មន្ត្រី​ជំនាញ​ស្ទាក់ចាប់ពងមាន់ជាង២៥០០០គ្រាប់នាំចូលពីប្រទេសវៀតណាម ខុសច្បាប់តាមច្រករបៀង ស្រុកគិរីវង់ ខេត្តតាកែវ
Heang
-

នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥​នេះ​ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានស្ទាក់ចាប់រថយន្តមួយគ្រឿង ម៉ាក SSANGYONG ISTANA ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 2R-6203 ដឹកពងមាន់ចំនួន៨៥ដុំ​ ស្មេីនឹង២៥៥០០គ្រាប់​ ដែលឈ្មួញលួចនាំចូលពីប្រទេសវៀតណាម តាមច្រករបៀង ស្រុកគិរីវង់ ខេត្តតាកែវ ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ​។

ការបង្ក្រាបពងមាន់គ្មានលិខិតអនុញ្ញាតនេះ​ ធ្វើ​ឡេីងនៅវេលាម៉ោង០៦ និង៥០នាទីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ជិតរង្វង់មូលកួរស្រូវ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

កាលពីថ្ងៃទី​៨​ ខែឧសភា​ ឆ្នាំ​២០២៥កន្លងទៅ​ ថ្លែងក្នុងកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាខេត្តតាកែវ​ ឯកឧត្ដម​ វ៉ី​ សំណាង​ អភិបាល​នៃគណៈអភិបាលខេត្តតាកែវ​ បានដាក់បញ្ជាយ៉ាងម៉ឺងម៉ាត់អោយមន្ត្រីប្រចាំការនៅច្រកទ្វារតាមព្រំដែនទាំងអស់រវាងខេត្តតាកែវ​ និងខេត្តអានយ៉ាង​ និងខេត្តគៀងយ៉ាង​ ប្រទេសវៀតណាម​ ត្រូវទប់ស្កាត់អោយបានពីការនាំចូលពងមាន់​ ពងទា​ និងសាច់បង្កកខុសច្បាប់ចូលមកប្រទេសកម្ពុជា៕