ក្តៅៗ ! អង្គការសហ ប្រជាជាតិ (UN) បានប្រកាសជាថ្មីថា «តំបន់ជុំវិញប្រាសាទព្រះវិហារ » គឺ ជា«អធិបតេយ្យភាពរបស់កម្ពុជា»
Heang
-

ភ្នំពេញ៖ អង្គការសហប្រជាជាតិ នៅថ្ងៃទី ២៤ កក្កដា ឆ្នាំ២០២៥នេះ បានប្រកាសអះអាងជាថ្មីថា តំបន់ជុំវិញប្រាសាទព្រះវិហារ គឺជាដែនអធិបតេយ្យភាពរបស់កម្ពុជា ហើយអំពាវនាវឲ្យកម្ពុជា និង ថៃអត់ធ្មត់ និង ដោះស្រាយជម្លោះតាមបែបសន្តិភាព។នេះបើយោងតាមការចេញផ្សាយតាមគេហទំព័រព័ត៌មានផ្លូវការជាភាសាចិន របស់អង្គការសហប្រជាជាតិ។

យោងតាមប្រភពដដែល អ្នកនាំពាក្យរងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Farhan Haq បានគូសបញ្ជាក់ថា លោក Antonio Guterres កំពុងតាមដានយ៉ាងជិតស្និទ្ធលើស្ថានការណ៍អំពីការប្រឈមគ្នាដោយអាវុធនៅតំបន់ព្រំដែនរបស់ប្រទេសទាំងពីរ។លោក Farhan Haq ថា អង្គការសហប្រជាជាតិ មានការព្រួយបារម្ភចំពោះស្ថានការណ៍បច្ចុប្បន្ន និងអំពាវនាវឲ្យភាគីទាំងពីរអនុវត្តអត់ធ្មត់ជាអតិបរមា។

បើតាមលោក Farhan Haq គូរជម្លោះទាំងសងខាង គួរត្រូវបានដោះស្រាយតាមវិធីសន្តិភាព ដោយផ្អែកលើស្មារតីមិត្តភាពជាអ្នកខាងជិត និងការចរចាដើម្បីស្វែងរកដំណោះស្រាយយូរអង្វែង។

ជាមួយគ្នានេះ គេហទំព័រព័ត៌មានផ្លូវការជាភាសាចិន របស់អង្គការសហប្រជាជាតិ បានលើកយកពីប្រវត្តិនៃជម្លោះ ព្រំដែនរវាងថៃ និងកម្ពុជា គឺជាជម្លោះយូរយ៉ាមកហើយ មានប្រភពតាំងពីសម័យអាណានិគមបារាំង។ នៅឆ្នាំ១៩០៧ បារាំង បានគូរផែនទីមួយដែលបង្ហាញប្រាសាទព្រះវិហារមានទីតាំងស្ថិតក្នុងទឹកដីកម្ពុជា។ ទោះបីជា តុលាការអន្តរជាតិក្នុងឆ្នាំ១៩៦២ បានវិនិច្ឆ័យថា ប្រាសាទនេះជារបស់កម្ពុជា តែមិនបានកំណត់អោយច្បាស់ពីអធិបតេយ្យភាពលើទីកដីជុំវិញនោះឡើយ។ ចាប់តាំងពីពេលនោះ តំបន់នេះ បានក្លាយជាចំណុចជម្លោះយូរអង្វែងរវាងប្រទេសទាំងពីរ។

UN បន្តថា ការបញ្ចូលប្រាសាទព្រះវិហារជាថ្នាក់បេតិកភណ្ឌពិភពលោក ស្ថិតក្នុងបញ្ជីរបស់កម្ពុជាក្នុងឆ្នាំ ២០០៨ បានបង្កឲ្យភាពតានតឹងបន្ថែម និង នាំឲ្យមានការប្រឈមអាវុធជាច្រើនលើក។នៅឆ្នាំ២០១៣ តុលាការអន្តរជាតិ បានបញ្ជាក់ឡើងវិញថា តំបន់ជុំវិញប្រាសាទនេះ ជាអធិបតេយ្យភាពរបស់កម្ពុជា ក៏ប៉ុន្តែជម្លោះនៅតែមិនទាន់ត្រូវបានដោះស្រាយអោយចប់សព្វគ្រប់។

ក្នុងខែកក្កដា ឆ្នាំ២០២៥ ស្ថានការណ៍តំបន់ព្រំដែនបានកើនឡើងកាន់តែធ្ងន់ធ្ងរ យោធាថៃបានដើរចូលក្នុងតំបន់ជម្លោះ ហើយជាន់គ្រាប់មីន បណ្តាលឲ្យរងរបួស។ ករណីនេះបានជាផ្នែកមួយនៃស្ថានភាពបណ្តាលឲ្យមានការប្រឈមគ្នាដោយអាវុធ រួមមានការបាត់បង់ជីវិត និង ការជំលះប្រជាពលរដ្ឋតាមព្រំដែនជាច្រើនជាអាសន្ន។

ក្នុងពេលដូចគ្នា ថៃក៏កំពុងប្រឈមនឹងស្ថានការណ៍នយោបាយក្នុងស្រុក​អតីតនាយករដ្ឋមន្រ្តី Phaetongtarn ត្រូវបានផ្អាកពីតំណែង បន្ទាប់ពីការលេចធ្លាយទំនាក់ទំនងសម្ងាត់ជាមួយសម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា ក៏ជាអតីតនាយករដ្ឋមន្រ្តីកម្ពុជា វិបត្តិនេះក៏បានបង្កើនកំហឹង និង គោលជំហរកាន់ខ្លាំងរបស់កងទ័ពថៃមកលើកម្ពុជា៕