លោក ខៀវ កាញារីទ្ធ សូមឆ្ងល់មួយទៀត, តើថៃបូជាជើងដៃកូនទាហាន ដើម្បីទម្លាក់ថ្មលើយោធាខ្មែរឬ?
Heang
-

(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ អតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាសមាជិករដ្ឋ​សភា​កម្ពុជា បានការងឿងឆ្ងល់ទៀតហើយជុំវិញការផ្ទុះមីនរបស់ទាហាន ថៃលើដីព្រំដែន របស់​​កម្ពុជា។ ចម្ងល់តបនឹងការលើកឡើងរបស់ថៃនាពេលនេះ លោក ខៀវ កាញារីទ្ធ បានលើកជាសំណួរថា ទាហានថៃ មិនដែលចូលសាលា ឬមួយគេបូជាជើង​ដៃ​កូន​ទាហានគេដើម្បីទម្លាក់ថ្មលើយោធាខ្មែរ?

ក្រោយហេតុការណ៍ផ្ទុះមីននោះ ថៃថា បានជាដឹងថាមីន ដាក់នេះជាមីនថ្មី ព្រោះមិន​មាន​ដើមអីថ្មីដុះលើទេ ពោល គឺវាល។ និយាយអញ្ចឹងប្រហែលបោកបានថៃដែលមិន​ស្គាល់​សង្គ្រាម តែអ្នកដើរសង្គ្រាម​បោក​មិនបានទេ។

តាមរយៈទំព័រហ្វេសប៊ុកនាព្រឹកថ្ងៃអង្គារ ទី២២ ខែកក្កដា ឆ្នាំ២០២៥នេះ លោក ខៀវ កា​ញារីទ្ធ រំលេចសារទាំងស្រុងដូច្នេះ «សូមឆ្ងល់មែនទែនមួយទៀត! ថៃថា បានជា​ដឹងថា មីនដាក់នេះជាមីនថ្មីព្រោះមិនមានដើមអីថ្មីដុះលើទេ ពោល គឺវាល។ និយាយ​អ៊ីចឹង ប្រហែលបោកបានថៃ ដែលមិនស្គាល់សង្គ្រាម តែអ្នកដើរសង្គ្រាម​បោកមិន​បាន​ទេ។ ពេលសង្គ្រាមបើកឡានលើផ្លូវកៅស៊ូ បើឃើញមានស្នាមកៅស៊ូថ្មី គេចៀស​ហើយ ព្រោះជាសញ្ញាបង្កប់មីនថ្មី ឯនៅក្នុងព្រៃដែលមានស្មៅ កូនឈើស៊ុបទ្រុប បើ​ឃើញ​វាលមួយកូនដុំ ឬកូនស្មៅទើបលាស់ គេចៀសហើយ ព្រោះសុទ្ធតែ​សញ្ញាមីន​កប់ថ្មី។ ឬមួយទាហានថៃមិនដែលចូលសាលា ឬ មួយគេបូជាជើងដៃ​កូនទាហានគេ ដើម្បីទម្លាក់ថ្មលើយោធាខ្មែរ?»។

កាលពីថ្ងៃទី១៩ ខែកក្កដា កន្លងទៅ លោក ខៀវ កាញារីទ្ធ ក៏បាន​បង្ហាញ​​ការងឿង​ឆ្ងល់​លើការចោទរបស់ថៃពាក់ព័ន្ធការផ្ទុះមីននេះផងដែរ។ ចម្ងល់​ពេល​នោះ​ត្រង់ថា ថៃមាន​ដ្រូន​សម្រាប់ស៊ើបការណ៍ និងកងទ័ពនៅពេញព្រៃ ហេតុអ្វីក៏មិនដឹងថាទាហានខ្មែរ​ដាក់​មីន?

សូមបញ្ជាក់ថា ពាក់ព័ន្ធការផ្ទុះមីននេះ ក្រសួងការបរទេសកម្ពុជា បានច្រានចោល​រាល់​ការ​ចោទប្រកាន់របស់ថៃ។ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា ឧប្បត្តិហេតុនេះ កើតព្រោះតែទាហានថៃមិនគោរពកិច្ចព្រមព្រៀងទាំងឡាយជាមួយកម្ពុជា ហើយរំលោភចូលដីកម្ពុជា ទើបជាន់មីនសល់ពីសម័យសង្គ្រាម៕ ប្រភព៖ Fresh News