ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានបង្ហោះសារនៅយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥នេះ ឆ្លើយតបនឹងការគំរាមរបស់ថៃ ដែលចង់បញ្ឈប់ការផ្គត់ផ្គង់ប្រេងមកប្រទេសកម្ពុជា ថា «លេងល្បែងគំរាម ដែលនាំដល់ការខាតបង់ខ្លួនឯង!» ។

ខ្លឹមសារទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ៖ «ថ្ងៃនេះ ឃើញបក្សប្រឆាំងថៃមួយ ជូនយោបល់ទៅរាជរដ្ឋាភិបាលថៃ ថា ឲ្យឈប់លក់ប្រេងឲ្យកម្ពុជា ដែលនឹងធ្វើឲ្យកម្ពុជាចុះចាញ់។ យើងសូមបញ្ជាក់ទៅអ្នកវិញថា យើងមិនស្លាប់ដោយសារមិននាំប្រេងពីថៃមកនោះទេ ប៉ុន្តែអ្នកដែលស្លាប់គឺក្រុមហ៊ុន PTT របស់ថៃទៅវិញទេ។ តើអ្នកចង់ឲ្យក្រុមហ៊ុនថៃ PTT ស្លាប់មែនទេ ? បើចង់ សូមឲ្យអ្នកធ្វើតាមបំណងចុះ ។

សម្រាប់កម្ពុជា បានត្រៀមខ្លួនរួចរាល់ ដើម្បីដោះស្រាយស្ថានភាព ដែលពួកអ្នកគំរាមរួចហើយ អ៊ីនធើណែត អគ្គិសនី ពលករ និងពេលនេះ ល្បែងប្រេងធ្វើជាអាវុធប្រឆាំងយើងទៀត។

បញ្ហាពលករពេលមុន ពួកអ្នកមើលងាយ និងរើសអើងពលករខ្មែរ និងយកពលករធ្វើជាចំណាប់ខ្មាំងផង និងគំរាមយើងផង តែពេលដែលយើងប្រកាសទទួលយកពលករពេលនេះពួកអ្នកបែរជាចេះយកចិត្ត និងលួងលោមពលករ ព្រោះបើពលករខ្មែរ ចាកចេញរោងចក្រ កសិដ្ឋាន ក្រុមហ៊ុន ការដ្ឋានសំណង់មួយចំនួន អាចត្រូវបិទទ្វារ ព្រោះខ្វះកម្លាំងពលកម្ម។ បើពួកអ្នកក្លាហាន សូមពួកអ្នកបណ្តេញពលករខ្មែរសាកល្បងមើល តើវាប៉ះពាល់សេដ្ឋកិច្ចថៃខ្លះទេ ? ។

ប្រេងក៏ដូចគ្នាសូមសាកល្បងមើលចុះ តែគួរសួរក្រុមហ៊ុនថៃ PTT ជាមុនសិន ព្រោះក្រែងវាងាប់ក្រុមហ៊ុនថៃ ដែល កំពុងមានស្ថានីយលក់ប្រេងនៅកម្ពុជា ឬក៏ត្រូវឲ្យក្រុមហ៊ុនប្រេងរបស់ថៃ ទៅទិញប្រេងពីប្រទេសផ្សេងមកលក់នៅកម្ពុជា ។

ក្នុងនាមជាប្រធានគណបក្ស ខ្ញុំសូមផ្តល់យោបល់ជូនរាជរដ្ឋាភិបាល ពិចារណា និងម្ចាស់ការជាមុន ដោយបង្វែរការទិញទំនិញពីប្រទេសថៃ ដើម្បីកុំឲ្យគេមានហេតុផល គំរាមយើងតទៅទៀត និងចំពោះមុខ ប្រសិនច្រកទ្វារព្រំដែន មិនទាន់កែសម្រួលឲ្យដូចដើមវិញ កម្ពុជាគួរផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទ តាំងពីគ្រឿងស្រវឹង ភេសជៈប៉ូវកម្លាំងគ្រប់ប្រភេទ រហូតដល់ត្រីខកំប៉ុង ឬសាច់កំប៉ុងគ្រប់ប្រភេទ ជំនួសដោយប្រើផលិតផលក្នុងស្រុក ឬផលិតផលនាំចូលពីប្រទេសផ្សេងៗក្រៅពីប្រទេសថៃ។

ប្រជាជនកម្ពុជាយើងគួរសម្លឹងមើលឲ្យឆ្ងាយ លើសពីព្រំដែនកម្ពុជា និងលើសពីឆ្នាំ២០៣០» ៕
