លោក Liu Quoqing និងប្រពន្ធ Zhangជាជនជាតិចិន បានបាត់កូនប្រុសម្នាក់អាយុជាង ៤ឆ្នាំឈ្មោះ Liu Qiangqiang ដែលជារឿងរ៉ាវពិតកាលពីជាង ១០ឆ្នាំមុន ខណៈពួកគាត់កំពុងឈររង់ចាំរថភ្លើងក្នុងទីក្រុងដើម្បីទៅសួរសុខទុក្ខបងប្អូនសាច់ញាតិ។ ពេលពួកគាត់កំពុងទិញនំកញ្ចប់នៅស្ថានីយរថភ្លើង កូនរបស់គាត់ដើរវង្វេងបាត់សូន្យឈឹងរកពុំឃើញ។ ឪពុកម្ដាយចាប់ផ្ដើមយំផង ដើររកផងតែមិនឃើញសូម្បីស្រមោល ធ្វើឲ្យពួកគាត់ពិបាកចិត្ត ខឹងខ្លួនឯងដែលបណ្ដោយឲ្យបាត់កូនដោយសារតែការធ្វេសប្រហែសតែមួយប៉ប្រិចភ្នែក។ ពួកគាត់ដើររកគ្រប់ទីកន្លែង និងរង់ចាំនៅស្ថានីយពេញមួយថ្ងៃ រួចបន្តទៅរកនៅតាមខេត្តក្បែរខាងក្រុងទៀត ប៉ុន្តែរកមិនឃើញដដែល។ ដោយក្ដីបារម្ភចំពោះកូនជាច្រើនថ្ងៃ អាណិតកូនមិនដឹងជាស្លាប់ឬរស់ គាត់ប្រែជាមានអាការៈធុញថប់មួម៉ៅតប់ប្រមល់ដោយសារក្ដីកើតទុក្ខ។ ជាច្រើនខែកន្លងទៅ ជាសំណាងល្អ អ្នកស្រី Zhang សម្រាលបានកូនស្រីស្រស់ស្អាតម្នាក់ទៀត ប៉ុន្តែទោះបានកូនស្រីនេះ ក៏ពួកគាត់នៅតែមានអារម្មណ៍ថា គ្រួសារបាត់បង់សមាជិកម្នាក់ដដែលព្រោះគ្មានវត្តមានកូនប្រុស។





