អ្នកស្រីម៉ៅ សំណាង​ រហស្សនាមថា "ទន្សាយ" សប្បាយចិត្តដែលប្អូនៗ ក្មួយ និពន្ធជាច្រើន បានមកលេងដល់ផ្ទះ និងអរគុណដល់មិត្តអ្នកអានទាំងអស់គ្នា....
-

ខ្សែជិវិតដ៏ជូរចត់របស់អ្នកនិពន្ធជើងចាស់ អ្នកស្រី ម៉ៅ សំណាង ដែលមានរហស្សនាមថា "ទន្សាយ" ពិតជាធ្វើឲ្យប្រិយមិត្តក្តុកក្តួលជាខ្លាំង។ អ្នកនិពន្ធរឿង "ទុំទាវ" ហាក់មានសភាពស្គមស្គាំងយ៉ាងខ្លាំង ដែលមហាជនជាច្រើនមើលសឹងតែមិនស្គាល់ និងមានអារម្មណ៍ក្តុកក្តួលពេលឃើញអ្នកស្រីក្នុងសភាពបែបនេះ តែក៏សប្បាយចិត្តដែលបានដឺងដំណឹងរបស់អ្នកស្រី ពិសេសបានស្គាល់មុខអ្នកស្រីផងដែរ។ នាមជាកូនស្រីច្បងនៅក្នុងគ្រួសារ និងត្រូវទទួលបន្ទុកគ្រួសារ នៅពេលដែលលោកមានគុណបានលាចាកលោកទៅ ធ្វើឲ្យកូនស្រីម្នាក់នេះ ពីក្មេងស្រីដែលដើរលក់បារីតាមផ្លូវ ក្លាយខ្លួនទៅជាអ្នកនិពន្ធ នឹងមានស្គាល់ជាច្រើនផងនោះ។ ជាក់ស្តែងកាលពីពេលថ្មីនេះ អ្នកស្រីបានបង្ហោះសារសប្បាយរីករាយ ដោយមានប្អូនៗ ក្មួយ ដែលជាអ្នកនិពន្ធស្រករក្រោយបានមកសួរសុខទុក្ខដល់ផ្ទះ ដោយអ្នកស្រីបានលើកឡើងថា "ជូនចំពោះ មិត្តអ្នកអានជាទីស្រឡាញ់ ខ្ញុំរំភើបចិត្តខ្លាំងណាស់ ដែលបានទទួលក្តីស្រឡាញ់ រាប់អាន ពីមិត្តអ្នកអានទាំងអស់។ កាលពីពេលថ្មីៗនេះ អ្នកនិពន្ធវ័យក្មេងជាច្រើននាក់ ក្នុងក្រុមអ្នកនិពន្ធវេទមន្ត ដែលមានដូចជា ក្មួយសុខ ចាន់ផល, សួង ម៉ាក់, ស៊ីណេត, សយ ស៊ីណា , សែត ហត្ថា, និង ឧត្តម បានមកសួរសុខទុក្ខខ្ញុំដល់ផ្ទះ ហើយមានទាំងកាដូផ្ញើរគឺសៀវភៅដែលជាស្នាដៃល្អៗរបស់ក្មួយ រួមមានរឿង សង្សារ១៤ថ្ងៃ, ព្រិលធ្លាក់កណ្តាលសមុទ្រខ្សាច់ និងវិញ្ញាសារជីវិត។ សម្រាប់ខ្ញុំ សៀវភៅគឺជាវត្ថុដែលខ្ញុំស្រឡាញ់បំផុត ដូច្នេះកាដូនេះមានតម្លៃខ្លាំងណាស់។ ខ្ញុំក៏សុំអរគុណដល់មិត្តអ្នកអាន ដែលបានបារម្ភពីសុខទុក្ខរបស់ខ្ញុំ និងតែងតែគាំទ្រស្នាដៃទាំងអស់របស់ខ្ញុំកន្លងមក ធ្វើឲ្យខ្ញុំមានកម្លាំងចិត្ត ព្រោះតែដឹងថា មិត្តអ្នកអានមិនដែលបំភ្លេចអ្នកនិពន្ធទន្សាយម្នាក់នេះទេ។ ពេលនេះខ្ញុំបានជាសះស្បើយហើយ អាចធ្វើការងារបានធម្មតា គ្រាន់តែជំងឺក្រពះត្រូវតមអាហារច្រើនយ៉ាង ទើបមិនអាចមានសាច់ឈាមដូចមុន។ តាំងពីដើមឡើយ ខ្ញុំជាមនុស្សចូលចិត្តរស់នៅជាមួយការងារក្នុងភាពស្ងៀមស្ងាត់ រហូតមកដល់ពេលនេះគិតថាវ័យរបស់ខ្ញុំគួរតែដល់វេលាសម្រាកដៃហើយ តែពេលដែលបានជួបក្រុមអ្នកនិពន្ធវេទមន្ត និងបានទទួលក្តីស្រឡាញ់រាប់អានពីមិត្តអ្នកអានទាំងអស់ ខ្ញុំស្រាប់តែមានកម្លាំងចិត្ត បន្តដំណើរទៅមុខទៀត ក្នុងជីវិតអ្នកនិពន្ធដែលខ្ញុំស្រឡាញ់។ ខ្ញុំនៅមានស្នាដៃថ្មីច្រើនទៀតដែលមិនទាន់មានឱកាសបានបោះពុម្ពផ្សាយ ហើយខ្ញុំសង្ឃឹមថានឹងបានជួបមិត្តអ្នកអានទាំងអស់របស់ខ្ញុំជាថ្មីម្តងទៀត នៅពេលដែលទីផ្សារប្រលោមលោកមានដំណើរការល្អឡើងវិញ។ ជាចុងក្រោយ ខ្ញុំសុំជូនពរដល់ក្រុមអ្នកនិពន្ធវេទមន្ត និងប្រិយមិត្តទាំងអស់ឲ្យមានតែសេចក្តីសុខ ចម្រុងចម្រើន និងទទួលជោគជ័យគ្រប់ការងារ។ ដោយក្តីស្រឡាញ់ ពីខ្ញុំ ម៉ៅ សំណាង (ទន្សាយ)"។ ទន្ទឹមនឹងនោះ ក៏មានប្រិយមិត្តតាមបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ចូលរួមត្រេកអរ និងសប្បាយចិត្ត នៅពេលដែលបានឃើញមុខមាត់ពិតរបស់អ្នកស្រីផងដែរ។​ យ៉ាងណាមិញមានម្ចាស់គណនីហ្វេសប៊ុកមួយបានរៀបរាប់ថា "ជូនពរអ្នកគ្រូអោយជាសះស្បេីយនិងសុខភាពល្អ ខ្ញុំអានសៀវភៅជាស្នាដៃអ្នកគ្រូតាំងពីអាយុ 16ឆ្នាំមកដល់ពេលនេះជិត15ឆ្នាំហេីយដែលអានសៀវភៅអ្នកគ្រូ សៀវភៅស្នាដៃអ្នកគ្រូមានពេញតុសៀវភៅរបស់ខ្ញុំ ស្រលាញ់អ្នកគ្រូ"។ និងមានម្ចាស់គណនីផ្សេងទៀតបានលើកឡើងថា "ខ្ញុំ​នឹងរកចាំស្នាដៃថ្មីរបស់អ្នកគ្រូ​ ជូនពរឲអ្នកគ្រូឆាប់ជា☺️? Manage"។ សូមជូនពរអ្នកស្រីឲ្យឆាប់បានជាសះស្បើយពីជំងឺ និងមានសុខភាពល្អផងដែរ៕

ប្រភព៖ Mao Samnang