កោះហៅ លោកវេជ្ជបណ្ឌិត សែម រតនា ដើម្បីបំភ្លឺជំវិញការផលិតមាតិការមួយ ដែលប៉ះពាល់ និងថ្នាំងថ្នាក់ដល់អាជីវករលក់ខោអាវជជុះនៅផ្សារបឹងកេងកង...
Heang
-

ភ្នំពេញ: នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ អនុវត្តតាមការណែនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម ប្រធាននាយកដ្ឋាន នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានកោះអញ្ជើញ លោកវេជ្ជបណ្ឌិត សែម រតនា ដែលជាអ្នកផលិតមាតិការតាមបណ្តាញទំនាក់ទំនងសង្គមមួយរូប ដើម្បីបំភ្លឺជំវិញការផលិតមាតិការមួយ ដែលប៉ះពាល់ និងថ្នាំងថ្នាក់ដល់អាជីវករលក់ខោអាវជជុះនៅផ្សារបឹងកេងកង។

លោកវេជ្ជបណ្ឌិត សែម រតនា បានទទួលស្គាល់ថា កាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ រូបលោក ពិតជាបានផលិតមាតិការ និងបង្ហោះវីដេអូ ដែលនិយាយប៉ះពាល់ដល់អាជីវករលក់ខោអាវជជុះនៅផ្សារបឹងកេងកង ពិតប្រាកដមែន។ បន្ទាប់ពីបានទទួលស្គាល់នូវកំហុសឆ្គងដោយអចេតនានេះរួចមក លោកបានលើកដៃសំពះសុំទោស ដល់តំណាងអាជីវករ ហើយសន្យាថាពេលត្រឡប់ទៅវិញនឹងធ្វើវីដេអូបកស្រាយកែតម្រូវ និងធ្វើការសុំទោសគណៈគ្រប់គ្រង ក៏ដូចជាអាជីវករផ្សារបឹងកេងកងទាំងមូលផងដែរ។

លោក ឯក និមល ប្រធានផ្សារ តំណាងឲ្យអាជីវករផ្សារបឹងកេងកងទាំងមូល បានថ្លែងអំណរគុណ ចំពោះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដែលបានធ្វើការដោះស្រាយជូនបងប្អូនអាជីវករបានឆាប់រហ័ស និងទាន់ពេលវេលា។ ក្រោយការសម្របសម្រួល ភាគីតំណាងអាជីវករផ្សារបឹងកេងកង បានឯកភាព និងទទួលយកការសុំអភ័យទោសពីលោកវេជ្ជបណ្ឌិត សែម រតនា និងបញ្ចប់វិវាទដោយក្តីសោមន្សរីករាយ និងភាតរភាពទាំងសងខាង ៕  ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា