បើមិនបានអានទេ សូមកុំ like អី...អត្ថបទស្រាវជ្រាវរឿង កូរសមុទ្រទឹកដោះ
ណារ៉ា
-
#ជម្ងឺកូរសមុទ្រទឹកដោះ Re-post និងបន្ថែម ០៨ កក្កដា ២០១៨ អត្ថបទនេះ ខ្ញុំបានចុះកាលពីឆ្នាំ២០១៧ ជាការសិក្សាលើចម្លាក់នៅប្រាសាទស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង រួមផ្សំនឹងការស្រាវជ្រាវតាម internet។ ខ្ញុំបានស្រាវជ្រាវជាបន្ត និង បានយកមកដាក់បន្ថែម (វែងឡើងខ្ជិលអាន) ទុកគ្រាន់ជាឯកសារស្រាវជ្រាវសិក្សានាពេលខាងមុខ និង ជាការកំសាន្ត។ សុំតែម្យ៉ាង បើមិនបានអានទេ សូមកុំ like អី នាំខ្ញុំអរឥតប្រយោជន៍។ #ផ្តើមសេចក្តី ទេវ:លេងខូច អសុរលេងត្រង់ អាជ្ញាកណ្តាលនារាយណ៍លង់ក្នុងអគតិ៤ កាលពីថ្ងៃទី៩វិច្ឆិកា២០១៧កន្លងទៅនេះ បានឆៀងចូលទៅពិនិត្យមើលប្រាសាទស្នឹងដែលស្ថិតនៅឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង នៅប្របនឹងផ្លូវជាតិពីបាត់ដំបងទៅប៉ៃលិន។ នៅផ្នែកខាងកើតនៃប្រាសាទដែលនៅសេសសល់នេះ មានចម្លាក់កូរសមុទ្រទឹកដោះនៅលើផ្តែ ដែលរក្សាបាននូវគុណភាពយ៉ាងល្អ៖ រូបមើលឃើញច្បាស់ ស្អាត ល្អ សក្តិសម។ គ្រាន់តែមានស្លែពណ៌ខ្មៅកាន់ខ្លះ។ ដែលគួរអោយស្តាយ គឺព្រះកេសរបស់អវតារអណ្តើក (ព្រះនារាយណ៍) ឆែបបាត់មួយចំហៀង។ រឿងកូរសមុទ្រទឹកដោះនេះ ខ្ញុំចូលចិត្តណាស់ ព្រមទាំងចាំសាច់រៀងនេះទៀតផង តែក៏មិនទុកចិត្តនូវការចងចាំរបស់ខ្លួន ក៏មកមើលឯកសារនៅក្នុងinternetបញ្ជាក់ថែមទៀត។ ដែលចូលចិត្តនោះគឺនៅត្រង់ថា រឿងនេះបានឆ្លុះបញ្ចាំងពីស្ថានភាពសង្គមមនុស្សគ្រប់កាលសម័យ គ្រប់ជាតិសាសន៍ បើទោះជារឿងនេះមានប្រភពពីហិណ្ឌូនៃឥណ្ឌៀក្តី។ ជាពិសេស ត្រូវនឹងស្ថានភាពខ្មែរ គ្រប់សម័យកាល៖ # ការប្រយុទ្ធឬការប្រកួតប្រជែងរវាងសភាវ:ពីរ ដែលមានលក្ខណ:ផ្ទុយគ្នាឬប្រឆាំងគ្នា ទៅតាមការសន្មតរបស់ម្ចាស់កថា # គូម្ខាង ត្រូវបានម្ចាស់កថាសន្មតថាជាអ្នកមានការចេះដឹង អ្នកស៊ីវិល័យ អ្នកចិត្តល្អ ដោយដាក់ឈ្មោះថា ទេវ: ឬ #ទេវតា តាមភាសាដែលខ្មែរយើងតែងហៅ។ គូម្ខាងទៀត ត្រូវទទួលការសន្មតថាជាគូប្រឆាំង ជាមនុស្សមានតែកម្លាំងបាយ គ្មានការចេះដឹង គ្មានអារ្យធម៌ ចិត្តអាក្រក់ ដោយដាក់ឈ្មោះថា អសុរ ឬ #យក្ស តាមភាសាដែលខ្មែរយើងតែងហៅ។ # កាលពីដំបូង ទាំងពីរក្រុមឈ្លោះគ្នា ដើម្បីអំណាចដាច់ខាតមកខាងខ្លួន។ ខាងទេវតាដឹងខ្លួនថាមិនអាចឈ្នះយក្ស ក៏សុំចរចាសន្តិភាព។ បន្ទាប់មក ដើម្បីផលប្រយោជន៍ដូចគ្នា និង ព្រោះអាស្រ័យកម្លាំងតែម្ខាងមិនអាចទាញយកនូវផលប្រយោជន៍នោះបាន ក៏សហការគ្នាបាចទឹកសមុទ្រទឹកដោះ (កូរសមុទ្រទឹកដោះ) ដើម្បីយកធនធានពិសេសរបស់សមុទ្រទឹកដោះដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន ជាពិសេសនោះនោះគឺ #ទឹកអម្រឹត ដែលអ្នកណាបានផឹកទឹកនេះ នឹងមានជីវិតជាអមត: គឺមិនចេះស្លាប់។ លទ្ធផលនៃការកូរសមុទ្រទឹកដោះរវាងគូប្រឆាំងគ្នាទាំងពីរក្រុម ដែលស្ម័គ្រចិត្ត (បណ្តោះអាសន្ន) ធ្វើការរួមគ្នាដើម្បីផលប្រយោជន៍ទាំងសងខាងនិងពិភពលោកនេះ គឺមានរតនៈដែលមានជីវិតនិងគ្មានជីវិតចំនួន ១៤រតនៈ (តាមគម្ពីរ) តែគម្ពីរខ្លះថាមានចំនួនផ្សេង។ ខ្ញុំរាប់ចុះរាប់ឡើង ឃើញមានរតនៈដល់ទៅ១៩ ដែលភាគច្រើនល្អ និងភាគតិចមិនល្អ តាមគំនិតមនុស្សដែលមិនមែនជាព្រះ។ រតនៈទាំងនោះ ត្រូវបានអ្នកដែលបានរួមចំណែកនិងជាអ្នកមានអំណាច (អាទិទេព) ដែលបានជ្រោមជ្រែងអោយមានការកូរសមុទ្រ ទឹកដោះនេះនេះ ទទួល (ចាប់យក) នូវរបស់ដ៏មានតម្លៃឬ រតនៈ Ratna ទាំងនោះ បានរៀងៗខ្លួន៖ 1- ហលាហ័ល ឬ កាលកូដ ដែលជាជាតិពុលដែលខ្លាំងជាងគេក្នុពិភពលោកHalahala 2- លក្ស្មី ជាទេពីនៃភ័ព្វសំណាងនិងទ្រព្យ សម្បត្តិ ត្រូវព្រះវិស្ណុយកធ្វើជាមហេសីLakshmi 3- អប្សរ (ខ្មែរហៅតាមការអានជាភាសាឡាតាំងសរសេរបាលីថា អប្សរា) បានក្លាយទៅជាភរិយារបស់ទេពម្យ៉ាងដែលហៅថា គន្ធព្វ Apsaras 4- វារុណី ទេវីនៃគ្រឿងស្រវឹង ត្រូវបានក្លាយទៅជាភរិយារបស់ពួកអសុរា (យក្ខ)Varuni 5- កាមធេនុ ឬ សុរភិ ជាគោសក្តិសិទ្ធិដែលតែងបង្ហូរទឹកដោះជានិច្ចដល់ព្រះព្រហ្ម ដើម្បីយកទៅអោយព្រាហ្មណ៍បូជាយញ្ញKamadhenu or Surabhi 6- ឰរវ័ត ស្តេចដំរីស មានប្រមោយ៥និងភ្លុក១០ និងដំរីជាច្រើនផង ត្រូវព្រះឥន្ទយកទៅធ្វើជាយាននិងទ័ព Airavata 7- ឧឆ័យស្រព្វ ជាសេះអាជានេយ្យដែលមានក្បាល៧ បានធ្លាក់ទៅលើដៃក្រុងពាលីUchhaishravas 8- កៅស្តុភៈ ជាគ្រឿងអលង្ការដ៏មានតម្លៃបំផុតក្នុងលោក ត្រូវព្រះវិស្ណុយកទៅទ្រង់គ្រឿងពាក់លំអព្រះកាយ Kaustubha 9- បារិជាតិព្រឹក្ស ឬ ដើមបារិជាតិ ដែលមានក្លិនក្រអូបជាងគេនិងរីកមិនដែលរោយ ត្រូវព្រះឥន្ទនាំយកទៅដាំនៅស្ថានព្រះឥន្ទParijat 10- ចន្ទ្រ ព្រះចន្ទ្រក៏ផុះចេញពីការកូរនេះដែរ ហើយត្រូវព្រះសិវៈ ចាប់យកទៅលំអរនៅត្រង់ថ្ងាសChandra 11- សារង្គៈ គឺធ្នូទិព្វSharanga 12- ខ្យងស័ង្ខ បានក្លាយទៅជារបស់ព្រះវិស្ណ Shankha 13- ធនវ័នតរី ឬ ពេទ្យទេវតា ដែលកាន់ក្អមអម្រឹត្យ Dhanvantari 14- អម្រឹត ទឹកដែលអ្នកណាបានផឹកនឹងក្លាយទៅជាជីវិតអមតៈ។ Amrita 15- ជ្យេស្ថៈ ទេវីនៃទុរគតភាព (ទេពធិតាស៊យ)Jyestha 16- ឆត្ររួត ដែលត្រូវព្រះវិស្ណុយកទៅបាំង 17- កល្បព្រឹក្ស ឬ ដើមកល្ប ជាដើមដែល ប៉ងប្រថ្នាអ្វីក៏បាន ត្រូវព្រះឥន្ទយកទៅដាំនៅស្ថានតាវតឹង្សដែរ Kalpavriksha 18- និទ្ទ្រា ការដេកលក់ឬភាពខ្ជិលច្រអូស Nidra 19- ក្រវ៉ិលត្រចៀកជាដើម #ការវិភាគ # គោលបំណងរួមរបស់ក្រុមទាំងពីរ (ទេវតានិងយក្ខ) គឺបើបានទឹកអម្រឹតហើយ នឹងចែកគ្នាផឹកអោយបានគ្រប់គ្នា។ បំណងរួមនេះ បានទទួលការដឹងឮ យល់ព្រម និងសាទរពីព្រះនារាយណ៍និងព្រះឥសូរ ថា #បំណងរួមគឺការចែកផលប្រយោជន៍គ្នានេះ #នឹងអាចបញ្ចប់ជម្លោះរវាងទេវតានឹងយក្សបានជានិរន្តរ៍។ លោកទាំងពីរថែមទាំងសុខចិត្តធ្វើពលិកម្មជាច្រើនដើម្បីភាពសុខដុំរបស់អ្នកទាំងពីរក្រុមទៀតផង។ # សេចក្តីលោភលន់ (មិនបានកើតពីក្នុងសមុទ្រទេ) បានចូលលុកលុយក្រុមអ្នកមានស៊ីវិល័យ ក្រុមដែលម្ចាស់កថាសន្មតថាជាក្រុមល្អ គឺពួកទេវតា។ ទេវតាចង់អោយតែក្រុមខ្លួនបានផឹក មានជីវិតអមត: និងអាចសម្រេចបាននូវគោលបំណងចាស់របស់ខ្លួន គឹគ្រប់គ្រងពិភពទាំងមូលដោយមិនមានពួកអសុរដែលប្រឆាំងនឹងគោលបំណងខ្លួន។ ឯពួកអសុរ មិនបានគិតដូច្នោះទេ គឺរង់ចាំតែដល់ពេលបែងចែកទឹកអម្រឹតនឹងអាលផឹក។ # ក្រុមទេវៈដែលខូច ក៏បានទៅយកចិត្តយកថ្លើមព្រះនារាយណ៍និងចាក់រុកព្រះនារាយណ៍អំពីសភាវៈរបស់ពួកអសុរ ព្រមទាំងបានសុំអោយព្រះនារាយណ៍ ជួយខ្លួនអោយទទួលបានទឹកអម្រឹតដាច់មុខ។ ព្រះនារាយណ៍ដែលធ្លាប់តាំងខ្លួនជាអ្នកផ្សះផ្សារជម្លោះ តាំងខ្លួនជាអាជ្ញាកណ្តាល តែលុះដោយការ lobby របស់ទេវៈ ក៏ព្រមតាមពួកទេវតា ហើយបានកាឡាខ្លួនជាស្រីរូបស្អាតទៅពង្វក់មេទ័ពយក្សរហូតភ្លេចខ្លួន ហើយក៏នាំទឹកអម្រឹតនោះមកអោយពួកទេវតាអស់។ # ជាលទ្ធផល ជម្លោះរវាងក្រុមទាំងពីរក៏កើតមានជាបន្តរហូតមក ដល់សព្វថ្ងៃ៖ ក) ដោយសារទេវៈដែលជាខ្លាពាក់ស្បែកលា។ ខ) ដោយសារភាពស្មោះត្រង់តែល្ងង់ខ្លៅរបស់យក្ស និង គ) ដោយសារអាជ្ញាកណ្តាលដែលលុះទៅដោយការស្រឡាញ់ជ្រុល ការភ័យខ្លាច ការខឹងចងគំនុំ និង ការខ្វះសតិ(អគតិ៤) ធ្វើអោយបាត់អស់នូវតម្លៃអាទិទេព។ #ជម្ងឺកូរសមុទ្រទឹកដោះ បានឆ្លងចូលមកកាន់ប្រទេសនានាដែលទទួលឥទ្ធិពលវប្បធម៌និងអរិយធម៌ឥណ្ឌៀ ដែលនៅក្នុងចំណោមប្រទេសទាំងឡាយនោះ កម្ពុជាក៏បានឆ្លងជំងឺនេះនឹងគេដែរនិងបែបរាងធ្ងន់ជាងគេផង។ ថ្វីត្បិតតែយើងបានឈប់គោរពសាសនាព្រាហ្មណ៍ជាផ្លូវការទៅហើយក្តី ក៏ឥទ្ធិពលលទ្ធិវិស្ណុចេញពីរឿងកូរសមុទ្រទឹកដោះនេះ នៅតែប្រាកដអោយបានឃើញនៅក្នុងប្រព័ន្ធគ្រប់គ្រងរបស់ខ្មែរយើងនាបច្ចុប្បន្ននេះដែរ។ បញ្ហានៅត្រង់ថា «តើភាពលំអៀងរបស់ព្រះនារាយណ៍ មានបានជ្រាបចូលទៅក្នុងព្រលឹងទាំង១៩ (ប្រាំបួនដណ្តប់) របស់បុត្រាបុត្រីរបស់លោកនៅកម្ពុជាដែលកំពុងកូរសមុទ្រទឹកដោះដែរឬទេ»។ រូបភាពប្រាសាទស្នឹង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង តាមផ្លូវពីបាត់ដំបងទៅប៉ៃលិន Credit: Heng Monychenda