នៅព្រឹកថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីរួមគ្នាជាមួយ លោក Hidehisa HORINOUCHI ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា ក្នុងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ប្រវែង ១៣៥.២៤គីឡូម៉ែត្រ ចាប់ពីព្រែកក្តាមខេត្តកណ្តាល ដល់ធ្លាម្អម ខេត្តពោធិ៍សាត់ ក្រោមហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាល ជប៉ុន។ គម្រោងសាងសង់កំណាត់ផ្លូវជាតិលេខ៥ ឆ្លងកាត់ខេត្តចំនួន០៣ រួមមាន ខេត្តកណ្តាល ប្រវែង ៤.២៥គីឡូម៉ែត្រ ខេត្តកំពង់ឆ្នាំង ប្រវែង ៩៣.៥៤គីឡូម៉ែត្រ និងខេត្តពោធិ៍សាត់ ប្រវែង ៣៧.៤៥គីឡូម៉ែត្រ។ កំណាត់ផ្លូវនេះ ត្រូវចំណាយថវិកាសរុបប្រមាណ ២៦១លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានពីរដ្ឋាភិបាលជប៉ុន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អាតមីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករ ហើយនិងត្រូវប្រើរយៈពេលសាងសង់ចំនួន៤៨ខែ គិតចាប់ពីខែមេសា ឆ្នាំ២០១៨ រហូតដល់ខែមីនា ឆ្នាំ២០២២។

















