នគរបាលស្ទឹងមានជ័យ៣ចុះបង្ក្រាបករណីគ្រឿងញៀន ២ករណីផ្សេងគ្នាឃាត់ខ្លួនជនសង្ស័យ៣នាក់
-

ភ្នំពេញ៖ កម្លាំងនគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ បានធ្វើការបង្ក្រាបមុខសញ្ញាជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ចំនួន២ករណីផ្សេងគ្នា ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ រួមទាំងដកហូតគ្រឿងញៀនចំនួន៧កញ្ចប់តូចធំ ។ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នៅក្នុងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោកនាយប៉ុស្ដិ៍ស្ទឹងមានជ័យ៣បានប្រាប់ឲ្យដឹងថា ជនសង្ស័យទី១ឈ្មោះ ហ៊ុន ម៉ានិត ភេទប្រុសអាយុ៣៤ ឆ្នាំមុខរបរ មិនពិតប្រាកដ និងទី២ឈ្មោះ ព្រុំ ផល្លាហៅ ឡា ភេទប្រុសអាយុ៣៤ ឆ្នាំមុខរបរមិនពិតប្រាកដ និងទី៣ឈ្មោះ ភន សៀកឡេង ហៅវែង ភេទប្រុសអាយុ១៩ ឆ្នាំមុខរបរ មិនពិតប្រាកដ អ្នកទាំង៣ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
លោកបានបន្ដទៀតថា ជារៀងរាល់ថ្ងៃលោកតែងតែបញ្ជាកម្លាំងនគរបាលប៉ុស្ដិ៍ឲ្យចុះល្បាតក្នុងមូលដ្ឋាន ដើម្បីទបើស្កាត់បទល្មើសក្នុងមូលដ្ឋាន ស្រាប់តែដល់វេលាម៉ោង៥ និង ៣០នាទីទៀបភ្លឺ កម្លាំងប៉ុស្ដិ៍បានចុះទៅដល់ផ្លូវលំក៏ឃើញជនសង្ស័យទី១ឈ្មោះ ហ៊ុន ម៉ានិត ភេទប្រុសអាយុ៣៤ ឆ្នាំមុខរបរ មិនពិតប្រាកដ កំពុងឈរក៏មានការសង្ស័យកម្លាំងប៉ុស្ដិ៍ក៏បានធ្វើការត្រួតពិនិត្យក្នុងខ្លួនជនសង្ស័យរកឃើញថ្នាំញៀនចំនួន៤កញ្ចប់តូច កម្លាំងប៉ុស្ដិ៍បានឃាត់ខ្លួនជនសង្ស័តែម្ដង ហើយក៏សួរនាំរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទី២ឈ្មោះ ព្រុំ ផល្លាហៅ ឡា ភេទប្រុសអាយុ៣៤ ឆ្នាំ នៅក្នុងបន្ទប់ផ្ទះជួលដែលជនសង្ស័យបានលក់ថ្នាំញៀនចំនួន៤ កញ្ចប់តូចទៅឲ្យជនសង្ស័យឈ្មោះ ហ៊ុន ម៉ានិត យកចែកចាយបន្ដ ។
លុះដល់វេលាម៉ោង១៤ និង៣០នាទីកម្លាំងប៉ុស្ដិ៍បានចុះល្បាតក្នុងមូលដ្ឋានភូមិទ្រា៤ បន្ដទៀតក៏ឃើញជនសង្ស័យម្នាក់ឈ្មោះ ភន សៀកឡេង ហៅវែង កំពុងឈរនៅចិញ្ចើមផ្លូវ កម្លាំងសមត្ថកិច្ចឃើញក៏សង្ស័យបានសុំធ្វើការឆែកឆេរលើខ្លួនជនសង្ស័យរកឃើញថ្នាំញៀនចំនួន៣កញ្ចប់តូចធំ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យតែម្ដង ។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់សមត្ថកិច្ចប៉ុស្ដិ៍នគរបាលស្ទឹងមានជ័យទី៣ កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីបន្ដតាមនីតិវិធីបន្ដទៀត ៕ ដោយ៖ ភារ៉ា