
រាជធានីភ្នំពេញ ៖ មហាជន ជាពិសេស បណ្តាអ្នកលេងបណ្តាញសង្គមបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកតាសក់សភ្នំត្បែងបានប្រកាសជាសាធារណៈថា ខ្លួនគឺជាស្វាមីរបស់តារាចម្រៀង មាស សុខសោភា យ៉ាងពិតប្រាកដ និងស្នើអោយមហាជនបញ្ចប់ការសង្ស័យ ។

ដំណឹងនេះ បានធ្វើអោយបណ្តាសារព័ត៌មានក្នុងស្រុកជាច្រើន បានចុះផ្សាយជាបន្តបន្ទាប់ ដោយបង្ហាញពីឃ្លីបសម្លេងរបស់តាសក់សភ្នំត្បែងបាននិយាយចំៗ ដោយមិនលាក់លៀមថា លោកនេះហើយជាស្វាមីរបស់មាស សុខសោភា ។
រឿងនេះផងដែរ ក៏បានធ្វើអោយបណ្តាអ្នកគាំទ្រ មាស សុខសោភា ភាគច្រើនសម្តែងហួសចិត្ត និងការមិនពេញចិត្តចំពោះរូបនាង ដែលធ្វើការសម្រេចចិត្តបែបនេះឡើយ ។ យ៉ាងណា ទន្ទឹមនឹងការមិនសប្បាយចិត្តពីអ្នកគាំទ្រ គេក៏ឃើញមានអ្នកសិល្បៈដូចគ្នាជាច្រើនរូប បានបង្ហាញការគាំទ្រទៅលើ មាស សុខសោភា ដោយពួកគេចាត់ទុកថា នេះជាការសម្រេចផ្ទាល់ខ្លួនរបស់នាង ។
ពាក់ព័ន្ធបញ្ហាខាងលើនេះ បងប្រុសរបស់តារាចម្រៀងនាង មាស សុខសោភា គឺលោក មាស សុខរតនៈ បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចថា «ចំពោះរឿងនេះ លោកមិនបានដឹងឡើយ ព្រោះជារឿងផ្ទាល់ខ្លួន បើទោះបីជាកន្លងមក លោកគឺជាអ្នកដឹកដៃប្អូនអោយទទួលភាពល្បីល្បាញក៏ដោយ ។

លោកថា រឿងផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ៗ ក្នុងនាមជាបង ជាប្អូន ជាម្តាយ ជាឪពុក គឺមិនមែនយើងល្ងង់មើលមិនឃើញស្ថានភាពទៅថ្ងៃខាងមុខយ៉ាងណានោះទេ ប៉ុន្តែចំពោះរឿងខ្លះយើងនិយាយគ្រប់បែបយ៉ាងរួចហើយ បើគេមិនតាម យើងក៏មិនដឹងធ្វើយ៉ាងមេចដែរ ព្រោះជាសិទ្ធិបុគ្កលផ្ទាល់ខ្លួន» ។
យ៉ាងណា បើតាមលោក មាស សុខរតនៈ ចំពោះរឿងនេះ ក្នុងនាមជាបងប្រុស គឺលោកនៅតែទទួលយកនូវអ្វីដែលប្អូនបានធ្វើទោះអាក្រក់ឬល្អ ក៏យើងជាបងប្អូនដូចពាក្យថា ឈាមខាប់ជាងទឹក ។

ដោយឡែក ពាក់ព័ន្ធបញ្ហានេះដែរ រហូតមកទល់នាពេលនេះ គេនៅមិនទាន់ឃើញតារាចម្រៀងនាង មាស សុខសោភា ចេញមុខមកធ្វើការបកស្រាយបែបណានៅឡើយទេ ។ ប៉ុន្តែនៅមុនពេលផ្ទុះរឿងរ៉ាវខាងលើនេះ មាស សុខសោភា ក៏បានបង្ហោះសំណេរតាមបណ្តាញសង្គមថា បើមនុស្សមិនរៀនឈ្វេងយល់អំពីច្បាប់ធម្មជាតិទាំង៧របស់ខ្លួនឯងម្នាក់ៗទេ អ្នកនៅតែមើលឃើញល្អថា ជាអាក្រក់ ត្រូវទៅជាខុស សរទៅជាខ្មៅ អស់មួយជីវិត។

នាងបន្តថា អ្វីដែលសំគាល់ឱ្យសតិបញ្ញារបស់យើងគិតថា យើងកំពុងតែដើរលើផ្លូវត្រូវឬខុស ល្អឬអាក្រក់នោះ គឺមានតែសច្ចធម៌តែ១គត់ ដែលឆ្លុះបង្ហាញភាពសុក្រឹតដល់យើង ។ នាងបញ្ជាក់ថា ពេលខ្លះគេមើលមកយើងថា កំពុងដើរលើផ្លូវខុស ប៉ុន្តែអ្នកទាំងនោះមិនមានភាពក្លាហានចេញមកបកស្រាយអំពីចំណុចខុសដែលខ្លូនកំពុងគិតថាគេខុសនោះឡើយ ។ បើចង់ដឹងថា គេដើរលើផ្លូវត្រូវឬខុស ត្រូវរៀនស្គាល់ពីច្បាប់ធម្មជាតិរបស់ខ្លួន ហើយឈ្វេងយល់ឱ្យច្បាស់អំពីសច្ចធម៌ ៕ ប្រភព៖ កោះសន្តិភាព
