ចាប់បានរាល់ថ្ងៃ តែចាប់យ៉ាងណាក៏មិនចេះអស់សោះ...សមត្ថកិច្ចចាប់បាន ជនសង្ស័យចំនួន៣ទៀតហើយ ពាក់ព័ន្ធនឹងសារធាតុញៀន
-

ខេត្តបាត់ដំបង ៖ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨នេះ សមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹក បានបញ្ជូនជនសង្ស័យបីនាក់និងថ្នាំញៀនប្រភេទយ៉ាម៉ា(WY) ជិត១០០គ្រាប់ ទៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីចាត់ការតាមនីតិវិធីច្បាប់។


សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ជនសង្ស័យបានម្នាក់ ឈ្មោះអន ឆានី ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិគគីរ ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ព្រមទាំងដកហូតបានថ្នាំញៀនប្រភេទយ៉ាម៉ា(WY)ពណ៌ផ្កាឈូកចំនួន៣៦គ្រាប់ និងម៉ូតូម៉ាកវ៉េវ១គ្រឿង ពណ៌ឈាមជ្រូកលាយខ្មៅ ស៊េរី២០១៨ គ្មានស្លាកលេខ។


ក្រោយពីធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើហើយ ក៏បានយកទៅសួរនាំ ទើបជនសង្ស័យឈ្មោះអន ឆានី បានឆ្លើយសារភាពរួមដោយមានការអនុញ្ញាតពីលោក​ នួន សាន ព្រះរាជអាជ្ញាសាលាដំបូងខេត្ត សមត្ថកិច្ចចម្រុះបានបន្តចុះបឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបានពីរនាក់ទៀត គឺឈ្មោះឃឿម ឃឹមភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរមិនពិតប្រាកដ ត្រូវជាប្តី និងស្រ្តីជាប្រពន្ធឈ្មោះរឹម រ័ត្ន អាយុ៤១ឆ្នាំ មុខរបរនៅផ្ទះ។


ជនសង្ស័យរួមនឹងវត្ថុតាងថ្នាំញៀន យ៉ាម៉ាចំនូន៩៦គ្រាប់និងម៉ូតូ១គ្រឿង ត្រូវកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕


ដោយៈ ភារ៉ា