កាលពីថ្ងៃទី ១៧ ខែមេសា ឆ្នាំ ២០២៥ ក្នុងជំនួបទ្វេភាគីជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការបន្តគាំទ្រកម្ពុជា ផ្នែកយោធា និងសន្តិសុខ សំខាន់ៗដូចខាងក្រោម៖
១-ពង្រឹងកិច្ចសហប្រតិបត្តិការយោធាទ្វេភាគី
ប្រទេសចិននិងកម្ពុជា បន្តពង្រឹងសហការយោធារវាងគ្នាតាមរយៈសកម្មភាពសហល្បាធិការណ៍ និងការអនុវត្តបច្ចេកទេសយោធារួម ដែលនាំឲ្យមានការលើកស្ទួយសមត្ថភាពប្រតិបត្តិការជាក់ស្តែងរបស់កងទ័ពទាំងពីរ។
២-បណ្តុះបណ្តាល និងអាហារូបករណ៍
ប្រទេសចិនបានផ្តល់ឱកាសអប់រំនិងបណ្តុះបណ្តាលផ្នែកយោធា ដល់បុគ្គលិកកងទ័ពកម្ពុជា ជាពិសេសតាមរយៈកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ចំនួន ១០០០ កន្លែង ក្នុងរយៈពេល ៣ ឆ្នាំ។
៣-ផ្តល់ឧបករណ៍ និងបច្ចេកវិទ្យាដើម្បីគាំទ្រការការពារជាតិ និងលើកស្ទួយសមត្ថភាពយោធា ប្រទេសចិនបានជួយផ្គត់ផ្គង់ឧបករណ៍ និងបច្ចេកវិទ្យាជាចាំបាច់ដល់កងទ័ពកម្ពុជា។
៤-គាំទ្រសន្តិសុខជាតិទូទៅប្រទេសចិនបានផ្តល់ការគាំទ្រជាក់លាក់ក្នុងការកែលម្អសមត្ថភាពសន្តិសុខជាតិ រួមទាំងការទប់ស្កាត់ការគំរាមគំហែងជាតិ និងអន្តរជាតិ។
សូមបញ្ជាក់ថា៖ ការប្តេជ្ញាចិត្តរបស់ប្រទេសចិនបង្ហាញពីតួនាទីដ៏សំខាន់ក្នុងការជួយអភិវឌ្ឍកងទ័ពកម្ពុជាឱ្យមានសមត្ថភាពខ្ពស់ និងទាន់សម័យ ដើម្បីចូលរួមក្នុងការរក្សាសន្តិភាព និងអភិវឌ្ឍន៍ប្រទេសជាតិជាប្រកបដោយចីរភាព។ ប្រភព៖ នាយកដ្ឋានព័ត៌មាន News Department





