
នៅព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៥ នេះ ក្រុមការងារក្រសួងអប់រំ បានចុះស្រាវជ្រាវទៅលើករណីគ្រូបង្រៀនម្នាក់ នៅក្នុងវិទ្យាល័យ ហ៊ុន សែន សេរីដីដុះ ខេត្តកណ្តាល ដែលបានឆាតបែបរោគចិត្តជាមួយសិស្សស្រី។ នេះបើតាមប្រភពព័ត៌មានដែលទទួលបាននៅព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៥ នេះ។

ចំពោះការចុះស្រាវជ្រាវនេះផងដែរ ធ្វើឡើងបន្ទាប់ពីនៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០២៥ មានករណីបែកធ្លាយរឿងរ៉ាវគ្រូបង្រៀនរោគចិត្តម្នាក់ បានឆាតលួងលោមកូនសិស្សស្រី ឱ្យថតរូបអាក្រាតផ្ញើឱ្យខ្លួនជាថ្នូរយកពិន្ទុ និង និទ្ទេសល្អ បង្កឱ្យមានការជជែកវែកញែកពេញបណ្ដាញសង្គម ព្រមទាំងធ្វើឱ្យមហាជនសម្ដែងក្ដីខកចិត្ត និង ហួសចិត្តជាខ្លាំង។

យ៉ាងណាមិញ បើតាមប្រភពព័ត៌មានបឋម គ្រូបង្រៀនរោគចិត្តរូបនេះ ត្រូវបានគេស្គាល់ថាជាគ្រូបង្រៀនម្នាក់ នៅក្នុងវិទ្យាល័យ ហ៊ុន សែន សេរីដីដុះ ស្ថិតនៅក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល៕


