មេទ័ពថៃសម្រេចជម្លៀសពលរដ្ឋរាប់រយនាក់ជាបន្ទាន់ ក្រោយ មីយ៉ាន់ម៉ា​ ចាប់ផ្តេីមទម្លាក់គ្រាប់បែកនៅជាប់ព្រំដែនជាមួយថៃ
Heang
-

ថៃ ៖ សារព័ត៌មាន​ថៃ Khaosod ចុះ​ផ្សាយ នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៥ បាន​រាយការណ៍​ថា ឈាន​មក​ដល់​ថ្ងៃនេះ ស្ថានភាព​នៅ​តាម​បណ្តោយ​ព្រំដែន​ថៃ​-​មី​យ៉ា​ន់​ម៉ា នៅ​តែ​ស្ថិត​ក្នុង​ភាព​តានតឹង ជា​ពិសេស នៅ​ចំណុច​ច​ស្រុក​ភព​ប្រា ខេត្ត​តាក ដោយសារ​តែ​មានការ​ផ្ទុះ អាវុធ រវាង​ក្រុម​កងទ័ព​រំដោះ​ជនជាតិ Karen ហៅ​កាត់​ថា KNLA ជាមួយនឹង​ទាហាន​ភូមា ដែល​នាំ​ឱ្យ​អ្នក​ភូមិ រាប់រយ​នាក់​រត់​ភៀសខ្លួន​ចេញពីផ្ទះ​សម្បែង និង​តម្រូវ​អោយ​ភាគី​ខាង​ថៃ​ត្រូវ​តែ​ឃ្លាំមើល​ជាប់​ជា​និច្ច​២៤​ម៉ោង ដើម្បី​ទប់ស្កាត់​ការ​ទន្ទ្រាន​កាន់កា​.​ប់​អធិបតេយ្យភាព​របស់​ខ្លួន​។

លោក​វរសេនីយ៍ឯក Natthakorn Rueantip មេបញ្ជាការ​កងពល Rajamanoon Task Force បាន​បង្ហាញ​ពី​ស្ថានភាព​នៅ​តាម​ព្រំដែន​ក្នុង​ខេត្ត​តាក​ថា រាប់​ចាប់ពី​ពេល​ព្រឹក​រហូត​ដល់​ល្ងាច កាលពី​ថ្ងៃ​ច័ន្ទ ទី​២ មិថុនា ម្សិលមិញ ក្រុម​កងទ័ព​រំដោះ​ជនជាតិ Karen ហៅ​កាត់​ថា KNLA បាន​ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក ដើម្បី​ទម្លាក់​គ្រា​.​ប់​បែក​ពេញ​មួយ​ថ្ងៃ​នៅ​លើ​បន្ទាយ​កងទ័ព​Thibabo របស់​កង​ទ​ព័​ភូមា ដែល​គ្រប់គ្រង​ដោយ​របប​សឹក​យោធា​មី​យ៉ា​ន់​ម៉ា ។ បន្ទាយ​មួយ​នេះ ស្ថិត​ក្នុងភូមិ Thibabo ឃុំ Sugari ស្រុក Myawaddy រដ្ឋ Karen ក្នុង​ទឹកដី​មី​យ៉ា​ន់​ម៉ា ហើយ​ដែល​វា​មាន​ចម្ងាយ​ប្រហែល​១​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ព្រំដែន​ថៃ ពោល គឺ​វា​នៅ​ទល់មុខ​គ្នា​នឹង​ភូមិ Muen Ruechai ឃុំ​ភព​ប្រា ស្រុក​ភព​ប្រា ខេត្ត​តាក ហើយ​ដើម្បី​បញ្ជៀ​ស​ពី​គ្រោះថ្នាក់​ដោយ​ប្រការ​ណាមួយ​នោះ ប្រជាពលរដ្ឋ​ថៃ​នៅ​ក្នុងភូមិ Muen Ruechai ប្រមាណ​ជាង​៥០៧​នាក់ បាន់​រត់​ភៀសខ្លួន​មក​កាន់​ជំរុំ​សុវត្ថិភាព​បណ្តោះអាសន្ន​ចំនួន​៣​កន្លែង នៅ​ក្នុងស្រុក Mae Sot ខេត្ត Tak​។

ក្រុម​កងទ័ព​រំដោះ​ជនជាតិ Karen ហៅ​កាត់​ថា KNLA មាន​បំណង​វា​.​យ​ប្រហារ​រុញច្រាន​បណ្តេញ​ក្រុម​យោធា​ភូមា​ឱ្យ​អស់​ចេញពី​ទឹកដី​នៃ​រដ្ឋ Karen ព្រោះថា បច្ចុប្បន្ន​នេះ នៅ​សល់​តែ​មូលដ្ឋាន​យោធា​របស់​ទ​ព័​ភូមា​ចំនួន ៤ ប៉ុណ្ណោះ​នៅ​ក្នុងស្រុក Sukari ,​ស្រុក Myawaddy ទល់មុខ​ស្រុក Phop Phra និង​ស្រុក Umphang ខេត្ត​Tak​។

ឆ្លើយ​តប​នឹង​ស្ថានភាព​ក្តៅ​នៅ​ជាប់​នឹង​ច្រមុះ​បែប​នេះ លោក​វរសេនីយ៍ឯក Natthakorn Rueantip អះអាង​ថា លោក​បាន​ដាក់​ចេញ នូវ​បទបញ្ជា​រដាច់​ណាត់ ដោយ​តម្រូវ​ឱ្យ​បង្កើន​កម្លាំង​ល្បាត​ទូ​ទាំង​តំបន់ និង​បាន​នាំ​យក​សព្វាវុធ​គាំទ្រ​ដល់​មក​ទីតាំង​សមរភូមិ​មុខ​រួចរាល់​អស់ហើយ ដើម្បី​ត្រៀម​វាយបក​ឆ្លើយ​តប ក្នុង​ករណី​មានការ​ឈ្លានពាន​ណាមួយ​មក​លើ​អធិបតេយ្យភាព​របស់​ថៃ ពី​សំណាក់​កងកម្លាំងប្រដាប់អាវុធ​បរទេស និង​ដើម្បី​ធានា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ពេញ​មួយ​ថ្ងៃ ២៤​ម៉ោង​លើ​២៤​ម៉ោង ៕