ក្មេងខ្លាំងណាស់ ! ឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ..
Panha
-

(បន្ទាយមានជ័យ) : ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង ១៧ និង ០០នាទី នៅចំណុចដីឡូត៍ផ្សារបូរីជ័យ ស្ថិតនៅភូមិចំការតាដោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី ដឹកនាំដោយលោកវរសេវីយ៍ត្រី ងួន ភិរម្យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានចុះប្រតិបត្តិការបង្រ្កាបករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ បន្ទាប់ពីធ្វើការសាកសួរ លោកបានកសាងសំណុំរឿងបញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារបទល្មើសគ្រឿងញៀន បានអោយដឹងថា ៖ ក្រោយទទួលបានព័ត៌មានពីម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ស្តីពីករណី ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចកើតហេតុខាងលើ លោកបានស្នើសុំគោលការណ៍ពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ដើម្បីចុះបង្រ្កាប និងដោយមានការសម្របសម្រួលពីលោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលដំបូងខេត្ត លោកបានដាក់បទបញ្ជាដល់កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុក ចុះប្រតិបត្តិការបង្រ្កាបភ្លាមៗដល់ទីតាំងតែម្តង រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ រួមមាន ៖ ១-ឈ្មោះ ប៉ិល ណាលីន ហៅ វ៉ាន់ ភេទ ប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស បច្ចុប្បន្នរស់នៅភូមិប្រឡាយហ្លួង ឃុំឬស្សីក្រោក ស្រុកមង្គលបូរី ២-ឈ្មោះ ស៊ុង ប៊ុនលាភ ភេទ ប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស បច្ចុប្បន្នរស់នៅភូមិព្រះស្រែ ឃុំតាឡំ ស្រុកមង្គលបូរី ៣-ឈ្មោះ រស់ អ៊ូរ៉ាន់ ភេទ ប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស បច្ចុប្បន្នរស់នៅភូមិជំទាវ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី និងដកហូតវត្ថុតាងរួមមាន ៖ -គ្រឿងញៀនមេតំហ្វេតាមីនទឹកកក ចំនួន ០៥កូនថង់ ស្មើ ០,៩៥ក្រាម -ឧបករណ៍ជក់គ្រឿងញៀនមួយចំនួន -ម៉ូតូ ០១គ្រឿងម៉ាក SUZUKI VIVA ពណ៌ខ្មៅ ផលិតឆ្នាំ១៩៩៧ -ចឹញ្ចៀនលោហធាតុពណ៌លឿង ចំនួន ០២វង់ -ទូរស័ព្ទដៃ ចំនួន ០២គ្រឿង -Power Bank ពណ៌ក្រហម ចំនួន ០១ -នាឡិកាដៃចំនួន ០១ ។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង បានបន្ថែមថា ៖ ក្រោយធ្វើការសាកសួរ ជនសង្ស័យខាងលើបានសារភាពថាខ្លួនពិតជាបានប្រើប្រាស់សារធាតុញៀនពិតប្រាកដ ដោយមានបុរសម្នាក់ឈ្មោះ ពេក មកសំឡុតគម្រាមកំហែងឲ្យជក់ បើមិនជក់គេនឹងវាយធ្វើបាប ។ យោងលើការធ្វើតេស្តរកសារធាតុញៀន ជនសង្ស័យខាងលើ អាចត្រូវចោទពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន បច្ចុប្បន្នកម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ។

ប្រភព : បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ