
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥នេះ បានបង្ហាញពីមូលហេតុសំខាន់ៗចំនួន៣ ក្នុងការធ្វើវិសោធនកម្មមាត្រា៣៣ ដែលរដ្ឋសភា អនុម័តទាំងស្រុង នៅក្នុងកិច្ចប្រជុំពេញអង្គនាព្រឹកមិញនេះ។

ការពន្យល់របស់ ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានធ្វើឡើង ក្នុងឱកាសដែលរដ្ឋសភាបន្តសម័យប្រជុំលើកទី៤ នីតិកាលទី៧ ដើម្បីពិភាក្សា និងអនុម័តសេចក្តីស្នើច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា៣៣ នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងសម័យប្រជុំនេះ ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានពន្យល់អំពីមូលហេតុសំខាន់ៗចំនួន៣ដូចតទៅ៖
ទី១៖ វិសោធនកម្មសេចក្ដីស្នើច្បាប់នៃរដ្ឋធម្មនុញ្ញ មានគោលបំណងដ៏សំខាន់ ដើម្បីបន្សុទ្ធទឹកចិត្តស្នេហាជាតិ ប្រជាពលរដ្ឋខ្មែរ ចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ពោលគឺការលើកកម្ពស់ឧត្ដមគតិជាតិ មនសិការស្នេហាជាតិ និងគោលជំហរស្មោះត្រង់ឥតងាករេរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូបចំពោះជាតិ មាតុភូមិ និងប្រជាជនកម្ពុជា នៅគ្រប់កាលៈទេសៈទាំងអស់។ តាមរយៈវិសោធនកម្មមាត្រា ៣៣នេះ នឹងបើកផ្លូវឲ្យមានការរៀបចំនូវក្របខណ្ឌច្បាប់ ដើម្បីដកសញ្ជាតិខ្មែរ ដែលក្របខណ្ឌច្បាប់នេះ នឹងជាឧបករណ៍គតិយុត្តដ៏សំខាន់របស់រដ្ឋ ដើម្បីការពាររដ្ឋ ពិសេសប្រឆាំងនឹងពលរដ្ឋដែលឃុបឃិតជាមួយនឹងបរទេសប្រព្រឹត្តអំពើ ក្បត់ជាតិ ឬធ្វើសកម្មភាពប៉ះពាល់ដល់វិស័យសន្តិសុខជាតិធ្ងន់ធ្ងរ សេចក្ដីសុខសាន្តរបស់ប្រជាជន និងឧត្ដមប្រយោជន៍របស់ប្រជាជាតិយើង។

ទី២៖ ដើម្បីធានាការគោរពនូវមាត្រា៤៩ ថ្មីនៃរដ្ឋធម្មនុញ្ញ ដែលចែងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូបត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ ហើយមិនត្រូវធ្វើសកម្មភាពណាមួយ ទោះដោយផ្ទាល់ក្ដី ឬដោយប្រយោលក្ដីនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ របស់ព្រះរាជាណាចក្រកម្ពុជា និងប្រជាពលរដ្ឋខ្មែរ។
ទី៣៖ ដើម្បីរួមចំណែកយ៉ាងសំខាន់ នៅក្នុងការប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលមកក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ជាពិសេសការប្រឆាំងនឹងអំពើឃុបឃិតគ្នាជាមួយបរទេស ប្រព្រឹត្តិអំពើក្បត់ជាតិឯង ដែលធ្វើសកម្មភាពបណ្ដាលឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យសន្តិសុខជាតិ សេចក្ដីសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរ និងឧត្ដមប្រយោជន៍របស់ប្រទេសជាតិ។

បើតាមការអះអាងរបស់ ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ ផ្អែកតាមមាត្រា ១៥៣ ថ្មីនៃរដ្ឋធម្មនុញ្ញ មានឥស្សរជនជាន់ខ្ពស់របស់ជាតិតែ៣រូបប៉ុណ្ណោះ ដែលមានសិទ្ធិផ្ដើមគំនិតធ្វើវិសោធនកម្ម។ ឥស្សរជនទាំង ៣រូបនោះរួមមាន៖ ទី១៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទី២៖ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងទី៣៖ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា និងការស្នើសុំរបស់តំណាងរាស្ត្រយ៉ាងតិច ១ភាគ៤នៃសមាជិករដ្ឋសភាទាំងមូល។ ផ្អែកតាមមាត្រា ១៥៣ថ្មីនេះ សម្ដេចប្រធានរដ្ឋសភា តាមសេចក្ដីស្នើសុំរបស់តំណាងរាស្រ្តទាំង ១២៥រូប និងសម្ដេចនាយករដ្ឋមន្រ្តី បានផ្ដើមគំនិតរួមគ្នាធ្វើវិសោធនកម្ម មាត្រា៣៣ នៃរដ្ឋធម្មនុញ្ញដោយបានធ្វលលិខិតរួមគ្នា ក្រាបបង្គំទូលថ្វាយព្រះករុណាព្រះបាទ ជាអង្គម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីព្រះអង្គទ្រង់មានព្រះរាជ ពិគ្រោះមតិ ក្រុមប្រឹក្សារដ្ឋធម្មនុញ្ញ ដោយអនុលោមតាមបទបញ្ញត្តិនៃ មាត្រា១៤៣ថ្មីនៃរដ្ឋធម្មនុញ្ញ។

ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ បានបញ្ជាក់នៅក្នុងអង្គប្រជុំ នាព្រឹកដដែលថា ការធ្វើវិសោធនកម្មលើកនេះ មានលក្ខណៈពិសេសដោយឡែកមួយទៀត ដោយហេតុថា ជាលើកទី១ នៅក្នុងប្រវត្តិសាស្រ្ត ដែលតំណាងរាស្រ្តទាំងអស់នៃរដ្ឋសភា និងពីគ្រប់គណបក្សនយោបាយទាំងអស់ ដែលមានអសនៈក្នុងរដ្ឋសភា បានរួមគ្នាស្នើសុំវិសោធនកម្មមាត្រា ៣៣ នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា៕ ប្រភព៖ Fresh News
