ទាហានខ្មែរម្នាក់ឈ្មោះ សួន រោន អាយុ៤៨ឆ្នាំ មានទីលំនៅក្នុងភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ និងជាទាហានឈរជើងនៅតំបន់ព្រំដែនមុំបី បានស្លាប់នៅក្នុងការផ្ទុះអាវុធជាមួយទាហានថៃនៅព្រឹកទី២៨ឧសភានេះ។
សាច់ញាតិម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ថា បច្ចុប្បន្ន ពិធីបុណ្យសពឱ្យលោក សួន រោន កំពុងធ្វើឡើងនៅក្នុងបន្ទាយទាហានកងពលលេខ៩។

ទាហានខ្មែរនិងថៃ បានបើកការបាញ់ប្រហារគ្នាក្នុងរយៈពេលខ្លី ស្ថិតនៅក្នុងតំបន់ជម្លោះតាមព្រំដែននៅថ្ងៃពុធនេះ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AP និងបណ្ដាញសារព័ត៌មានរបស់ថៃ។
សេចក្ដីថ្លែងការណ៍ពីភាគីថៃបានលើកឡើងថា ទាហានខ្មែរបានចូលទៅក្នុងតំបន់ព្រំដែនមានជម្លោះ ហើយទាហានរបស់ខ្លួនបានចូលទៅចរចានិងហាមឃាត់ ប៉ុន្តែទាហានខ្មែរបានបើកការបាញ់ប្រហារ ដែលបណ្ដាលឱ្យទាហានថៃត្រូវបាញ់តបតការពារខ្លួនទៅវិញ។

ទោះជាយ៉ាងណា អ្នកនាំពាក្យកងទ័ពជើងគោកកម្ពុជាលោក ម៉ៅ ផល្លា បាននិយាយថា ទាហានខ្មែរកំពុងដើរត្បាតតាមទម្លាប់នៅតាមព្រំដែន នៅពេលទាហានថៃបានបើកការបាញ់ប្រហារ។ ក្រោយប៉ះទង្គិចគ្នាអស់រយៈពេល១០នាទី មេបញ្ជាការកងទ័ពប្រចាំតំបន់ប្រទេសទាំងពីរបានជួបនិយាយគ្នាតាមទូរសព្ទដើម្បីបញ្ជាឱ្យមានបទឈប់បាញ់គ្នាសិន។
ភាគីថៃថា ពុំមានទាហានរបស់ខ្លួនណាម្នាក់ស្លាប់ក្នុងហេតុការណ៍ប្រយុទ្ធគ្នានេះទេ។ រដ្ឋមន្ត្រីការពារជាតិថៃលោក ភូមិថាំ វេឆាយ៉ាឆៃ (Phumtham Wechayachai) បាននិយាយថា ភាពតានតឹងត្រូវបានដោះស្រាយ ហើយបញ្ជាក់ថា កងទ័ពប្រទេសទាំងពីរ គ្មានចេតនាចង់បាញ់ប្រហារគ្នានោះទេ៕
