សូមបញ្ជាក់ព័ត៌មានលំអិតពាក់ព័ន្ធនឹងស្ត្រីអត់ដែលបានទៅខ្ចីលុយ បែរជាមានឈ្មោះជាប់កម្ចីនៅធានាគារ...
Heang
-

បន្ទាប់ពីបង្ហោះខ្លឹមសារខ្លីបន្តិចនាំឱ្យបងប្អូនចូលមកមានមតិ និងការងឿងឆ្ងល់ច្រើន។ ខ្ញុំសូមបញ្ជាក់ថា នេះជាករណីថ្មីដែលយើងមិនធ្លាប់បានជួប បានឭផងដែរ។ រឿងនេះ បានកើតលើស្ត្រីម្នាក់នៅរាជធានីភ្នំពេញ ហើយទើបនឹងដឹងពេលថ្មីៗនេះ។

តាមព័ត៌មានពីស្ត្រីដែលពាក់ព័ន្ធរឿងនេះ បានឱ្យដឹងថា ការធ្លាយរឿងខ្លួនជាប់កម្ចី​ធានា​គារ​ ៦ម៉ឺនដុល្លារនេះ គឺនៅពេលខ្លួនបានទៅរកខ្ចីលុយនៅធានាគារមួយ ដើម្បីពង្រីកអាជីវកម្ម។ ជាធម្មតានៅពេលយើងទៅរកខ្ចីលុយនៅធនាគារណាមួយ គេតែងពិនិត្យពីប្រវត្តិកម្ចី តើយើងមានខ្ចីនៅធនាគារណាមួយអត់ពីមុនមក? ជាបច្ចេកទេសធានាគារ គឺគេអាចពិនិត្យដឹងទាំងអស់ពីប្រវត្តិកម្ចីរបស់យើង។

នៅពេលពិនិត្យប្រវត្តិកម្ចី ក៏រកឃើញថា ឈ្មោះស្ត្រីទៅស្វែងរកកម្ចីនេះ មានឈ្មោះជាប់​កម្ចី​នៅធានាគារមួយមានទឹកប្រាក់ចំនួន៦ម៉ឺនដុល្លារ ហើយទើបខ្ចីរង្វង់ប្រមាណជា ៥ខែ​ប៉ុណ្ណោះ។ អ្នកដែលខ្ចីនោះ ក៏បានបង់ការប្រាក់ជាទៀងទាត់ផងដែរ។

បើតាមស្ត្រីដែលត្រូវបានគេយកឈ្មោះទៅខ្ចីប្រាក់នេះ បានអះអាងថា រឿងហេតុនេះ អាចជាការគប់គិតគ្នារវាងមន្ត្រីឥណទានរបស់ធនាគារជាមួយអ្នកកម្ចី និងអ្នកពាក់ព័ន្ធ​ផ្សេង​ទៀត។ ការយកឈ្មោះនេះ ប្រហែលជានៅពេលដែលមន្ត្រីឥណទានរបស់​ធនាគារ ចុះទៅធ្វើ QR Code ដាក់កន្លែងគាត់លក់ដូរ ព្រោះគេបានយករូបភាព​ពេលចុះទៅធ្វើ QR Code នោះ ទៅប្រើជាអំណះអំណាងក្នុងលិខិតស្នាមនៃកម្ចី។

ពេលនេះស្ត្រីដែលអះអាងថា ត្រូវគេយកឈ្មោះទៅខ្ចីនេះ កំពុងដាក់ពាក្យបណ្តឹង​ហើយ។ នេះអាចជាមេរៀនថ្មីមួយ ដែលបងប្អូនត្រូវប្រយ័ត្ន ហើយធនាគារទាំងអស់ ក៏គួរពិនិត្យការងាររបស់មន្ត្រីឥណទានផងដែរ។ ៕ ខ្លឹមសារទាំងស្រុងដកស្រង់ចេញពីលោក ៖ វ៉ាន់ សារាយ Vann Saray

 រូបភាពតំណាងយកពីបណ្តាញអ៊ីនធើណេត!