សម្តេចតេជោ ហ៊ុន សែន នឹងចំណាយថវិកាផ្ទាល់ខ្លួន ១០លានដុល្លារ សង់កន្លែងស្នាក់នៅសម្រាប់និស្សិតជាស្ត្រីមកសិក្សាក្នុងរាជធានីភ្នំពេញ
Heang
-

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាស​ចំណាយថវិកាផ្ទាល់ខ្លួន និងគ្រួសាររង្វង់ប្រមាណ១០លានដុល្លារ ដើម្បី​សាង​​សង់កន្លែងស្នាក់នៅ (អន្តេវាសិកដ្ឋាន) ជូនដល់និស្សិតជាស្ត្រីដែល​ឡើង​​មកសិក្សានៅរាជធានីភ្នំពេញ។

គម្រោងនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រកាសក្នុងជំនួប​ជាមួយ​ប្រតិ​ភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ដឹកនាំដោយ លោកស្រីបណ្ឌិត អុឹង កន្ថាផាវី នាព្រឹកថ្ងៃពុធ ទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ។

លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ក្នុងជំនួបនោះ សម្តេច​​តេជោ ហ៊ុន សែន បានមើលឃើញពីការលំបាករបស់និស្សិតជាស្ត្រី ពេលមករៀនសូត្រនៅរាជធានីភ្នំពេញ ជួបការលំបាកសម្រាប់ការ​ស្នាក់​នៅ។

សម្តេចតេជោ បានបញ្ជាក់ថា ពេលនៅជានាយករដ្ឋមន្ត្រី ពេលសម្តេច​ចុះ​ទៅតាមខេត្តសម្តេចតែងគិតគូរពីការសាងសង់កន្លែងស្នាក់នៅសម្រាប់គ្រូ និងសិស្ស ប៉ុន្តែនៅរាជធានីភ្នំពេញមិនទាន់មានការសាងសង់នៅឡើយ​ទេ។

បើតាមសម្តេចតេជោ កន្លែងស្នាក់នៅសម្រាប់និស្សិតជាស្ត្រីនេះ គ្រោងសាងសង់លើផ្ទៃដីទំហំប្រមាណ២ហិកតា ដោយចំណាយថវិកាប្រមាណជា ១០លានដុល្លារ។ សម្តេចតេជោ បានបញ្ជាក់ថា ថវិកានេះ មិនប្រើថវិកាជាតិនោះឡើយ គឺប្រើថវិកាសម្តេច និងក្រុមគ្រួសារ ដើម្បីបន្សល់ជាមរតកជូនដល់និស្សិតជាស្ត្រី។

សម្តេចតេជោ បានបញ្ជាក់ផងដែរថា នៅពេលកសាងរួចរាល់ សម្តេចនឹង​ប្រគល់​ជូនក្រសួងកិច្ចការនារី គ្រប់គ្រង និងចាត់ចែងក្នុងការ​ទទួល​និស្សិត​ជាស្ត្រីដែលខ្វះកន្លែងស្នាក់នៅពេលមករៀននៅរាជធានីភ្នំពេញ៕ ប្រភព៖ Fresh News