រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ សីហា បាន​ឆ្លើយតប​​ចំពោះ​ការលើកឡើង​របស់​សម​ភាគី​ថៃ គឺ​អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ Natthapon Nakpanich​។​
Heang
-

ភ្នំពេញ៖ ក្នុង​សេចក្តីថ្លែងការណ៍​ដែល​បានចេញ​ផ្សាយ​នៅថ្ងៃនេះ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ សីហា បាន​ឆ្លើយតប​​ចំពោះ​ការលើកឡើង​របស់​សម​ភាគី​ថៃ គឺ​អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ នាយ​ឧ​ត្ត​ម​សេនីយ៍ Natthapon Nakpanich​។​

ការបញ្ជាក់​នេះ​ធ្វើឡើង​បន្ទាប់ពី​កិច្ចសម្ភាសន៍​កាលពីពេល​ថ្មីៗ​នេះ ដែល​ឧ​ត្ត​ម​សេនីយ៍ Natthapon បានស្នើ​សុំ​ឲ្យ​មាន​ឆន្ទៈ​ក្នុងការ​ពិភាក្សា​ជាមួយ​ក្រសួងការពារជាតិ​កម្ពុ​ជា ទាក់ទង​នឹង​បញ្ហា​ព្រំដែន​។​

លោក សីហា បានលើកឡើង​អំពី​បញ្ហា​នេះ ដោយ​បញ្ជាក់ថា ចាប់តាំងពី​ជំនួប​ចុងក្រោយ​ជាមួយ​លោក Phum Tham រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ថៃ នៅ​ខេត្ត​ស្រះកែវ មិនទាន់មាន​ការពិភាក្សា​ផ្លូវការ ឬ​ក្រៅផ្លូវការ​រវាង​កម្ពុជា និង​ថៃ​ឡើយ​។​

រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​កម្ពុជា សង្កត់ធ្ងន់ថា លោក​គោរព​តាម​បទបញ្ជា​​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត និង​រាជរដ្ឋាភិបាល​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី សីហា បានបញ្ជាក់​ជាថ្មី​ថា៖ «​មិនមែនកម្ពុជា ជាអ្នកបិទច្រកព្រំដែននោះទេ គឺកងទ័ពថៃជាអ្នកបិទច្រក ឬកែសម្រួលពេលវេលានៃការបិទច្រកព្រំដែនដោយឯកតោភាគី»។​

លោក​​ក៏បាន​ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍ Natthapon ទាក់ទង​នឹង​ការបិទ​ព្រំដែន និង​ការកែសម្រួល​ម៉ោង​ប្រតិបត្តិការ​នៃ​ច្រកព្រំដែន​។​

លោក​បាន​បញ្ជាក់ថា មានតែភាគីថៃ ឬកងទ័ពថៃតែប៉ុណ្ណោះដែលអាចដោះស្រាយបញ្ហានេះដោយខ្លួនឯង និងមិនចាំបាច់ចរចាជាមួយភាគីកម្ពុជាឡើយ។ កូនសោគឺស្ថិតលើដៃរបស់កងទ័ពថៃតែមួយគត់។

លោក Natthapon លើកឡើងថា ទោះបីជា​ស្ថានការណ៍​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ មិនមាន​ភាព​ធូរស្រាល​ក៏ដោយ ក៏មាន​ការចង្អុលបង្ហាញ​ជា​វិជ្ជមាន​នៃ​វឌ្ឍនភាព ដូចដែល​បាន​រាយការណ៍​ដោយ Nation Thailand​។​លោក​បានលើកឡើង​ពី​ឆន្ទៈ​របស់​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​កម្ពុជា នាយ​ឧ​ត្ត​ម​សេនីយ៍ ទៀ សីហា ក្នុងការ​ពិភាក្សា​ជាមួយ​ក្រសួងការពារជាតិ​ថៃ ទោះបីជា​លោក​ទទួលស្គាល់ថា​បញ្ហា​មួយចំនួន​នៅតែ​ត្រូវបាន​ពិភាក្សា​នៅឡើយ​។​

ទាក់ទិន​នឹង​សំណុំរឿង​កម្ពុជា​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដែល​ស្វែងរក​យុត្ដិធម៌​ពី​អធិបតេយ្យភាព​លើ​ប្រាសាទបុរាណ​ខ្មែរ​ចំនួន​បី និងតំបន់​មុំ ៣ ​នោះ លោក Natthapon បាន​បញ្ជាក់ថា បញ្ហា​នេះ​ស្ថិតនៅក្រោម​ដែន​សមត្ថកិច្ច​របស់​ក្រសួងការបរទេស​។​ លោក​បានបញ្ចប់​ថា​៖ «​ក្រសួងការពារជាតិ​នឹងមិន​ជ្រៀតជ្រែក​ទេ ហើយនឹង​ទុក​បញ្ហា​នេះ​ទាំងស្រុង​ទៅ​ក្រសួងការបរទេស​»​៕ ​