ខ្លាំងបាត់ ! ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
Heang
-

កាលពីថ្ងៃសុក្រទី២៧ខែមិថុនាឆ្នាំ២០២៥ នាយករដ្ឋមន្ត្រីថៃ ផែថងថាន ស៊ីណាវ៉ាត្រ បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ដោយពិភាក្សាគ្នាលើបញ្ហាមួយចំនួនក្នុងនោះមានទាំងបញ្ហាព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ (Scam) ផងដែរ។

ចំពោះបញ្ហាព្រំដែនកម្ពុជា-ថៃ លោកស្រីផែថងថាន និយាយថា ថៃប្តេជ្ញាចិត្តចំពោះដំណោះស្រាយដោយសន្តិវិធី មានចេតនាស្មោះត្រង់ដោយឈរលើមិត្តភាពជាអ្នកជិតខាងល្អ ឯកភាពអាស៊ាននិងច្បាប់អន្តរជាតិ។

លោកស្រីជឿជាក់ថា កិច្ចចរចាទ្វេភាគីគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពបំផុតក្នុងការស្វែងរកដំណោះស្រាយប្រកបដោយស្ថាបនា និងផ្តល់ផលប្រយោជន៍គ្នាទៅវិញទៅមក។ ប្រទេសថៃនៅតែបន្តគាំទ្រការងាររបស់គណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) ហើយសង្ឃឹមថា បារាំង ក្នុងនាមជាដៃគូអន្តរជាតិដ៏ជិតស្និទ្ធ នឹងដើរតួក្នុងការគាំទ្របរិយាកាសអំណោយផលដល់ការបន្តកិច្ចចរចាទ្វេភាគី។

ចំណែកទាក់ទងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន, លោកស្រី ផែថងថាន បានលើកឡើងពីវិធានការយ៉ាងសកម្មរបស់ថៃប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសការឆបោកនិងឧក្រិដ្ឋកម្មអនឡាញ (Scam) ហើយបានបញ្ជាក់ពីការត្រៀមខ្លួនធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយដៃគូអន្តរជាតិ រួមទាំងប្រទេសបារាំងផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រៅពីបញ្ហាខាងលើនេះ លោកស្រីផែថងថាននិងលោកម៉ាក្រុង ក៏ពិភាក្សាគ្នាលើប្រធានបទពង្រឹងទំនាក់ទំនងទ្វេភាគី ពាណិជ្ជកម្ម វិនិយោគ បញ្ហាជាសកលនិងដំណើរទស្សនកិច្ចផ្លូវការផងដែរ៕ ប្រភព ៖ កម្ពុជាថ្មី