ចិនបានបង្ហាញឆន្ទៈក្នុងការជួយភាគីថៃ និងកម្ពុជា ឱ្យដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី...
រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានថ្លែងយ៉ាងដូច្នេះ ក្នុងអំឡុងជួបជាមួយសមភាគីថៃ លោក ម៉ារីស សាង៉ាមពុងសា (Maris Sangiampongsa) នៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី នាថ្ងៃសុក្រ (ទី១១ ខែកក្កដា) ។

រដ្ឋមន្ត្រីការបរទេសចិនរូបនេះ បានរៀបរាប់ជាបន្តទៀតថា ប្រទេសចិន នឹងរក្សាគោលជំហរអព្យាក្រឹត និងយុត្តិធម៌ លើបញ្ហាជម្លោះព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ។

បន្ថែមពីនេះ លោកក៏បានបង្ហាញក្ដីសង្ឃឹម និងលើកទឹកចិត្តឱ្យប្រទេសទាំងពីរ ចូលរួមដោះស្រាយការខ្វែងគំនិតគ្នា តាមរយៈការសន្ទនា និងការពិគ្រោះយោបល់ជាលក្ខណៈមិត្តភាព ។

ប្រទេសចិន បានស្នើចូលរួមដើរតួនាទីស្ថាបនាក្នុងការគាំទ្រសន្តិភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជាតិអាស៊ីអាគ្នេយ៍ដែលនៅជិតខាងទាំងពីរនេះ ៕ ប្រភព៖ CNC
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។