ជនជាតិថៃ៦នាក់ លួចឆ្លងដែនខុសច្បាប់ចូលកម្ពុជា ត្រូវសមត្ថកិច្ចឈរជើងតាមបន្ទាត់ព្រំដែនបណ្ដេញចេញទៅប្រទេសរបស់ខ្លួនវិញ...
Heang
-

(បន្ទាយមានជ័យ)៖ ពលរដ្ឋថៃនៅតែបន្តឆ្លងដែនខុសច្បាប់ចូលមកកម្ពុជា ដើម្បីស្វែងរកការងារធ្វេី ដោយសារពួកគេរងទុក្ខ ព្រោះតែប្រទេសរបស់ខ្លួនបានបិទច្រកព្រំដែនជាមួយកម្ពុជា ធ្វេីឱ្យបាត់បង់ចំណូល ខ្វះការងារធ្វើ ទេីបបង្ខំចិត្តឆ្លងអូរព្រំដែន ដោយខុសច្បាប់ចូលមកកម្ពុជា តែត្រូវបានកងកម្លាំងឈរជើងនៅក្នុងភូមិសាស្ត្រស្រុកម៉ាឡៃ បានធ្វើការឃាត់ខ្លួនបានចំនួន០៦នាក់ នៅវេលាម៉ោង៧៖០៥នាទីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥។

លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា នៅយប់ថ្ងៃទី១៥ ខែកក្កដា ពិតជាមានសកម្មភាពជនជាតិថៃ បានលួចឆ្លងដែនដោយខុសច្បាប់ចូលមកកម្ពុជាពិតមែន ក្នុងនោះកងកម្លាំងសិករងម៉ាឡៃ សហកាជាមួយកម្លាំងនគរបាលប៉ុស្តិ៍៨១៥ បានឃាត់ខ្លួនជនជាតិថៃ ចំនួន០៦នាក់ (ស្រី) នៅចំនុចភូមិថ្មី ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ក្រោយពីមានការឃាត់ខ្លួននៅជនជាតិថៃទាំង៦នាក់នេះ កងកម្លាំងនៅឈរជើងតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្រ្តខាងលេី បានធ្វើការបណ្ដេញជនជាតិថៃទាំងនោះឱ្យវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញ។

សកម្មភាពនៃការលួចឆ្លងដែនរបស់ជនជាតិថៃ ចូលមកកម្ពុជានេះត្រូវបានមើលឃើញថា ពួកគេបានរងនូវវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ក្រោយពេលដែលប្រទេសរបស់ខ្លួនបាន បិទច្រកព្រំដែនទាំងអស់ជាមួយនឹងកម្ពុជា ដែលធ្វើឱ្យប្រជាជនថៃ ប៉ះពាល់សេដ្ឋកិច្ចរស់នៅប្រចាំ គ្មានការងារធ្វេី ទើបបង្ខំចិត្តឱ្យពួកគេលួចឆ្លងដែនដោយប្រថុយប្រថានចូលមកកម្ពុជា ទោះបីជាយោធារបស់ប្រទេសខ្លួន មានការរិតបន្តឹងតាមព្រំដែនក៏ដោយ ក៏ពួកគេ នៅតែបន្តលួចឆ្លងដែនដើម្បីស្វែងរកការងារធ្វើ។ តែកងកម្លាំងដែលឈរជេីតាមបន្ទាត់ព្រំដែន ជាពិសេសក្នុងខេត្តបន្ទាយមានជ័យ មិនអនុញ្ញាតឱ្យមានការលួចឆ្លងដែនដោយខុសច្បាប់មកកម្ពុជា៕ ប្រភព៖ Fresh News