តារាចម្រៀងដែលធ្លាក់ខ្លួនឈឺ និងមានបញ្ហាជីវភាពជាខ្លាំង លោក ចាន់ សម័យ ត្រូវបានសប្បុរសជនជាច្រើនបានជួយជ្រោមជ្រែង ស្រាប់តែពេលនេះលឺដំណឹងថា លោកនិងចេញទៅច្រៀងនៅប្រទេសបារាំង។ នេះបើតាមការឲ្យដឹងពីលោក មុត ឧត្ដម អតីតតារាសម្ដែងនិងចម្រៀងម្នាក់។ លោក មុត ឧត្ដម បានបញ្ជាក់ឲ្យ Sabay ដឹងនៅព្រឹកនេះថា លោក ចាន់ សម័យ នឹងចេញទៅច្រៀងនៅប្រទេសបារាំងចំនួន២ខែកន្លះទៅ៣ខែ ដោយលោកនឹងទៅជាមួយតារាចម្រៀងស្រី២នាក់ផ្សេងទៀតមានកញ្ញា គីលី និង កញ្ញា ស្រីពេជ្រ។ គម្រោងនៃការចេញទៅនោះ ពួកគេមិនត្រឹមតែច្រៀងនៅប្រទេសបារាំង១នោះទេ គឺពួកគេនឹងដើរច្រៀងនៅប្រទេសជាច្រើនទៀតនៅប៉ែកអឺរ៉ុប មានស្វីស អូទ្រីស អាឡឺម៉ង់ ជាដើម ។ លោក មុត ឧត្ដម បានឲ្យដឹងទៀតថា វីសា របស់អ្នកទាំង៣ ទទួលបានរួចហើយ រង់ចាំតែថ្ងៃឡើងយន្តហោះតែប៉ុណ្ណោះ ដោយពួកគេនឹងចេញទៅនៅដើមខែកញ្ញា ខាងមុខនេះ។ លោក មុត ឧត្តម ជាមួយគ្នានោះ លោក មុត ឧត្ដម រំពឹងថា បន្ទាប់ពីបានទៅច្រៀងនៅប្រទេសបារាំង លោក ចាន់ សម័យ នឹងអាចមានជីវភាពកាន់តែប្រសើរឡើងវិញ ព្រោះការចេញទៅច្រៀងរបស់លោកនឹងទទួលបានប្រាក់ខែ ក៏ដូចជាប្រាក់ធីបដែលបងប្អូនខ្មែរនៅទីនោះឲ្យលោកជាក់ជាមិនខាន។ ជុំវិញការចេញទៅច្រៀងនៅបារាំងនេះ មិនអាចសុំការបញ្ជាក់បន្ថែមពីលោក ចាន់ សម័យ បានឡើយ ត្បិតអីទូរស័ព្ទរបស់លោក ខលចូល មិនមានអ្នកទទួល៕





