បុរសចំណាស់ ជនជាតិថៃម្នាក់ ញៀនល្បែងអស់ពីខ្លួន បែកគំនិតចេញលួចទូរស័ព្ទ ត្រូវកងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួន
-

បន្ទាយមានជ័យៈ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៨ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ក្រុងប៉ោយប៉ែត យោងលើពាក្យបណ្តឹងរបស់ឈ្មោះ ញ៉ឹក សុចិន្តា ភេទ ប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ មានឈ្មោះ យ៉ាង ឆុងកៅ ភេទ ប្រុស អាយុ ៦០ឆ្នាំ ជនជាតិថៃ មានស្រុកកំណើតក្នុងខេត្តឈៀងម៉ៃ ប្រទេសថៃ បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដតាមកាស៊ីណូ ស្ថិតក្នុងក្រុងប៉ោយប៉ែត។

ក្រោយជនរងគ្រោះបានសាកបញ្ចូលថ្មទូរស័ព្ទ ក្នុងតូបលក់ឥវ៉ាន់របស់ខ្លួន ពេលកំពុងតែរវល់លក់ដូរ ស្រាប់តែជនសង្ស័យ បានចូលមកលួចយកទូរស័ព្ទក្នុងតូប ហើយក៏រត់គេចចេញតែម្តង តែត្រូវជនរងគ្រោះស្រែកឆោរឡោរ រាយការណ៍ឲ្យកម្លាំងកងរាជអាវុធហត្ថនៅក្បែរនោះ មកអន្តរាគមន៍ចាប់ជនសង្ស័យបានភ្លាមៗ ។ នៅចំណុចបរិវេណកាស៊ីណូផ្កាយប្រាំ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។ ក្រោយឃាត់ខ្លួន ជនសង្ស័យបានសារភាពថា ខ្លួនបានចូលមករស់នៅក្នុងបរវេណកាស៊ីណូ ចំនួន ៥ឆ្នាំមកហើយ កាលពីមករស់នៅដំបូង ខ្លួននៅមានប្រាក់កាសចាយវាយធម្មតា តែដោយខ្លួនជាអ្នកញៀនល្បែង ក៏អស់ប្រាក់ពីខ្លួន រហូតមានគំនិតដើរលួច ក្នុងបរិវេណកាស៊ីណូផ្កាយប្រាំ ពេលលួចបានម្តងៗ គឺយកទៅលក់បានប្រាក់មក យកទៅលេងល្បែងខ្លះ និងទិញថ្នាំលេបខ្លះ ព្រោះមានជំងឺជាប់ខ្លួនផង៕