គណៈប្រតិភូក្រុមមិត្តភាពសភាថៃ-កម្ពុជាអញ្ជើញទស្សនា និងសិក្សាឈ្វេងយល់វិមាន ឈ្នះ ឈ្នះ
Heang
-

គណៈប្រតិភូសមាជិកសភា នៃព្រះរាជាណាចក្រថៃ ដឹកនាំដោយលោក ណាត់​ថាឆា ប៊ុនឆៃអ៊ីន​សារ៉ាត់ សមាជិកសភាតំណាងរាស្ត្រ និងជាប្រធានក្រុមមិត្តភាពសភាថៃ-កម្ពុជា​ នា​រសៀល​ថ្ងៃ​ទី​២៧ ខែឧសភា ឆ្នាំ២០២៥នេះបានអញ្ជើញ បំពេញទស្សនកិច្ច និងសិក្សាឈ្វេងយល់ នៅ​សារ​មន្ទីរ​តេជោ​សន្តិភាព នៅវិមានឈ្នះ ឈ្នះ។

ខណៈបំពេញទស្សនកិច្ចនោះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គ​នាយក​ដ្ឋាន​នយោបាយ​ និងកិច្ចការបរទេស ក្រសួងការពារជាតិ និងជាអគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​ប្រវត្តិ​សាស្ត្រ​យោធា បានទទួលស្វាគមន៍ និងបានបង្ហាញអំពីខ្លឹមសារ ក៏ដូចជាសារៈ​សំខាន់​នៃ​នយោ​បាយ​ឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន ដែលបានបញ្ចប់​សង្រ្គាម​ស៊ីវិល​ទាំង​ស្រុង​នៅ​កម្ពុជា នាំមកនូវសន្តិភាព និងការឯកភាព​ជាតិ​ពេ​ញ​លេញ​ក្នុង​ប្រវត្តិ​សាស្ត្រ​កម្ពុជា​ជាង​៥០០​ឆ្នាំ​ចុង​ក្រោយ​។

តាមរយៈដំណើរ​ទស្សនាសារមន្ទីតេជោសន្តិភាព និងរចនាបទសំណង់ស្ថាបត្យកម្មនៃវិមានឈ្នះ ឈ្នះ​បានឈ្វេង​យល់​ពីអត្ថន័យ​ និង​សារ​សំខាន់​នៃ​ស្ថាបត្យ​កម្ម​ជា​ប្រវត្តិសាស្ត្រមួយ​ដែល​បង្ហាញ​អំពី​សក្ខីភាព​នៃ​ការស្វែងរកសន្តិភាព និងការឯកភាពជាតិពេញលេញ តាមរយៈការបញ្ចប់​សង្រ្គាម​ស៊ីវិល​ទាំង​ស្រុង​នៅកម្ពុជា ដោយនយោបាយឈ្នះ ឈ្នះ។

ក្នុង​អំឡុងពេលទស្សនកិច្ចគណៈប្រតិភូសមាជិកសភានៃព្រះរាជាណាចក្រថៃ បានទស្សនា សិលា​ចារឹក ចម្លាក់ គំនូរ ពិព័រណ៍ បណ្ណាល័យ អគារពិជ័យសេនា និងសារមន្ទីរតេជោសន្តិភាព ដោយ​បាន​ឈ្វេងយល់អំពីប្រវត្តិសាស្ត្រកម្ពុជាពាក់ព័ន្ធនឹងចំណុចចាប់ផ្ដើមនៃភាពជាអ្នកដឹកនាំ របស់​សម្ដេចតេជោ ហ៊ុន សែន ក្នុងដំណើរសង្រ្គោះជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត ដំណើរ​ស្វែងរកសន្តិភាពនៅកម្ពុជា ជាពិសេសការអនុវត្តដ៏ជោគជ័យនៃនយោបាយឈ្នះ ឈ្នះ របស់​សម្ដេច ដែលបានបញ្ចប់សង្រ្គាមស៊ីវិលទាំងស្រុងនៅកម្ពុជា នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ នាំ​មក​នូវ​សន្តិភាព និងការឯកភាពជាតិពេញលេញ។

សូមបញ្ជាក់​ថាដំណើរការសាងសង់វិមានឈ្នះ ឈ្នះ ត្រូវបានផ្តួចផ្តើម​ឡើង​ដោយ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ក្នុងឆ្នាំ២០១៤។ ក្រោមការដឹកនាំសាងសង់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ហើយការកសាងវិមានឈ្នះ ឈ្នះបាន​ផ្សារភ្ជាប់​ជាមួយ​នឹង​អត្ត​សញ្ញាណជាតិ វប្បធម៌ និងអរិយធម៌ខ្មែរ និងជាសម្បត្តិសាធារណៈ ដែលអនុញ្ញាតជូន​សាធារណៈ​ជន​ជាតិ និងអន្តរជាតិបានចូលទស្សនា រៀនសូត្រ និងឈ្វេងយល់អំពី​សច្ចភាព​ប្រវត្តិ​សាស្ត្រ​នៅ​កម្ពុជា ខណៈគិតត្រឹមខែឧសភា ឆ្នាំ២០២៥នេះ មានសាធារណៈជាតិ និងអន្តរជាតិ​បាន​ចូល​ទស្សនាវិមានឈ្នះ ឈ្នះ ជាង១៧ម៉ឺននាក់។

បច្ចុប្បន្ន វិមានឈ្នះ ឈ្នះកំពុង​បន្ត​ក្រោម​ការ​ដឹក​នាំ​ពីសំ​ណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការ​ពារ​ជាតិ ​និងជាប្រធានគណៈកម្មការសិក្សាស្រាវជ្រាវសាងសង់វិមាមឈ្នះ ឈ្នះ។

ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ចនៅវិមានឈ្នះ ឈ្នះ លោក ណាត់ថាឆា ប៊ុនឆៃ​អ៊ីនសារ៉ាត់ បាន​ថ្លែង​អំណរ​​គុណ​ចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្ដៅ និងបានលើកឡើង​ថា​អ្នក​ដឹក​នាំ​ការ​ងារ​សាង​សង់​ស្ថាបត្យកម្មប្រវត្តិ​សាស្ត្រនេះជាអ្នកឆ្លងកាត់ដោយផ្ទាល់ក្នុងប្រវត្តិសាស្ត្រនៃនយោបាយឈ្នះ ឈ្នះ ដូច្នេះការដាក់បង្ហាញអំពីខ្លឹមសារ និងអត្ថន័យនៅវិមានឈ្នះ ឈ្នះ មានភាព​គ្រប់​ជ្រុង​ជ្រោយ​ប្រកប​ដោយ​សច្ចភាព។

លោកបន្តថា លោកពិតជាមានការគាំទ្រ និងឯកភាពខ្ពស់ចំពោះចក្ខុ​វិស័យ​ដឹក​នាំ​របស់​សម្ដេច​ពិជ័យ​សេនា ទៀ បាញ់ ដែលរៀបចំឲ្យវិមានឈ្នះ ឈ្នះក្លាយជាមជ្ឈ​មណ្ឌល​សិក្សា​ប្រវត្តិ​សាស្ត្រ​នៅ​កម្ពុជា ហើយមិនត្រឹមតែសម្រាប់យុវជន និងប្រជាជនកម្ពុជាប៉ុណ្ណោះទេ គឺបូករួ​ម​ទាំង​អន្តរ​ជាតិ​ផង​ដែរ​៕​​ អត្ថបទបាន ចក់