កម្សាន្ត ៖ ថ្មីៗនេះប្អូនស្រីម្នាក់ឈ្មោះ ថា ស្រីណុច ដែលជាបេក្ខភាពប្រឡងកម្មវិធី The Voice Kids Cambodia ត្រូវបានមហាជនជាច្រើនមានក្តីអាណិតអាសូរយ៉ាងខ្លាំងក្រោយប្អូនស្រីបានធ្វើការរៀបរាប់ពីជីវិតពិតរបស់ប្អូនស្រីឲ្យមហាជនបានដឹង បន្ទាប់ពីបានស្តាប់នូវរឿងរ៉ាវដ៏សែនកំសត់របស់ប្អូនស្រីហើយ មានមហាជនបានស្រក់ទឹកភ្នែកដោយមិនដឹងខ្លួនឡើយ ។
យ៉ាងណាមិញនៅពេលដែលប្អូនស្រីបានរៀបរាប់រឿងរ៉ាវជីវិតខ្លួនបែបនេះហើយ មានចំណុចមួយធ្វើឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងនោះគឺ មុនពេលប្អូនស្រីឡើងមកប្រឡងប្អូនប្រាប់ថាប្អូនមិនមានសម្លៀកបំពាក់សម្រាប់មកប្រឡងនោះទេ តែមានអ្នកគ្រូពេទ្យចិត្តល្អម្នាក់បានឲ្យរ៉ូបមួយដល់ប្អូនស្រីដើម្បីចូលរួមប្រឡង ហើយប្អូនស្រីពិតជាសប្បាយចិត្តយ៉ាងខ្លាំង ។
ទន្ទឹមនិងនេះដែរទោះបីជាប្អូនស្រី ថា ស្រីណុច មិនបានជាប់ទៅវគ្គបន្តក៏ពិតមែនប៉ុន្តែប្អូនស្រីត្រូវបានមហាជនជាច្រើនអាណិតស្រឡាញ់និងជួយប្អូនស្រីឲ្យមានជីវភាពល្អប្រសើរដូចគេដូចឯងផងដែរ ។
ជាក់ស្តែងថ្មីៗនេះពេលទៅដល់ស្រុកកំណើតភ្លាម ប្អូនស្រី ថា ស្រីណុច បានយកផ្លែឈើមួយថង់ធំទៅជូនដល់អ្នកគ្រូពេទ្យដែលបានផ្តល់រ៉ូបមួយឈុតមកអោយប្អូនពាក់ឡើងមកប្រឡង ហើយប្អូនស្រីធ្វើនេះគឺចង់បង្ហាញពីការដឹងគុណ និងអរគុណដល់អ្នកគ្រូពេទ្យដែលបានជួយប្អូន ផងដែរ ៕









