ឯកឧត្តម ឯកអគ្គរាជទូត អ៊ូអិណុ បានអញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ក្នុងពិធីរំលឹកខួបលើកទី៣២ សម្រាប់លោកអធិការនគរបាល ហារូយូគី តាកាតា ...
Heang
-

កាលពីថ្ងៃទី ៤ ខែឧសភា ឯកឧត្តម ឯកអគ្គរាជទូត អ៊ូអិណុ បានទៅបំពេញទស្សនកិច្ចនៅខេត្តឧត្តរមានជ័យ និងបានចូលរួមពិធីរំលឹកខួបលើកទី ៣២ ដល់វិញ្ញាណក្ខន្ធអតីតអធិការនគរបាល ហារូយូគី តាកាតា ដែលបានបាត់បង់ជីវិតក្នុងថ្ងៃដដែលនេះ នាឆ្នាំ១៩៩៣។ 

ពិធីរំលឹកខួបនេះធ្វើឡើងនៅទីតាំងដែលលោកអធិការ តាកាតា ត្រូវបានគេសម្លាប់ ខណៈពេលបំពេញកាតព្វកិច្ចបម្រើការជាមន្ត្រីប៉ូលិសស៊ីវិលរបស់អាជ្ញាធរបណ្ដោះអាសន្នអង្គការសហប្រជាជាតិប្រចាំកម្ពុជា(UNTAC) នៅស្រុកបន្ទាយអំពិល។ ក្រៅពីម្ដាយរបស់លោកអធិការ តាកាតា បងស្រី និងស្វាមី អតីតសហការីពីក្រុមប៉ូលិសស៊ីវិលក៏បានអញ្ជើញចូលរួមដែរ។ 

បន្ទាប់ពីបញ្ចប់ពិធីនៅស្ដូបវិញ្ញាណក្ខន្ធ អ្នកចូលរួមទាំងអស់បានទៅទស្សនកិច្ច "សាលាបឋមសិក្សា តាកាតា ហារូយូគី" ដែលស្ថិតនៅម្ខាងផ្លូវ ហើយបានប្រាស្រ័យទាក់ទងជាមួយគ្រូបង្រៀន និងសិស្សានុសិស្សនៅទីនោះ។