កងទ័ពថៃបដិសេធថាមិនបានបញ្ចូនយន្តហោះDroneចារកម្មឆ្លងចូលព្រំដែនកម្ពុជា
Heang
-

កងទ័ពថៃបានបដិសេធយ៉ាងដាច់អហង្ការ ចំពោះរបាយការណ៍តាមប្រព័ន្ធអ៊ីនធឺណេតរបស់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា ដែលចោទប្រកាន់ថា យន្តហោះDroneគ្មានមនុស្សបើករបស់យោធាថៃ បានហោះហើរឆ្លងកាត់ព្រំដែន ដើម្បីឈ្លបយកការណ៍ពីកងទ័ពកម្ពុជា។ លោកWinthai Suvari អ្នកនាំពាក្យកងទ័ពថៃ បានបញ្ជាក់ថា យោធាថៃមិនតម្រូវឱ្យប្រើយន្តហោះគ្មានមនុស្សបើក សម្រាប់ការឃ្លាំមើលបែបនេះទេ ព្រោះចលនាទ័ពនិងសព្វាវុធរបស់កម្ពុជា ត្រូវបានគេបង្ហោះជាសាធារណៈយ៉ាងព្រោងព្រាត នៅលើបណ្តាញសង្គមឱ្យមើលស្រាប់ទៅហើយ ដូច្នេះមិនចាំបាច់ប្រើDroneទេ។

អ្នកនាំពាក្យរូបនេះ ថែមទាំងបានចង្អុលបង្ហាញថា តំបន់ Ubon Ratchathani នៅជិតព្រំដែនជាមួយកម្ពុជា នៅតែមិនទាន់កំណត់បោះបង្គោលព្រំដែននៅឡើយទេ ដូច្នេះសកម្មភាពរបស់យន្តហោះគ្មានមនុស្សបើកនៅក្នុងតំបន់ជុំវិញ មិនអាចត្រូវបានកំណត់យ៉ាងច្បាស់លាស់ ថាជាការរំលោភទឹកដីនោះឡើយ។ នេះបើតាមការចុះផ្សាយ ដោយសារព័ត៌មានThe Nation នៅថ្ងៃទី០៣ខែមិថុនាឆ្នាំ២០២៥នេះ។

ការអះអាងរបស់លោកWinthai Suvari អ្នកនាំពាក្យកងទ័ពថៃ បានធ្វើឡើងនៅពេលដែលលោកបានលើកឡើងថា បណ្តាញសារព័ត៌មានអនឡាញរបស់កម្ពុជា បានបញ្ចេញវីដេអូឃ្លីប ដែលបង្ហាញពីទាហានខ្មែរ៣នាក់ ដែលក្នុងនោះមានម្នាក់កាន់ Drone។ ក្នុងឃ្លីបនោះ ទាហានម្នាក់បានអះអាងថា ខ្លួនបានបាញ់ទម្លាក់យន្តហោះDrone ដែលចោទថាជារបស់យោធាថៃ បានហោះរំលោភលើដែនអាកាសកម្ពុជា និងចោទប្រកាន់ថៃ ពីបទបង្កើនការលុកលុយ ដើម្បីតាមដានទីតាំងកងទ័ពកម្ពុជា។ ទាហានបានអះអាងបន្ថែមថា Droneនេះ ចាប់បាននៅថ្ងៃចន្ទម្សិលមិញ៕ ប្រភព៖ វាយោ