មួយពាន់នាក់មានមួយ!!! ឃាត់ខ្លួននារីវ័យក្មេងម្នាក់ ដែលជាជនសង្ស័យ ​បានយក​ម៉ូតូ​មិត្ត​ភក្ដិ​ទៅ​បាត់​អស់​រយះពេល​៣​ខែ ត្រូវ​ម្ចាស់​តាម​រក​ឃើញ ហើយ​ឃាត់ខ្លួនឲ្យ​សមត្ថកិច្ច
-

ភ្នំពេញៈ កាល​វេលា​ម៉ោង​៦ៈ​​២៥​នាទី ល្ងាច​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០១៨ នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ នារីម្នាក់ដែលជាជនសង្ស័យ ​បានយក​ម៉ូតូ​មិត្ត​ភក្ដិ​ទៅ​បាត់​អស់​រយះពេល​៣​ខែ ត្រូវ​ម្ចាស់​តាម​រក​ឃើញ ហើយ​ឃាត់ខ្លួនឲ្យ​សមត្ថកិច្ច ។

ជន​រង​គ្រោះ​ឈ្មោះ សេង ស្រី​ម៉ៅ ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ត្រពាំង​ជ្រៅ សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ មានស្រុក​កំណើត​នៅ​ភូមិ​តា​មុំ ឃុំ​ពោធិ៍​រាជ ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង​។ ចំណែក​នារីជនសង្ស័យមាន​ឈ្មោះ ជា ស្រី​ដា ភេទ​ស្រី អាយុ​២៥​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​ព្រៃ​រកា ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល មានស្រុក​កំណើត​នៅ​ភូមិ ក្រូចឆ្មារ​ ឃុំ​ក្រូចឆ្មារ​ ស្រុក​ចំការលើ ខេត្តកំពង់ចាម​។ រីឯ​ម៉ូតូ​មួយ​គ្រឿង​ដែល​ជនសង្ស័យ​ឆបោក​ម៉ាក​ឌ្រី​ម​សង់ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1FG-5414​។
តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បានឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២៤ ខែមេសា​ ឆ្នាំ​២០១៨ ជន​រង​គ្រោះ​និង​ជនសង្ស័យ​ជា​មិត្ត​ភក្ដិ​នឹង​គ្នា បាន​នាំ​គ្នា​មក​ទិញ​ម្ហូប​នៅ​ផ្សារ​ QMI ស្ថិត​ក្នុងភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ តែ​ជន​រង​គ្រោះ​មិន​ចេះ​ជិះ​ម៉ូតូ​បានឲ្យ​ជនសង្ស័យ​ជា​អ្នក​ឌុ​ប​ដើម្បី​មក​ផ្សារ​ទិញ​ម្ហូប បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ចុះ​ទៅ​ទិញ​ម្ហូប ហើយ​ជនសង្ស័យ​បាន​ប្រាប់​ទៅ​នារី​រង​គ្រោះ​ថា «​ខ្ញុំ​ទៅ​ចាំ​កន្លែង​ហូប​បង្អែម​សព្វដង​» ដែល​ជិត​កន្លែង​ជន​រង​គ្រោះ​ទិញ​មក​ហូប​។ បន្ទាប់​មក​ជនសង្ស័យ​បាន​ជិះ​ចេញ​ទៅ​បាត់ ចំណែក​ជន​រង​គ្រោះ​ពេល​ទិញ​ម្ហូប​រួច​ហើយ​បាន​ដើរទៅ​កន្លែង​បង្អែម​ដែល​ធ្លាប់​ហូប តែ​មិនឃើញ​ជនសង្ស័យ​ឡើយ បន្ទាប់​មក​ជន​រង​គ្រោះ​បាន​ខ្ចី​ទូរស័ព្ទ​អ្នកលក់​នៅ​ជិត​កន្លែង​កើតហេតុ​ដែរ តែ​ជនសង្ស័យ​មិន​លើក​ទូរស័ព្ទ​ឡើយ បន្ទាប់​មក​ជន​រង​គ្រោះ​បានឲ្យ​ប្តី​ទៅ​ដាក់​ពាក្យបណ្តឹង​ជំនួស​ភ្លាម​ៗ​ផង​ដែរ​។ លុះ​នៅ​ថ្ងៃ​កើតហេតុ មិត្ត​ភក្ដិ​ម្នាក់​ទៀត​បានឃើញ​ជនសង្ស័យ​ខាងលើ​ធ្វើការ​រោងចក្រ​ នៅ​ម្តុំ​ព្រៃ​រកា ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល ដែល​កំពុង​ដើរ​ទិញ​ម្ហូប ភ្លាម​ៗ​នោះ​ជន​រង​គ្រោះ​និង​ប្តី​បាន​ទៅ​ឃាត់​ជនសង្ស័យ​នាំ​មក ​ប៉ុស្តិ៍​ចោម​ចៅ​៣​ ហើយ​ប្រគល់​ឲ្យ​សមត្ថកិច្ច​ដើម្បី​សួរនាំតែម្តង ។