បើនិយាយពីកុមារី ល្អហួស ជឿជាក់ថាពិតជាមានពុកម៉ែបងប្អូន បានស្គាល់ជាក់ជាមិនខាន ព្រោះថាកុមារី រូបនេះមានទេពកោសល្យ ខាងផ្នែកសិល្បៈតាំងពីវ័យក្មេងមកម្លេះ ហើយក៏តែងតែបង្ហាញមុខ ញឹកញាប់នៅក្នុងបណ្តាញសង្គមផងដែរ ។
យ៉ាងណាមិញ ល្អហួស ត្រូវបានគេដឹងថា នាងមានសមត្ថភាព សិល្បៈពហុជំនាញទាំងបុរាណ និងសម័យ របាំ ច្រៀង សម្ដែង និងបង្ហាញម៉ូដ គឺក្មេងស្រីម្នាក់នេះ សុទ្ធតែធ្វើបានល្អទាំងអស់ មិនចាញ់អ្នកជាជីពនោះទេ។
ចំពោះទេពកោសល្យសិល្បៈវិញ ត្រូវបានឪពុកមារបស់នាង រៀបរាប់ថា៖ «ល្អហួស មានសមត្ថភាពផ្នែកសិល្បៈខាងរបាំបុរាណខ្មែរ។ នាងអាចរាំរបាំបុរាណខ្មែរបាន ៧ របាំយ៉ាងស្អាត និងស្ទាត់ជំនាញ ដូចជារបាំអប្សរា របាំថ្វាយព្រះពរ របាំជូនពរ របាំនារីជាជួរ របាំឈួយឆាយ របាំភួងនារី និងរបាំនាគបួងសួង»។
ដំណើរលើវិថីសិល្បៈ ល្អហួស ធ្លាប់ចេញបទចម្រៀង «នាងសំរាម» ស្ដីពីជីវិតកុមារីកម្សត់តស៊ូដើររើសសំរាមចិញ្ចឹមជីដូនពិការចាស់ជរា ដែលចូលរួមសម្ដែងដោយ តារាសម្តែងជើងចាស់អ្នកនាង ស្វែង សុជាតា ផងដែរ ។
ជាក់ស្តែងអ្វីដែលកាន់តែគួរឲ្យភ្ញាក់ផ្អើលនោះគឺ នៅកាលពីពេលថ្មីៗនេះ ល្អហួស បានចូលរួមសម្តែងនៅក្នុងរឿង ប្រវត្តិសាស្ត្រមួយដែរមានចំណងជើងថា ម៉ាក់ថឺង តាមរយៈខ្សែភាពយន្តនេះដែរ គេបានឃើញ ល្អហួស តុបតែងខ្លួនយ៉ាងស្រស់ស្អាត ត្រូវជាមួយនិងសាច់រឿងខ្លាំងណាស់ ។
មិនត្រឹមតែប៉ុណ្ណោះ ក្មេងស្រី ល្អហួស បានបង្ហាញសមត្ថភាពសម្តែងដ៏គួរឲ្យចាប់អារម្មណ៍ផងដែរ ទាំងការលេងទឹកមុខ ទាំងកាយវិការ មើលទៅពិតជាសម្តែងបានល្អខ្លាំងណាស់ មិនចាញ់តារាជើងចាស់ ដែរជាអ្នកអាជីពនោះទេ ៕
ចង់ដឹងកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖