នាយករដ្ឋមន្រ្តីថៃ សុំទោសចំពោះការរិះគន់មេបញ្ជាការយោធាភូមិភាគ២ ហើយសន្យាថានឹងប្រយ័ត្នប្រយ៉ែងសម្តី ចាប់ពីពេលនេះតទៅ
Heang
-

(បាងកក)៖ នៅថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា នាយករដ្ឋមន្រ្តីថៃ លោកស្រី Paetongtarn Shinawatra បានចេញមុខសុំទោសជាសាធារណៈ សម្រាប់សម្តីរបស់លោកស្រី ពាក់ព័ន្ធមេបញ្ជាការយោធាភូមិភាគ២ អំឡុងកិច្ចសន្ទនាតាមទូរសព្ទ ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ដែលត្រូវបានបែកធ្លាយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានថៃ The Nation។

លោកស្រី Paetongtarn បាននិយាយដូច្នេះថា «ខ្ញុំចាំបាច់ត្រូវតែសុំទោសសម្រាប់អ្វីដែលបានកើតឡើង ដ្បិតខ្ញុំពិតជាមិនបានដឹងឡើយថា កិច្ចសន្ទនាត្រូវបានថតទុក។ ចាប់ពីពេលនេះតទៅ ខ្ញុំនឹងប្រយ័ត្នប្រយ៉ែងជាងមុន ជាមួយពាក្យសម្តីរបស់ខ្ញុំ។ ប្រសិនបើយើងរួបរួមសាមគ្គីគ្នា នោះពួកយើងប្រាកដជាអាចឆ្លងផុតវិបត្តិនាពេលនេះ»។ លោកស្រី Paetongtarn ក៏បានធានាអះអាងចំពោះសាធារណជនថៃដែរថា រដ្ឋាភិបាលលោកស្រី នឹងបន្តរួបរួមជាមួយយោធា ដើម្បីការពារបូរណភាពទឹកដីរបស់ប្រទេសថៃ ប្រឆាំងនឹងការឈ្លានពាន។'

គួរបញ្ជាក់ថា លោកស្រី Paetongtarn Shinawatra កំពុងរងសម្ពាធទាមទារឱ្យចុះចេញពីតំណែង បន្ទាប់ពីផ្ទុះរឿងអាស្រូវបែកធ្លាយកិច្ចសន្ទនាតាមរទូរស័ព្ទ ជាមួយ សម្ដេចតេជោ ហ៊ុន សែន ដោយលោកស្រីត្រូវគេចោទថា ប្រកាន់ជំហរទន់ជ្រាយអំឡុងកិច្ចសន្ទនានោះ ហើយលោកស្រីថែមទាំងរិះគន់មេបញ្ជាការយោធាភូមិភាគ២ លោកឧត្តមសេនីយ៍ Boonsin Padklang និងហៅលោកថាជាក្រុមប្រឆាំង។ លើសពីនេះទៅទៀត រដ្ឋាភិបាលចម្រុះរបស់លោកស្រី ក៏កំពុងប្រឈមមុខនឹងការដួលរលំផងដែរ ក្រោយគណបក្ស Bhumjaithai ប្រកាសដកខ្លួនចេញពីក្រុមចម្រុះ៕ ប្រភព៖ Fresh News