខ្ញុំក៏សួរបងថា បងមានរឿងអីទៀតហើយ « នរណាធ្វើអីបង?» បងមិនឆ្លើយទេ ខ្ញុំអស់កម្លាំងនឹងមើលថែម្តាយខ្ញុំផង ខ្ញុំមិនសួរបន្តទៀតទេ។ ព្រឹកទ្បើង បងអត់ប្រាប់ប្រពន្ធទេ ខ្ញុំរត់ទៅមើលបងតាមបង្អួច ខ្ញុំឆ្ងល់ ចុមប្តីខ្ញុំទៅណា ស្លៀកពាក់សុទ្ធតែក្រវ៉ាត់ក បងស្លៀកពាក់ស្អាតបាតចេញពីផ្ទះម៉ោង៥កន្លះ ម៉ោង១០យប់បានមកដល់ផ្ទះវិញ ថ្ងៃនុង បើគេមិនផុស ខ្ញុំអត់ដឹងបងទៅណាទេ? ខ្ញុំឃើញភ្លាម ខ្ញុំយំ ខ្ញុំនិយាយជាមួយបងថា បងយកអាវបណ្ឌិត និងសញ្ញាប័ត្រហ្នឹងចេញពីផ្ទះខ្ញុំ កុំទុកឱ្យខ្ញុំឃើញ ខ្ញុំឈឺចាប់ណាស់ ខ្ញុំយំ ខ្ញុំស្រក់ទឹកភ្នែក ខ្ញុំនិយាយថា គ្រូៗខ្ញុំ និង ឯកឧត្តមជាច្រើននាក់ទៀត ពេលទទួលសញ្ញាប័ត្របណ្ឌិតនៅស្រុកគេផង ពួកគាត់យកប្រពន្ធពួកគាត់ទៅ ចុះប្តីខ្ញុំ ទទួលសញ្ញប័ត្រនៅស្រុកខ្មែរសោះ ម៉េចអត់ប្រាប់ខ្ញុំ អត់យកខ្ញុំទៅចឹង? ខ្ញុំយំខ្លាំងណាស់ថ្ងៃនុង ដោយសារខ្ញុំតូចចិត្ត គ្រប់យ៉ាងខ្ញុំជាអ្នករៀបចំ តែខ្ញុំក្លាយជាមនុស្សអត់មានតម្លៃសម្រាប់បងទៅវិញ? បងមិនដែលចេះលួងលោមប្រពន្ធម្តងណាទេ គឺបងត្រូវរហូត ខ្ញុំនិយាយថា ខ្ញុំនឹងចងចាំ ថ្ងៃទី៥ ខែកញ្ញ ឆ្នាំ២០២២ ជាថ្ងៃខ្មៅសម្រាប់ខ្ញុំ(black day for me) ។ តាំងពីពេលនោះមក បងដឹងចំនុចខ្សោយរបស់ខ្ញុំ ឱ្យតែមានជម្លោះនៅក្នុងគ្រួសារ គឺបងផុសរូបម្តាយបងពាក់អាវបណ្ឌិត ជាមួយនិងបងបញ្ឈឺចិត្តខ្ញុំហើយ ចង់ឱ្យខ្ញុំក្អួតឈាម ពីព្រោះខ្ញុំឱ្យតែឃើញអាវបណ្ឌិត និងសញ្ញាប័ត្រហ្នឹង ខ្ញុំឈឺចុកចាប់ណាស់។

ម្យ៉ាងទៀត មិនថា ព្រះសង្ឃ ឬ មិត្តភក្តិទេ ឆាតមកសួរឃើញបងនិយាយអប់រំ វីដេអូមួយ« បងនិយាយថា បើគេមិនស្រទ្បាញ់គ្រួសារយើង គេស្រទ្បាញ់តែយើង រឿងអីដែលយើងត្រូវនៅទៀត» នរណាៗក៏គេថា បងនិយាយឱ្យខ្ញុំដែរ តែសម្រាប់ខ្ញុំវិញណាបង« មុនរៀបការខ្ញុំបានសួរនាំបងអស់ហើយណាបង!!! ខ្ញុំសួរបងថា ម៉ែបង បងគិតម៉េច?បងនិយាយកុហក់ថា ម៉ែបងមានលុយចាយមិនអស់ទេ គាត់ធ្វើនេះធ្វើនោះ មិនបាច់គិតគាត់ទេ គិតតែបងបានហើយ ខ្ញុំសួរទៀត ចុះប្អូនៗបងគិតម៉េច? បងនិយាយថា នុងមិនមែនប្អូនបង្កើតបងទេ បងមានតែម្នាក់ឯងទេ គិតតែបងមួយបានហើយ។ ទោះបងប្រាប់មិនឱ្យគិតគូរ តែខ្ញុំនៅតែជួយតាមលទ្ធភាពខ្ញុំ ខ្ញុំទិញមាស ទិញពេជ្រកូល័រឌី សម្លៀកបំពាក់លុយកាក់ឱ្យម៉ែបងរហូតតើ មិនថាថ្ងៃបុណ្យ ថ្ងៃទៀនទេ ថ្ងៃធម្មតាក៏ខ្ញុំជូនដែរ ជាពិសេស ខ្ញុំផ្ញើតាមបងជាច្រើនឱ្យគាត់មិនដែលដាច់ទេ ត្រង់ថាបងជូនគាត់ មិនជូន ខ្ញុំមិនដឹងទេ ខ្ញុំមិនដែលតាមដានទេ កាលដែលខ្ញុំជូនតាមបង ខ្ញុំចង់ឱ្យម្តាយបង ស្រទ្បាញ់បង ហើយគិតថា គាត់បង្កើតបងមកមិនខុសមែន ចេះគិតដល់ម្តាយ មិនថាខ្លួនមានប្រពន្ធហើយក៏ដោយ ហើយចំណែកប្អូនរបស់បង បងមិនឱ្យខ្ញុំគិត តែខ្ញុំនៅតែគិត ខ្ញុំទិញម៉ូតូឱ្យ ហើយឱ្យនាំម៉ែដើរលេងស្រុកគេទៀត ហើយខ្ញុំក៏បានរៀបចំឱ្យបងជូនម្តាយបងដើរលេងស្រុកគេដែរតើ ហើយគំរោងឆ្នាំ២០២៥នឹងទៅប្រទេសផ្សេងៗទៀតជាច្រើន ពីព្រោះខ្ញុំគិតថា ម្តាយបង ដូចម្តាយខ្ញុំដែរ បងប្អូនរបស់បង ដូចបងប្អូនរបស់ខ្ញុំដែរ ទម្លាប់របស់ខ្ញុំជួយក្នុងគ្រួសារខ្ញុំអត់ផុសទេ។ តែបើបងគិតថា ខ្ញុំការបងមកចូលក្នុងគ្រួសារខ្ញុំ ខ្ញុំត្រូវតែស្រទ្បាញ់តែបង និងគ្រួសារបង ហើយឱ្យខ្ញុំមកបោះបង់ម្តាយជរារបស់ខ្ញុំ និងកូនៗជាទីស្រទ្បាញ់របស់ខ្ញុំ មិនអាចទេ ខ្ញុំមានការសិក្សាត្រឹមត្រូវ ខ្ញុំចេះបែងចែកសេចក្តីស្រទ្បាញ់មិនឱ្យលើសខ្វះគ្នាទេ « នរណាខ្ញុំជួយបន្ទាន់? នរណាខ្ញុំជួយចាំបាច់?នរណាខ្ញុំជួយបន្ទាប់?» គ្រាន់តែថា កាលយើងរៀបការមិនបានប៉ុន្មានខែផង ម្តាយបងកាលនុងចង់ឱ្យដីបងរាងត្រីកោណមួយដុំ ហើយគាត់កុហក់ថា លក់បានថ្លៃណាស់ កាលនុងខ្ញុំនិយាយថា ម៉ែបើដីហ្នឹងលក់បានថ្លៃ ម៉ែលក់ទៅឬមួយម៉ែទុកឱ្យប្អូនៗទៅ មិនបាច់ឱ្យប្តីកូន កូនមានហើយ ម៉ែនិយាយថា ម៉ែចង់ឱ្យកូន ហើយឱ្យកូនសាងសង់យ៉ាងនេះយ៉ាងនោះទៅឱ្យម៉ែសុំរស់ផង ខ្ញុំនិយាយថា បើម៉ែចង់រស់ស្រួលមិនអីទេ កូនចិញ្ចឹមម៉ែបានតើ មិនបាច់សង់អស់រាប់មុឺនដុល្លា រកអីបាននៅហ្នឹងនោះ បើរឿងហ្នឹងខ្ញុំមិនបានធ្វើមែន ពីព្រោះចំណាយអត់ប្រយោជន៍។រហូតក្រោយមក ជម្លោះកាន់តែមានច្រើនទ្បើង ពេលបងបានធ្វើការនៅក្រសួងធម្មការនិងសាសនាហ្នឹង ដែលខ្ញុំត្រូវបាត់បង់ប្តីមួយពព្រិចភ្នែក ដោយសារការជឿជាក់ពេក ទុកចិត្តពេក គិតថា បងធ្វើការនៅកន្លែងធម៌អារ្យហើយ បងចាស់ហើយ បងមិនធ្វើអ្វីឱ្យខុសឆ្គងទៀតទេ បងដឹង និងស្គាល់ពីតម្លៃខ្លួនឯង ហើយបងចេះស្រទ្បាញ់កិត្តិយសខ្លួនឯង ហើយខ្ញុំឧស្សាហ៍ដាស់តឿបងដែរថា បងត្រូវចេះស្គាល់ពីតម្លៃខ្លួនឯង កុំភ្លឺតភ្លើនណាបង ត្រូវចេះស្រទ្បាញ់កិត្តិយស កិត្តិយសអត់មានដាក់លក់លើទីផ្សារទេណាបង? តាំងពីធ្វើការកន្លែងហ្នឹងមក បងកុហក់ខ្ញុំរហូត ម៉ោង៥ ទៅ ៥កន្លះព្រឹកចេញ ម៉ោង ៦ ទៅ ៧យប់បានដល់ផ្ទះ អត់សូវមានពេលបាយផ្ទះទេ ដល់តែយូរខែទៅ ខ្ញុំសួរបងថា ខ្ញុំឃើញអ្នកធ្វើការនៅក្រសួងហ្នឹង ឃើញគេផុសនាំកូន នាំប្រពន្ធដើរផ្សារតើបង ហើយចុះបងរវល់យ៉ាងហ្នឹងបង? បងនិយាយកុហក់ខ្ញុំថា ឯកឧត្តមបង ចាយ បូរិន ទៅតាំងពីម៉ោង៤ព្រឹកម្ល៉េះ បងទៅមិនដែលទាន់ទេ ហើយប្រពន្ធខ្ចប់បាយយកមកឱ្យពិសារនៅក្រសួង។ ម្យ៉ាងទៀត បងនិយាយថា នៅក្រសួងធម្មការ និងសាសនាហ្នឹង អត់មាននរណាចេះអីទេ ចេះតែបង ចឹងបានឯកឧត្តមបងរដ្ឋមន្ត្រីប្រើតែបង « អូនទ្រាំបន្តិចទៅ បងសុំធ្វើការតែ៥ឆ្នាំទេ បងឈប់ហើយ» មានណាទើបតែបានជាង១ឆ្នាំខ្ញុំត្រូវបាត់បង់ប្តីដោយស្វាយប្រវត្តិតែម្តង អ្វីៗត្រូវហួសពេលនិយាយមិនចេញ «អង្ករ ក្លាយជាបាយ» ។
ខ្ញុំចេះតែឆ្ងល់ ហេតុអីបានជាប្តីខ្ញុំ ចេះតែរករឿង ខ្ញុំនិយាយអីក៏ខុសៗ ធ្វើអីក៏ខុស ទូរសព្ទប៉ះមិនបាន រត់ទៅពួននិយាយទូរសព្ទកន្លែងនេះបន្តិច កន្លែងនោះបន្តិច ហើយពេលខ្ញុំសួរម៉េចបងចាំបាច់ពួន និយាយនៅមុខប្រពន្ធទៅ មានការអីចាំបាច់ពួន ខឹងភ្លាម ហើយជួនកាលស្រីឆាតមក ឬតេមកកំពុងតែអោបគ្នា នរណាមិនខឹង? ខ្ញុំឃើញប្តីប្លែកក៏ឱ្យបញ្ជាក់ភាពស្មោះត្រង់ ស្រាប់តែខឹងច្រទ្បោតឱ្យហែកសំបុត្រអាពាហ៍ពិពាហ៍ ដុតសំបុត្រអាពាហ៍ពិពាហ៍ចោលទៅ ខ្ញុំខ្លាំងដោយសារសំបុត្រអាពាហ៍ពិពាហ៍ហ្នឹង បើអត់សិទ្ធិស្មើគ្នាទេ ។ បងមិនដែលឱ្យតម្លៃខ្ញុំជាប្រពន្ធសោះ តាំងតែពីពេលបងធ្វើការនៅក្រសួងនេះ បងបង្កជម្លោះតាំងតែពីខែ៧មករហូតដល់ខែ១២ សឹងតែរាល់ថ្ងៃ បងបោកសម្ភារៈក្នុងផ្ទះ បងជេរខ្ញុំដើរចូលបន្ទប់ទឹកដោយសារស្រី បងប្រមាថសម្លាប់ខ្លួនឯងនៅក្នុងផ្ទះ បងទាញតាំងតោចង់សម្លាប់ខ្ញុំ បងនិយាយថា ដោយសារបងជាបុរសល្អ បានជាខ្ញុំមិនចង់លែងបង ខ្ញុំចង់សួរបងបន្តិចមើល តើបុរសល្អមានតួនាទីអ្វីខ្លះ? ការងារក្នុង ក្រៅ ខ្ញុំជាអ្នកធ្វើទាំងអស់ហ្នឹងបង សូម្បីតែភាពស្មោះត្រង់មួយខ្ញុំសុំមិនបានផង???ខ្ញុំនិយាយត្រួសៗឱ្យបងស្តាប់បន្តិចទៅ ក្រែងបងនិងបក្សពួកបង ដើរលាបពណ៌ខ្ញុំ សម្រាប់ខ្ញុំ បើត្រចៀកមិនបានស្តាប់ផ្ទាល់ ភ្នែកខ្ញុំមើលឃើញផ្ទាល់ទេ ខ្ញុំមិនជឿទេ ដល់ពេលខ្ញុំដាក់ជីភីអេសទៅ បានខ្ញុំដឹងថា ឱ! ប្តីខ្ញុំអើយក្បត់ខ្ញុំរាល់ថ្ងៃ មិនមែនមានតែមួយទេលោកអើយ ! បងឈាមត្រជាក់ណាស់ បងអោបប្រពន្ធនៅនឹងទ្រូងរាល់យប់ ហើយការអោបនោះទៀតសោតគឺអោបសាច់នឹងសាច់ ហើយមុនខ្ញុំសុំបងលែងលះ បងនៅអោបខ្ញុំដូចរាល់ដងចឹង តែខ្ញុំមិននឹកស្មានថា បងចិត្តខ្មៅដល់ម្លឹងទេណាបង! ខ្ញុំឃើញ ខ្ញុំលឺបងនិយាយគ្នានៅក្នុងទ្បានមានស្រី មានប្រុសបញ្ជាបង ចង់ធ្វើបាបខ្ញុំ ខ្ញុំលឺ ខ្ញុំយំខ្លាំង ពេលបងមកផ្ទះខ្ញុំធ្វើធម្មតា។

ខ្ញុំធ្លាប់ទៅតាមបងម្តង ពេលបងចូលទៅជួបស្រីម្នាក់នៅមុខអីអន១ ពេលនោះបងរកផ្ទះគេមិនទាន់ឃើញ ពីព្រោះស្រីហ្នឹងបងទើបស្គាល់ ហើយស្រីហ្នឹងគេទ្បើងមកជិះទ្បានជាមួយបង ឱ្យរត់តាមម៉ូតូ ថ្ងៃនុង បងអត់ដឹងខ្ញុំតាមដានបងទេ? ពេលខ្ញុំទៅដល់ បងក៏ចេញទៅក្រសួងបាត់ទៅ ខ្ញុំក៏ងាកមកគិតថា ខ្ញុំមិនគួរតាមដានបងទៀតទេ បើជួបបងនៅជាមួយស្រី បងប្រហែលជាវាយធ្វើបាបខ្ញុំនៅមុខស្រីបងហើយ បើឈ្លោះគ្នានៅផ្ទះ បងចង់តែវាយតប់ហ្នឹង ម្យ៉ាងទៀតខ្ញុំនិយាយថា បង ស្រីហ្នឹង ប្រពន្ធគេណាបង? តើបងមានដែលគិតថា ម៉ែគេ បងស្រីគេ ប្អូនស្រីគេ កូនស្រីគេទេបង? តើបងមានគុណធម៌ទេ? បងឆ្លើយភ្លាមថា ម៉េចគុណធម៌ហ្នឹងសុីកើតអី? សំណាងហើយ ចេះទេវតាថែរក្សាខ្ញុំ ការពារខ្ញុំមិនឱ្យមានកូនជាមួយបង ទោះខំទៅថៃឱ្យពេទ្យវិទ្យាសាស្ត្រជួយយ៉ាងណាក៏មិនបានដែរ? ខ្ញុំខំព្យាយាមណាស់ដើម្បីបង ឱ្យតែបងចង់បានអី សូម្បីតែជីវិត តើបងមាននឹកអាណិតខ្ញុំខ្លះទេថា ខ្ញុំឆ្លងកាត់ការវះកាត់បង្កើតកូន៣ដងហើយ ហើយម្តងនេះជាការប្រថុយនឹងជីវិតខ្លាំងណាស់ តែទោះយ៉ាងណា ខ្ញុំនៅតែពុះពារដើម្បីបង មិនថាចំណាយលុយប៉ុន្មាន? បាត់បង់ជីវិតឬយ៉ាងណានោះទេ?ថ្ងៃបូមមេជីវិត ខ្ញុំមើលកញ្ចក់ មុខខ្ញុំស្លេកស្លាំងគ្មានឈាមទេ បងមាននឹកឃើញទេ? គេយកបានមេជីវិត៥ ធំ២ តូច៣។

តែអកុសលថ្ងៃផ្គុំមេជីវិតប្រហែលទេវតា មើលឃើញថា ឈាមបងខ្មៅណាស់មិនអាចទុំនៅជាមួយខ្ញុំបាន ទើបពេទ្យប្រាប់ថា ផ្គុំ២ដងហើយ ដាក់ទៅឈឹងៗ មិនអាចកកំណើតបាន កុំអីខ្ញុំត្រូវរែកពន់កូនរបស់បងទៀត។ បញ្ជាក់ ឥលូវខ្ញុំដោះលែងបងហើយ ខ្ញុំអត់ដើរថយក្រោយដែរ បេះដូងខ្ញុំក៏ប្រេះស្រាំជាចំណែកៗអស់ហើយ មិនទាន់ជាសះស្បើយនៅទ្បើយទេ នៅរឿងមួយទៀត ខ្ញុំមិនទាន់ប្តឹងទេ បើបងដឹងខុស ខ្ញុំមិនប្តឹងទៀតទេ ពីព្រោះខ្ញុំនៅយល់ថា បងធ្លាប់ជាប្តីខ្ញុំ ហើយរឿងហ្នឹងមានតែបងទេដែលដឹង? ហើយរឿងស្រីរបស់បងទាំងប៉ុន្មាន បើខ្ញុំគ្មានគុណធម៌ អត់យកចិត្តបុណ្យដាក់ខ្លួនទេ មិនដឹងយ៉ាងណាយ៉ាងណីទេមកដល់ពេលនេះ។ ម្យ៉ាងទៀត បើវីដេអូដែលយើងរួមរ័កជាមួយគ្នា បងលួចថតនោះ ធ្លាក់ទៅលើដៃនរណាមួយ ឬផ្ទុះនៅលើបណ្តាញសង្គម យើងត្រូវមានរឿងនិយាយគ្នាទៀត។ ខ្ញុំគ្រាន់តែសរសេរត្រួសៗរំលឹកឱ្យបងដឹង សរសេរមិនអស់ន័យទេ ក្រែងបងច្រលំមាត់ទៀតថា ខ្ញុំមិនចង់លែងលះបងដោយសារបងជាបុរសល្អ តែផ្ទុយទៅវិញខ្ញុំមិនចង់លែងលះដោយសារតែពាក្យថា មេម៉ាយ ចំណាយមាត់ញាតិ តែឥលូវខ្ញុំលែងគិតហើយ សំខាន់ខ្ញុំខ្លាចបងសម្លាប់ខ្ញុំទៅវិញទេ សុវត្ថិភាពជាចំបង។ ថ្ងៃទ្បើងតុលាការ ខ្ញុំយំខ្លាំងណាស់ បងចេញមក បងតេប្រាប់មេម៉ាយគ្នាបងម្នាក់ថា ខ្ញុំយំ ប្រហែលបងចង់អួតប្រាប់គេថា ខ្ញុំស្តាយបងហើយបានយំ តាមពិតខ្ញុំតកស្លុតណាស់ពេលខ្ញុំឈានជើងចូលដល់ក្លោងទ្វារតុលាការ ខ្ញុំនឹកគិតថា ខ្ញុំនិងបងមិនគួរមកចប់គ្នានូវរឿងអាស្រូវចឹងសោះ គួរតែលាគ្នានៅទីលានកប់ខ្មោចឯណោះ ម្យ៉ាងទៀតខ្ញុំតែងតែគិតថា រកធ្វើចេតិយកន្លែងណា ហើយខ្ញុំស្រម័យផ្លាកព្រលឹង ឆាត សុឆេត និង តី វ៉ាវ៉ាន់ថន នៅជិតគ្នា មិននឹកស្មានថា បងក្បត់ខ្ញុំរហូតចឹងទេ ហើយថ្ងៃនោះខ្ញុំចង់ចាប់ដៃបងទាញមកក្រៅ ហើយចង់សួរបងថា «ចិត្តបងខ្មៅម្ល៉េះ?បេះដូងបងសាងពីអី?» តែខ្ញុំអត់មានស្មារតីធ្វើកើត បានជាខ្ញុំចេះតែយំខ្លាំងទ្បើងៗ មិនមែនខ្ញុំស្តាយបងទេ យកបងមកវិញ ដូចយកសំរាមចូលផ្ទះទេណាបង» ៕





