មន្ត្រីនគរបាលប៉ុស្តិ៍ រដ្ឋបាលផ្សារដើមគរម្នាក់ត្រូវជនល្មើសកាប់ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ប៉ះដល់ខួលក្បាល ពេលនេះគ្រួសារស្នើឲ្យនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ជួយសម្រួលចេញលិខិតឆ្លងដែន ដើម្បីយកទៅសង្គ្រោះបន្ទាន់ នៅប្រទេសថៃ
-

ភ្នំពេញៈ ​នៅ​វេលា​ម៉ោង​៣ៈ៣០នាទីរសៀល ថ្ងៃ​ទី​២២ ខែកក្កដា ​ឆ្នាំ​២០១៨ សិ្ថតក្នុងសង្កាត់​ផ្សា​រដើមគរ ខណ្ឌទួលគោល រាជធានី​ភ្នំពេញ។ មានករណីហិង្សា ដោយមន្ត្រីនគរបាលប៉ុស្តិ៍ រដ្ឋបាលផ្សារដើមគរម្នាក់ត្រូវជនល្មើសកាប់ឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងពេលបំពេញការងារ។

បើតាមពាក្យបណ្តឹង របស់អ្នករត់ម៉ូតូកង់បី ដែលកើតជម្លោះ ជាមួយម្ចាស់ស្តង់លក់ផ្លែឈើ នៅផ្សារនាគមាសបានឲ្យដឹងថា មុនពេលកើតហេតុ លោកមានជម្លោះជាមួយម្ចាស់ស្តង់លក់ផ្លែឈើ នៅមុខផ្សារនាគមាស បន្ទាប់មកលោក ឃិន ទិត្យ និងមន្ត្រីនគរបាលប៉ុស្តិ៍ផ្សារដើមគរ ចំនួន៣នាក់ទៀត បានចុះទៅកន្លែងកើតហេតុ គ្រាន់តែទៅដល់មុខផ្សារនាគមាស មិនទាំងបានសួរនាំផង ក៏ត្រូវជនល្មើសស្ទុះមកកាប់យកៗតែម្តងហើយជនល្មើស ក៏ត្រូវនគរបាលចាប់ខ្លួនបានភ្លាមៗផងដែរ។
ចំណែកបច្ចុប្បន្ន ជនរងគ្រោះកំពុងសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ដោយមានសភាពធ្ងន់ធ្ងរជាទីបំផុត។ សាច់ញាតិជនរងគ្រោះបានបញ្ជាក់ថា បន្ទាប់ពីធ្វើការស្កេនក្បាលជនរងគ្រោះរួចមកឃើញថា ជនរងគ្រោះប៉ះត្រូវខួរក្បាលពីរកន្លែង ដែលត្រូវការយកចិត្តទុកដាក់ខ្លាំងបំផុត។ ដូច្នេះសាច់ញាតិជនរងគ្រោះ ស្នើសុំឲ្យនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងគនរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ជួយសំរួលឲ្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចេញលិខិតឆ្លងដែន ជួនលោក ឃិន ទិត្យ ដែលកំពុងរងរបួសធ្ងន់ អាចចេញទៅសង្គ្រោះជីវិតនៅប្រទេសថៃ។ សាច់ញាតិជនរងគ្រោះសង្ឃឹម និងជឿជាក់ថា នាយឧត្តមសេនីយ៍ អគ្គស្នងការរងនគរបាលជាតិ និងជួយសម្រួលបានទាន់ពេលវេលា៕