ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានស្នើឱ្យអាជ្ញាធរមូលដ្ឋានជំរុញប្រជាពលរដ្ឋចូលរួមចុះឈ្មោះបោះឆ្នោត និងធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ដើម្បីធ្វើបញ្ជីបោះឆ្នោតកាន់តែធានាគុណភាព និងប្រសិទ្ធភាព។
ការអំពាវនាវរបស់ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ធ្វើឡើងនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ បន្ទាប់ពីអញ្ជើញដឹកនាំសមាជិក និងមន្រ្តីជំនាញចុះពិនិត្យដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតក្នុងការិយាល័យចុះឈ្មោះបោះឆ្នោតសង្កាត់ចង្រែលើ និងសង្កាត់ចង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ឯកឧត្តម ប្រាជ្ញ ចន្ទ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា រយៈពេលប៉ុន្មានថ្ងៃនៃដំណើរការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេសបានដំណើរការទៅប្រក្រតី និងរលូន។ ឯកឧត្តម បានឱ្យដឹងថា គិតត្រឹមថ្ងៃនេះ តាមការិយាល័យចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេសមានប្រជាពលរដ្ឋចុះឈ្មោះថ្មីបានចំនួនជិត៣ម៉ឺននាក់។

ជាមួយនឹងតួលេខខាងលើ ឯកឧត្តម ប្រាជ្ញ ចន្ទ លើកឡើងថា បើធៀបនឹងផែនការប៉ាន់ស្មានសម្ទុះទាំងការចុះឈ្មោះបោះឆ្នោត និងការធ្វើបច្ចុប្បន្នភាពទិន្ន័យជីវមាត្រស្ថិតក្នុងកម្រិតទាបនៅឡើយ។ ក្នុងន័យនេះ ឯកឧត្តម ប្រធាន គ.ជ.ប បានអំពាវនាវប្រជាពលរដ្ឋអញ្ជើញចូលរួមឱ្យបានគ្រប់ៗគ្នា ពិសេសអាជ្ញាធរឃុំ-សង្កាត់ និងមេភូមិសហការបន្ថែមទៀត ដើម្បីជំរុញឱ្យប្រជាពលរដ្ឋបានចុះឈ្មោះបោះឆ្នោត និងធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រកាន់តែច្រើន។

សូមជម្រាបថា ក្នុងការអនុវត្តដំណាក់កាលពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ២០២៥នេះ គ.ជ.ប បានយកចិត្តទុកដាក់ថែមទៀតលើការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រទាក់ទងនឹងភិនភាគ និងវ័យរបស់ប្រជាពលរដ្ឋនីមួយៗដែលមានការផ្លាស់ប្តូរ ទើបតម្រូវឱ្យប្រជាពលរដ្ឋធ្វើការថតរូប និងផ្តិតក្រយៅដៃឡើងវិញសម្រាប់តែប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតគិតចាប់ពីឆ្នាំ២០២៦មក។

ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោត ធ្វើឡើងរយៈពេល២៦ថ្ងៃ ពីថ្ងៃទី១ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ហើយប្រជាពលរដ្ឋអាចអញ្ជើញទៅពិនិត្យ និងចុះឈ្មោះបោះទៅតាមសាលាឃុំ-សង្កាត់ដែលខ្លួនរស់នៅក្នុងមូលដ្ឋាននីមួយៗ។ ក្នុងនោះ គ.ជ.ប បានប៉ាន់ស្មានផែនការនៃការចុះឈ្មោះបោះឆ្នោតថ្មីសរុបមានចំនួនជាង២២ម៉ឺននាក់ និងប្រជាពលរដ្ឋដែលត្រូវធ្វើទិន្នន័យជីវមាត្រសរុបចំនួនជាង៦លាននាក់៕ BAYON Radio News