អគ្គិភ័យឆាបឆេះរោងចក្រ សាន់នី ផលិតក្រដាសស្នោ ក្បែរវត្តពោធិញ្ញាណ យ៉ាងសន្ធោសន្ធៅ ព្រោះតែជាង....
-

ភ្នំពេញ៖ ហេតុការណ៍គ្រោះអគ្គិភ័យមួយបានឆាបឆេះរោងចក្រផលិតស្នោ នៅច្រកចូលវត្តពោធិញាណ ក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ បណ្ដាលឲ្យ រងការខូចខាតសម្ភារៈក្នុងរោងចក្រយ៉ាងដំណំ នារសៀលថ្ងៃទី៣០ ​ខែតុលា ឆ្នាំ២០១៨ ។

តាមប្រភពព័ត៌មានពីកម្មកររោងចក្រផលិតក្រដាសស្នោខាងលើ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ មានជាងផ្សារដែកបានមកផ្សារដែកក្នុងរោងម៉ាសុីនផលិតក្រដាស ដោយរោងម៉ាសុីននោះមានសុទ្ធតែប្រេងផងដែរ ហើយខណះពេលនោះក៏មានផ្សែងហុយចេញមកយ៉ាងខ្មួលខ្មាញ់ចេញពីទីនោះ និងមានការឆាបឆេះជាអណ្ដាតភ្លើងយ៉ាងសន្ធោសន្ធៅតែម្ដង ធ្វើឲ្យជាងដែក ក៏ដូចជាកម្មករផលិតក្រដាសស្នោរខាងលើ នាំគ្នារត់ចេញពីក្នុងរោងចក្រ និងរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឲ្យចុះមកជួយអន្តរាគមន៍ ដោយមានរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកធ្វើការបាញ់ពន្លត់ផងដែរ ។

ក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ គេសង្កេតឃើញមានវត្តមានលោក តេង សុីណូ អធិការនគរបាលខណ្ឌមានជ័យចុះទៅបញ្ចារដោយផ្ទាល់ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋានជាច្រើនរូបមកធ្វើការអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យខាងលើយ៉ាងញ៉ាប់ដៃ ញ៉ាប់ជើង និងប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ជាង១០គ្រឿង ក្នុងរយះពេល១ម៉ោងទើបរលត់ទៅវិញជាស្ថាពរ ។ ហើយក្នុងករណីអគ្គិភ័យនេះ សមត្ថកិច្ចក៏បានសន្និដ្ឋានថា បណ្ដាលមកពីផ្សារដែកមិនប្រយ័ត្នបណ្ដាលឲ្យឆេះផងដែរ និងមិនបង្កឲ្យមនុស្សណាម្នាក់រងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារៈក្នុងរោងចក្រមួយចំនួនធំក្នុងរោងចក្រខាងលើតែប៉ុណ្ណោះ ៕

ដោយៈ ភារ៉ា